បាងកក ៖ តាមមើលទៅ គណបក្សភឿថៃ ប្រហែលជាវិលទៅធ្វើជាគណបក្សប្រឆាំងឆាប់ៗនេះហើយ បន្ទាប់ពីលេចឮដំណឹងថា សំណើដែលនាយករដ្ឋមន្ត្រីចាំផ្ទះលោកភូមិថាម វិឆាយ៉ាឆៃ បញ្ជូនទៅព្រះបរមរាជវាំង ដើម្បីស្នើព្រះមហាក្សត្ររំលាយសភានោះ ត្រូវក្រុមប្រឹក្សាព្រះរាជបល្ល័ងបដិសេធ។ នៅពេលអ្នកសារព័ត៌មានសួរបញ្ជាក់អំពីបញ្ហានេះ លោកភូមិថាម គ្រាន់តែធ្វើមុខញឹមៗ មិនធ្វើអត្ថាធិប្បាយអ្វីទេ។ លោកនិយាយដោយខ្លីថា «សូមមិនធ្វើបទសម្ភាសទេ -No Interview» នេះបើយោងតាមប្រភព The Nation, Khaosod និងប្រភពដទៃទៀតចេញផ្សាយនៅល្ងាចថ្ងៃទី០៣ កញ្ញា ២០២៥នេះ ។
តាមពិត ករណីនេះ អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ លោកប្រាកន នីលប្រាផាន (Prakorn Nilpraphan) ធ្លាប់និយាយរួចហើយថា នាយករដ្ឋមន្ត្រីចាំផ្ទះ គ្មានសិទ្ធិធ្វើរឿងនេះទេ។ ប៉ុន្តែភឿថៃ មិនព្រមស្ដាប់ ឬក៏ចង់សាកល្បងសិន។ ឥឡូវនេះ លោកអនុទីន ប្រធានគណបក្សភូមិចៃថៃ កំពុងតែសម្រួចមាត់ ឡើងធ្វើជានាយករដ្ឋមន្ត្រីហើយ អស់ប៉ុន្មានអស់ទៅ ធ្វើម៉េចឡើងកាន់អំណាចសិន រួចហើយចាំគិតគ្នាទៀត ។
ដូច្នេះ បញ្ហាច្បាស់ដូចថ្ងៃ អីចឹង គឺថា មិនអាចស្នើសុំរំលាយសភាបានទេ។ ថ្នាក់ដឹកនាំភឿថៃ ប្រហែលជាដឹងរឿងនេះ តាំងពីដំបូងដៃម្ល៉េះ។ ប៉ុន្តែពួកគេ សាកល្បងឱ្យអស់ចិត្ត និងកុំឱ្យអ្នកគាំទ្រខកចិត្តតែប៉ុណ្ណោះ។ សម្រាប់ដំណាក់កាលបន្ទាប់ គេកំពុងរង់ចាំមើលប្រធានរដ្ឋសភា លោកវ៉ាន់ មហាម៉ាត់ រកពេលវេលាល្អ ដើម្បីកោះប្រជុំសភា។ បើសិនរៀបចំនីតិវិធីរួចរាល់ ត្រឹមពាក់កណ្ដាលអធ្រាត្រថ្ងៃនេះ ការបោះឆ្នោតអាចធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ដែលត្រូវនឹងថ្ងៃសុក្រ ។
យោងតាមព័ត៌មានបច្ចុប្បន្នភាពចុងក្រោយនេះ ដំណឹងដែលថា ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ ច្រានចោលសំណើសុំរំលាយសភា គឺជាការពិតមែន។ គណបក្សភឿថៃ ទទួលយកសេចក្ដីសម្រេចនេះហើយ ហើយត្រៀមខ្លួនធ្វើជាគណបក្សប្រឆាំង និងរង់ចាំសភាបោះឆ្នោតអនុម័តបេក្ខភាពលោកអនុទីន ជានាយករដ្ឋមន្ត្រីថ្មី ទី៣២ របស់ថៃ ៕


ចែករំលែកព័តមាននេះ