ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

យើង​ទទួលទាន​អ្វី យើង​នឹង​បាន​ផល​នោះ ។ មាន​ន័យ​ថា បើ​យើង​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​គីមី​ប៉ះពាល់​ដល់​សុខភាព​នោះ សុខភាព​របស់​យើង​នឹង​មាន​បញ្ហា​ជា​មិន​ខាន ។ នេះ​ជា​ក្តី​កង្វល់​អំពី​ផល​ប៉ះពាល់​មក​លើ​សុខភាព​ពាក់ព័ន្ធ​ការ​នាំ​ចូល​ផលិតផល​ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី ។ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់…

យើង​ទទួលទាន​អ្វី យើង​នឹង​បាន​ផល​នោះ ។ មាន​ន័យ​ថា បើ​យើង​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​គីមី​ប៉ះពាល់​ដល់​សុខភាព​នោះ សុខភាព​របស់​យើង​នឹង​មាន​បញ្ហា​ជា​មិន​ខាន ។ នេះ​ជា​ក្តី​កង្វល់​អំពី​ផល​ប៉ះពាល់​មក​លើ​សុខភាព​ពាក់ព័ន្ធ​ការ​នាំ​ចូល​ផលិតផល​ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី ។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង បន្លំ ដែល​ហៅ​កាត់​ថា ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥​ថា ឧបករណ៍​តេស្ត​រហ័ស​ដែល​ស្ថាប័ន​កំពុង​ប្រើប្រាស់​នោះ គឺ​មាន​សមត្ថភាព​មាន​កម្រិត​មិន​អាច​មានមុខ​ងារ​ស្វែងរក​សារធាតុ​គីមី ហាមឃាត់ ឬ​អាច​ប្រើប្រាស់​សម្រាប់​វិភាគ​ថ្នាំពុល​កសិកម្ម សារធាតុ​ពណ៌ ហាមឃាត់ និង​សារធាតុ​គីមី​ផ្សេង​ទៀត​បាន​នោះ​ទេ ។

ជាមួយ​គ្នា​នោះ ក​.​ប​.​ប​.​ក៏​បាន​បញ្ជាក់​ថា មុខងារ​នៃ​ឧបករណ៍​ស្ថាប័ន​កំពុង​តែ​មាន​ពោល គឺ​ឧបករណ៍​តេស្ត​រហ័ស​នេះ គឺ​ផ្តោត​ទៅ​លើ​ត្រឹមតែ​ការ​វាស់​បរិមាណ​សារធាតុ​គីមី «​នីត្រាត​» នៅ​ក្នុង​បន្លែ ផ្លែ​ឈើ ត្រី និង​សាច់​ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ ក​.​ប​.​ប​. ក៏​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​តាម​និ​តិ​វិធី​ច្បាប់​ជា​ធរមាន​ថែម​ទៀត​ចំពោះ​ការ​ផ្សាយពាណិជ្ជកម្ម​គ្រប់​ប្រភេទ ទោះជា​តាម​ទម្រង់​ណា​ក៏​ដោយ ដែល​មាន​លក្ខណៈ ភូត​កុហក ពង្វាង​ការ​ពិត ក្លែងបន្លំ ឬ​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ដល់​សាធារណជន ។

នៅ​លើ​បណ្តាញ​សង្គម​ថ្មី​ៗ​នេះ មានការ​ផ្សព្វផ្សាយ​ថា មាន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​មួយ​ប្រភេទ ដែល​មាន​សមត្ថភាព​អាច​វាស់​រក​សាររ​ធាតុគីមី​ហាមឃាត់ នៅ​ក្នុង​បន្លែ ផ្លែ​ឈើ ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ព្រមទាំង​បញ្ជាក់​អំពី​កម្រិត​សុវត្ថិភាព​សម្រាប់​បរិភោគ ។ ស្ថាប័ន​ជំនាញ​បាន​បញ្ជាក់​ហើយ ។ ដូច្នេះ កុំ​ចាញ់បោក​គេ​ជឿ​លើ​ឧបករណ៍​នោះ​ព្រោះ​វា​អាច​អស់ទាំង​លុយ និង​ខូចសុខភាព ។

ចំណែក​ស្ថាប័ន​ជំនាញ​ដែល​មាន​ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​ដល់​ពេល​រួម​គ្នា​រិះរក​មធ្យោបាយ បង្កើន​សុវត្ថិភាព​លើ​ម្ហូបអាហារ​នេះ​ហើយ ។

សូម​យកចិត្តទុកដាក់​លើ​រឿង​សុវត្ថិភាព​អាហារ​នេះ ពីព្រោះ​រឿង​ការ​ហូប​ចុក​នេះ​សំខាន់​ណាស់ ខណៈ​ដែល​កំណើន​នៃ​ការ​រក​ឃើញ​ជំងឺ​កាច​សាហា​.​វ គឺ​មហារីក​ក៏​មានការ​កើនឡើង​ច្រើន​ដែល​មូលហេតុ​មួយ​ភាគ​ណា​នោះ​ត្រូវ​បាន​គេ​អះអាង​ថា គឺ​កើតឡើង​ដោយសារ​តែ​កត្តា​ចំណីអាហារ​ដែល​មិន​មាន​សុវត្ថិភាព​នេះឯង ។

ថ្មី​ៗ​នេះ ក្រៅពី​ព្រួយបារម្ភ​លើ​បញ្ហា​បន្លែ និង​ផ្លែ​ឈើ ត្រី​សាច់ ដែល​មាន​ជា​យូរ​មក ហើយ​នោះ គឺ​ពលរដ្ឋ​កំពុង​តែ​ព្រួយបារម្ភ​លើ​ផ្លែ​ទុរេន ដែល​មាន​លក់​នៅ​លើ​ទីផ្សារ ដោយសារ​តែ​គេ​សង្ស័យ​ថា ជា​ទុរេន​ដែល​នាំ​ចូល​ពី​វៀតណាម និង​ពី​ថៃ ដែល​ត្រូវ​បាន​ចិន​ច្រានចោល ពីព្រោះ​តែ​ផ្ទុក​នូវ​សារធាតុ​គ្រោះថ្នាក់ ។ សារធាតុ​ទាំងនោះ គឺ​មា​នខា​ស៊ី​ណូ​ហ្សែ​ន (Carcinogen) , ខាត​មី​ម្យ៉ូ​ម (Cadmium) និង អ៊ូ​រ៉ា​មីន អូ (Auramine O) ឬ Basic Yellow 2​។ សមាសភាព​គីមី​ទាំងនេះ​អាច​បង្ក​ឲ្យ​អ្នក​ទទួលទាន​ទុរេន​អាច​ងាយ​រង​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក ។

ក្រៅពី​ពលរដ្ឋ​សាមញ លោក ម៉ុង ឫ​ទ្ធី ដែល​ជា​សេដ្ឋី​ផ្នែក​កសិកម្ម និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា បាន​សម្តែង​ការ​ព្រួយបារម្ភ​នៅ​ក្នុង​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ​២០២៥​ផង​ដែរ ។ លោក​បាន​លើក​ឡើង​ថា សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​លើ​ការ​នាំ​ចូល​ទំនិញ ជា​ពិសេស គឺ​អាហារ​ពីព្រោះ​ថា សូ​ម្បី​តែ​ជ្រូក​រស់​ក៏​អាច​ត្រូវ​គេ​ដាក់​គីមី​បាន​ដែរ ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា សាច់​ជ្រូក​ដែល​យក​ទៅ​ព្យួរ ដាក់​លក់​លើ​ទីផ្សារ​អត់​ឃើញ​រុយ​រោម ហើយ​សាច់​នៅ​ក្រហម​ចែស ហ្នឹងហើយ គឺ​គីមី ។ លោក​សុំ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​គុណភាព​លើ​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ ត្រី សាច់ ជាដើម​ឱ្យ​បាន​តឹងរ៉ឹង ។ នៅ​ក្នុង​សមាជ​នេះ ក៏​មាន​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​ទៀត​បាន​សម្តែង​ការ​ព្រួយបារម្ភ​ដែរ​លើ​សារធាតុ​គីមី​គ្រោះថ្នាក់ ដែល​មាននៅ​ក្នុង​ជី និង​នៅ​ក្នុង​ចំណីអាហារ​ជា សាច់ បន្លែ ផ្លែ​ឈើ​ដែល​នាំ​ចូល ។

សរុប​ទៅ ដើម្បី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​លើកកម្ពស់​ស្តង់ដា​ចំណីអាហារ សមត្ថភាព​មន្ទីរពិសោធន៍ និង​ជំនាញ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នាំ​ចូល គឺ​ចាំបាច់​គួរតែ​មានការ​លើកកម្ពស់ និង​បំពាក់​ឧបករណ៍​ទំនើប​បន្ថែម ។

នៅ​ពេល​ដែល​យើង​ឈឺ យើង​ខាត​គ្រប់យ៉ាង គឺ​ពលរដ្ឋ​យើង​នឹង អសមត្ថភាព ឬ​ថមថយ​សក្តានុពល ហើយ​ត្រូវ​រស់​ជាមួយនឹង​សំពាយ​នៃ​ការ​ចំណាយ​លើ​ឱសថ ព្រមទាំង​វេច​លុយ​ទៅ​រក​ការ​ព្យាបាល​នៅ​ស្រុក​គេ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ