រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញមួយគ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍តាមឃាត់ ដោយចោទប្រកាន់ថា បានបើកបុកកម្លាំងនគរបាលចរាចរណ៍នៅគោលដៅ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ហើយបានព្យាយាមបើកគេច ។

ទោះបីជាយ៉ាងណា ខាងម្ចាស់រថយន្តបានចោទប្រកាន់ថា គាត់អត់បានខុសអ្វីនោះទេ ត្រូវបានសមត្ថកិច្ចមកឃាត់ ហើយវាយបំបែកកញ្ចក់រថយន្តរបស់គាត់ថែមទៀត ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដោយវិថីភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រថយន្តដែលរងការខូចខាតបែកកញ្ចក់ម៉ាកKIA ពាក់ផ្លាកលេខ ភ្នំពេញ ២R ២៦១៤ បើកបរដោយបុរសម្នាក់ពុំស្គាល់អត្ត សញ្ញាណ ។
តាមនគរបាលចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកទំនិញមួយគ្រឿងខាងលើ បានធ្វើដំណើរតាមបណ្ដោយវិថីភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ។ នៅពេលធ្វើដំណើរមកដល់គោលដៅសមត្ថកិច្ចចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យពង្រឹងច្បាប់ចរា ចរណ៍ ក៏ឃាត់ឱ្យឈប់ ដោយរថយន្តនោះកែច្នៃខុសលក្ខណៈបច្ចេកទេស ។
តាមព័ត៌មានឱ្យដឹងទៀតថា ខណៈនោះ អ្នកបើកបររថយន្តពុំបានឈប់ឡើយ គឺបានបើកមកបុកសមត្ថកិច្ច ហើយមន្ត្រីនគរបាលជាប់កិច្ចសន្យាម្នាក់ ក៏បានតោងរថយន្តតាមឃាត់រហូតទៅដល់ដេប៉ូលក់ម៉ាបមួយកន្លែង ក៏ឃាត់បាន ហើយនាំមកកាន់គោលដៅវិញ ដើម្បីសាកសួរ ។
ចំណែកខាងម្ចាស់រថយន្តបានឱ្យដឹងថា រថយន្តរបស់គាត់ពុំបានខុសអ្វីឡើយ ។ នៅពេលដែលធ្វើដំណើរមកដល់គោលដៅនគរបាលចរាចរណ៍ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នគរបាលបានហៅឃាត់ ខណៈនោះគាត់ពុំឈប់ក៏បានបើករថយន្តទៅមុខ ហើយមន្ត្រីនគរបាលជាប់កិច្ចសន្យាម្នាក់បានយកអាយកូមវ៉ៃកញ្ចក់រថយន្តបណ្ដាលឲ្យបែក និងតោងរថយន្តរហូត ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅព្រឹកនោះ ក៏មានការចោទប្រកាន់គ្នាទៅវិញទៅមក ដោយនគរ បាលបានចោទទៅលើម្ចាស់រថយន្តថា បើកបុកសមត្ថកិច្ច ។ ចំណែកខាងម្ចាស់រថយន្ត ក៏បានចោទប្រកាន់ថា ខ្លួនពុំបានខុសអ្វីឡើយ ត្រូវបានមន្ត្រីជាប់កិច្ចសន្យាវាយកញ្ចក់រថយន្តរបស់គាត់ឱ្យបែក ហើយតាមឃាត់រថយន្តទៀត ។ នៅព្រឹកនោះ មានការឈ្លោះប្រកែកគ្នាជាខ្លាំងផងដែរ ។
រថយន្ត និងអ្នកបើកបរ ត្រូវបាននគរបាលចរាចរណ៍ឃាត់បញ្ជូនមកកាន់គោលដៅ រួចក៏បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅវេលាម៉ោង៤រសៀលទៅហើយ អ្នកបើកបរត្រូវបានឃាត់សាកសួរនៅការិយាល័យនៅឡើយ ។
តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីកើតហេតុ ការផ្សព្វផ្សាយក្នុងបណ្តាញសង្គម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទី ជុំវិញបុរសម្នាក់បានចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ចរារចណ៍ផ្លូវគោក នៅគោលដៅផ្លូវហាណូយ ស្តុបឱកាសខ្ញុំ ខណ្ឌសែនសុខ ថា បានវាយកញ្ចក់រថយន្តខ្លួនបណ្តាលឱ្យបែក ។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃដដែល បានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាចំនួន៧រូបនៅគោលដៅខាងលើ និងយករថយន្តម៉ាក Kia Frontier ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២R-២៦១៤ និងអ្នកបើកបររថយន្ត មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសួរនាំអំពីហេតុការណ៍កើតឡើងឱ្យបានច្បាស់លាស់ និងធ្វើរបាយការណ៍រាយការណ៍ជូនស្នងការ ដើម្បីពិនិត្យសម្រេច ។
សូមបញ្ជាក់ថា កន្លងមក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ ឱ្យសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត កុំឱ្យខូចឈ្មោះ ។
ដោយឡែក ចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈជានគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិជាដាច់ខាត ដោយមិនលើកលែងនោះទេ ។ ដោយឡែកចំពោះអ្នកបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងករណីដែលសមត្ថ កិច្ចរកឃើញល្មើសច្បាប់ចរាចរណ៍ ក៏ត្រូវអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ផងដែរ ៕
ចែករំលែកព័តមាននេះ