ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានធ្វើការណែនាំដល់កម្លាំងសមត្ថកិច្ចរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។
យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញានេះថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ហើយពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដើម្បីបើកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញបុណ្យកុសលតាមសទ្ធាជ្រះថ្លា ជូនបុត្រធីតា បងប្អូន សិស្ស និស្សិត មន្ត្រីរាជការ និងប្រជារាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេស មានលទ្ធភាពធ្វើបដិការគុណ គោរពតបស្នងសងគុណមាតាបិតា ជីដូនជីតា អាណាព្យាបាល គ្រូឧបជ្ឈាយាចារ្យ តាមជំនឿ និងបានរួម ចំណែកថែរក្សា នូវប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លា របស់ជាតិឱ្យបានគង់វង្ស រដ្ឋបាលខេត្ត សូមធ្វើការណែនាំស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងសៀមរាប ត្រូវសហការការពារ រក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងចរាចរណ៍ បង្កលក្ខណៈល្អប្រសើរប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ បំពេញបុណ្យកុសលឱ្យបានជ្រះថ្លា និង ធានាបាននូវសុវត្ថិភាពក្នុងពិធីបុណ្យទាំងពីរ។
ចំណែកយុវជន យុវនារី កុមារា កុមារី ដែលចូលរួមដង្ហែអង្គកឋិនទាន ត្រូវទទួលបានការអ់បរំឱ្យបាន យល់ពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយចេះធ្វើខ្លួនឱ្យស័ក្តិសមជាពុទ្ធសាសនិកជន ដ៏ល្អបរិសុទ្ធពិតប្រាកដ ដោយមិនត្រូវបង្កសកម្មភាពនានានាំឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធ សាសនា ដូចជាការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យ ខូចរបៀបរៀបរយ បាត់នូវសណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕
ចែករំលែកព័តមាននេះ