ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ម៉ូតូ​ចោទ​នគរបាល​ថា ដោះ​លែង​ជន​សង្ស័យ នគរបាល​ថា​ម្ចាស់​ម៉ូតូ​ដក​ពាក្យបណ្ដឹង

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​មួយ​ដោយ​ចោទប្រកាន់​ទៅ​លើ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ថា ខ្លួន​ត្រូវ​ចោរលួច​ម៉ូតូ​១​គ្រឿង​ទៅ​បាត់ ហើយ​១៩​ថ្ងៃក្រោយ​ទើប​រក​ឃើញ ខណៈ​មាន​បុរស​២​នាក់​កំពុង​យក​ម៉ូតូ​របស់​ខ្លួន​ឲ្យ​ជាង​ដោះ​គ្រឿង ។ បន្ទាប់​មក ខ្លួន​បាន​ហៅ​នគរបាល​ប៉ុស្តិ៍​ខាងលើ​ទៅ​ឃាត់ខ្លួន​បុរស​២​នាក់​នោះ ព្រោះ​សង្ស័យ​ថា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​មួយ​ដោយ​ចោទប្រកាន់​ទៅ​លើ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ថា ខ្លួន​ត្រូវ​ចោរលួច​ម៉ូតូ​១​គ្រឿង​ទៅ​បាត់ ហើយ​១៩​ថ្ងៃក្រោយ​ទើប​រក​ឃើញ ខណៈ​មាន​បុរស​២​នាក់​កំពុង​យក​ម៉ូតូ​របស់​ខ្លួន​ឲ្យ​ជាង​ដោះ​គ្រឿង ។ បន្ទាប់​មក ខ្លួន​បាន​ហៅ​នគរបាល​ប៉ុស្តិ៍​ខាងលើ​ទៅ​ឃាត់ខ្លួន​បុរស​២​នាក់​នោះ ព្រោះ​សង្ស័យ​ថា ជា​ចោរលួច​ម៉ូតូ​របស់​ខ្លួន ឬ​អាច​ជា​អ្នក​ទទួលផល​ចោរកម្ម ប៉ុន្តែ​ពេល​នាំ​ទៅ​ដល់​ប៉ុស្តិ៍ បែរជា​នគរបាល​ដោះ​លែង​បុរស​២​នាក់​នោះ​ទៅ​វិញ​បាត់ ។

ក្រោយ​ពី​មានការ​ចោទប្រកាន់​នេះ នគរបាល​បាន​អះអាង​ថា យុវជន​នោះ​ក្រឡិចក្រឡុច ដោយសារ​ពេល​បាត់​ម៉ូតូ​បាន​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​ជួយ​អន្តរាគមន៍ លុះ​ពេល​រក​ឃើញ​ម៉ូតូ​ភ្លាម បាន​និយាយ​សម្រួល​លើកដៃ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​បុរស​២​នាក់​នោះ ។ មិនតែប៉ុណ្ណោះ ទាំង​ប្រាប់​បុរស​២​នាក់​នោះ​ថា «​ខ្ញុំ​អត់​ប្ដឹង​ទេ សុំ​ត្រឹមតែ​យក​ម៉ូតូ​របស់ខ្ញុំ​វិញ​ប៉ុណ្ណោះ​» រួច​ក៏​ដក​ពាក្យបណ្ដឹង​វិញ ។ ដោយសារ​តែ​គ្មាន​ពាក្យបណ្ដឹង ទើប​នគរបាល​ធ្វើ​សាវតារ​ជាតិ​បុរស​២​នាក់​នោះ​ទុក រួច​ក៏​ឲ្យ​ត្រឡប់​ទៅ​វិញ ។ យុវជន​ជា​ម្ចាស់​ម៉ូតូ​រូប​នេះ​ឈ្មោះ សុខ ដេ​វីត អាយុ​២២​ឆ្នាំ បម្រើ​ការ​នៅ​ហាង​មួយ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ឯ​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ​ម៉ាក​យ៉ា​ម៉ា​ហា ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១IQ-៦៦៧៨ ។

ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ឃី​ម ថាវ អាយុ​២៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុន ទី អាយុ​២៥​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា កាលពី​ជិត​២០​ថ្ងៃមុន យុវជន​ឈ្មោះ សុខ ដេ​វីត បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​ជួយ​អន្តរាគមន៍​ក្រោយ​ពី​ចោរលួច​ម៉ូតូ​បាត់ ហើយ​នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​មក​ដែរ ប៉ុន្តែ​មិន​បានឃើញ​ឡើយ ។

លុះ​មក​ដល់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ យុវជន​នោះ​ទៅ​ប្រាប់​ថា រក​ម៉ូតូ​ឃើញ​ហើយ និង​បាន​ហៅ​ឲ្យ​ទៅ​ជួយ​ឃាត់ខ្លួន​បុរស​២​នាក់​ដែល​កំពុង​ឲ្យ​ជាង​ជួសជុល​ម៉ូតូ ។ ពេល​នោះ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ទៅ​ឃាត់ខ្លួន​ហើយ​នាំ​យក​ទាំង​មនុស្ស​និង​ម៉ូតូ​ទៅ​កាន់​ប៉ុស្តិ៍ ។ នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍ យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​នោះ មិន​បាន​សួរ​ដេញដោល​រក​ឫសគល់​ម៉ូតូ​របស់​ខ្លួន​ទៅ​កាន់​បុរស​២​នាក់​នោះ​អ្វី​ទាំងអស់ ប៉ុន្តែ​បាន​និយាយ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ទៅ​វិញ ។ ភាគី​ទាំង​២​បាន​លើកដៃ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក រួច​យុវជន​នោះ​បាន​និយាយ​ទៅ​កាន់​ឈ្មោះ ឃី​ម​ថាវ និង​ឈ្មោះ ស៊ុន ទី ដែល​ជា​ជនសង្ស័យ​ថា «​ខ្ញុំ​អត់​ប្ដឹង​ទេ សុំ​ត្រឹមតែ​យក​ម៉ូតូ​របស់ខ្ញុំ​វិញ​ប៉ុណ្ណោះ » រួច​ក៏​បាន​ដក​ពាក្យបណ្ដឹង​វិញ​មែន ។

នគរបាល​និយាយ​ទៀត​ថា ដោយសារ​តែ​បុរស​២​នាក់​នោះ​ប្រាប់​ថា ពួក​ខ្លួន​ទិញ​ម៉ូតូ​ខាងលើ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ យក​ទៅ​ឲ្យ​ជាង​ជួសជុល​ដើម្បី​ទុក​ជិះ​ធ្វើការ ហើយ​ម្ចាស់​ម៉ូតូ​ក៏​បាន​ដក​ពាក្យបណ្ដឹង​វិញ និង​សុំ​បញ្ចប់រឿង ដើម្បី​ឆាប់​បាន​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​នោះ ទើប​នគរបាល​ឲ្យ​បុរស​២​នាក់​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​មុន​នឹង​ឲ្យ​ទៅ​វិញ នគរបាល​ក៏​បាន​ធ្វើ​សាវតារ​ជាតិ​បុរស​២​នាក់​នោះ​តម្កល់​ទុក​នៅ​ប៉ុស្តិ៍​រួចរាល់​ហើយ មិន​បាន​ឲ្យ​ទៅ​ដោយ​មិន​បាន​ធ្វើ​អ្វី​សោះ​នោះ​ឡើយ ។

បន្ទាប់​មក ក៏​បាន​ធ្វើ​កំណត់ហេតុ​បដិសេធ​បណ្ដឹង​របស់​ម្ចាស់​ម៉ូតូ ព្រមទាំង​ធ្វើ​កំណត់ហេតុ​ប្រគល់​ម៉ូតូ​នោះ​ទៅ​ឲ្យ​ម្ចាស់​វិញ​ហើយ​ដែរ ។ ដោយឡែក យុវជន​ជា​ម្ចាស់​ម៉ូតូ​រូប​នោះ​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​មួយ​ថា ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​យក​ចេញពីផ្ទះ​ជួល នៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ ។ បន្ទាប់​មក ខ្លួន​បាន​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១ ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ ។

លុះ​រំលង​បាន​១៩​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ ខ្លួន​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ខាងលើ​នោះ កំពុង​យក​ម៉ូតូ​របស់​ខ្លួន​ឲ្យ​ជាង​ដោះ​គ្រឿង​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ហួស​ពី​ផ្សា​រកា​ណា​ឌី​យ៉ា​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១​នោះ​ដែរ ។​ម្ចាស់​ម៉ូតូ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​ទៀត​ថា ពេល​នោះ​ខ្លួន​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​មើល​ជិត ដោយ​ធ្វើ​ជា​ចូល​ទៅ​សប់​កង់​ម៉ូតូ ដើម្បី​កុំ​ឲ្យ​ជនសង្ស័យ​ដឹងខ្លួន ។

នៅ​ពេល​មើលឃើញ​ច្បាស់​ថា ជា​ម៉ូតូ​របស់​ខ្លួន​ហើយ ក៏​ត្រឡប់​ទៅ​ផ្ទះ​រួច​យក​ឯកសារ កាត​គ្រី​ម៉ូតូ ធ្វើ​ដំណើរ​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១ ឲ្យ​នគរបាល​ទៅ​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​សួរនាំ​និង​យក​ម៉ូតូ​ទៅ​ប៉ុស្តិ៍ ។ ពេល​នោះ នគរបាល​បាន​សួរនាំ​ច្រើន​ដែរ ហើយ​បាន​ប្រាប់​ខ្លួន​ថា ចាំ​ថ្ងៃស្អែក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ចាំ​មក​ដោះស្រាយ​គ្នា​ទទួលយក​ម៉ូតូ​ទៅ​វិញ ។ លុះ​បាន​ប្រហែល​ជិត​១​ម៉ោង​ក្រោយមក ស្រាប់តែ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ដោះ​លែង​ជនសង្ស័យ​ទាំង​២​នាក់​ឲ្យ​មាន​សេរីភាព​វិញ ដោយ​មិន​បាន​ឃាត់ខ្លួនឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ