កូរ៉េខាងជើង-រុស្ស៊ី ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA រាយការណ៍នាថ្ងៃទី៥ មិថុនា ថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានសន្យាជួយទ្រទ្រង់ ដោយគ្មានលក្ខខណ្ឌចំពោះរុស្សុី ក្នុងជម្លោះជាមួយអ៊ុយក្រែនហើយព្យាករណ៍ពីជ័យជម្នះនៃការវាយលុករបស់រុស្សុីចាប់តាំងពីជាង៣ឆ្នាំមកហើយ។
លោកគីមកាលពីថ្ងៃទី៤មិថុនាបានទទួលលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្សុីលោកស័រហ្គេយឆយហ្គូ ដែលមកបំពេញទស្សនកិច្ចជាលើកទី២នៅក្រុងព្យុងយ៉ាង អំឡុងពេលមិនដល់៣ខែផង។ លោកអះអាងថារដ្ឋាភិបាលលោកនឹងផ្ដល់ការជួយទ្រទ្រង់ដោយគ្មានលក្ខខណ្ឌជំហររបស់រុស្សុីនិងនយោបាយការបរទេសរបស់ខ្លួន លើគ្រប់បញ្ហាអន្តរជាតិសំខាន់ៗ ក្នុងនោះរួមមានសំណុំរឿងអ៊ុយក្រែនផង។
លោកគីមជុងអ៊ុនសម្ដែងជំនឿជាក់ថា រុស្សុីបោះជំហានទៅមុខជានិច្ចនិងដណ្ដើមបានជ័យជម្នះក្នុងបុព្វហេតុដ៏ពិសិដ្ឋស្វែងរកយុត្តិធម៌។ ទស្សនកិច្ចនៅកូរ៉េខាងជើងរបស់លោកឆយហ្គូអតីតរដ្ឋមន្ត្រីការពារប្រទេសរុស្សុី បង្ហាញពីការខិតចូលជិតគ្នាកាន់តែខ្លាំង រវាងក្រុងមូស្គូនិងក្រុងព្យុងយ៉ាង។
រុស្សុីនិងកូរ៉េខាងជើងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដោយក្រុងព្យុងយ៉ាងបានផ្ដល់អាវុធនិងកងទ័ព សម្រាប់ជួយទ្រទ្រង់សង្គ្រាមរបស់រុស្សុីប្រឆាំងអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ