ទីក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុបសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីលេចឮដំណឹងថាលោកត្រាំសម្រេចដំឡើងពន្ធដែក និងអាលុយមីញ៉ូមរហូតដល់៥០% មានន័យថាកើនឡើងទ្វេ១ជា២បន្ថែមពីលើពន្ធ២៥%ដែលបានដំឡើងមួយសាហើយ។ បេសកជនពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម លោកម៉ារ៉ូស ស៊ីហ្វកូវីក (Maros Sefcovic) ថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកបានជួបពិភាក្សាការងារគ្នារួចហើយជាមួយអ្នកតំណាងរបស់អាមេរិកពាក់ពន្ធនឹងបញ្ហានេះ។
លោកបានប្រាប់ភាគីអាមេរិកថាសហភាពអឺរ៉ុបសោកស្ដាយចំពោះវិធានការដំឡើងពន្ធនេះ។ មើលទៅ, ការចរចាគ្នាដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មទាំងវគ្គមុន និងវគ្គក្រោយនេះកាន់តែស្មុគស្មាញខ្លាំងឡើងៗជាមិនខានទេ។ លោកស៊ីហ្វកូវីកថ្លែងថាមិនមែនតែអាមេរិកទេដែលនាំចូលដែកច្រើនលើសពីតម្រូវការនោះ សូម្បីតែសហភាពអឺរ៉ុបក៏ជួបនឹងបញ្ហានេះដូចគ្នា។
ទោះបីដំឡើងពន្ធខ្ពស់ដល់ថ្នាក់នេះក៏ដោយ ក៏លោកនៅតែមានជំនឿថាអ្វីៗនៅអាចនិយាយគ្នាបានដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែលោកថាសហភាពអឺរ៉ុបក៏ត្រូវតែចាត់វិធានការការពារផលប្រយោជន៍របស់ខ្លួនផងដែរ។ ចង់មានន័យថាមិនអាចឱនលំទោន ឬចរចាឆិនឆៃឱ្យតែបានៗ រួចហើយចាញ់ប្រៀបគេនោះទេ។ សូមរំលឹកឡើងវិញថាកាលពីយប់មិញ លោកត្រាំបានចុះហត្ថលេខារួចហើយលើបទបញ្ជានីតិប្រតិបត្តិដើម្បីដំឡើងពន្ធដែក និងអាលុយមីញ៉ូម៥០%អនុវត្តចាប់ពីថ្ងៃនេះតទៅ។
អត្រាពន្ធនេះត្រូវអនុវត្តទៅលើគ្រប់ដៃគូពាណិជ្ជកម្មទាំងអស់ដែលនាំផលិតផលប្រភេទនេះចូលទឹកដីអាមេរិក លើកលែងតែអង់គ្លេសមួយគត់ដែលទទួលបានការអនុគ្រោះពន្ធ។ មូលហេតុដោយសារអង់គ្លេសប្រញាប់ចរចាគ្នារហូតដល់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មមុនគេនៅលើពិភពលោក។ ប្រទេសដទៃទៀតមិនអាចរួចខ្លួនបានទេ។ សេតវិមានទើបតែនិយាយថ្មីៗថាខ្លួនបានផ្ញើលិខិតរំលឹកទៅគ្រប់ប្រទេសទាំងអស់ដែលកំពុងព្យួរទុកពន្ធរយៈពេល៩០ថ្ងៃ។ បើដល់ថ្ងៃឱសានវាទនៅតែគ្មានកិច្ចព្រមព្រៀងទៀត ពេលនោះអាមេរិកនឹងចាប់ផ្ដើមអនុវត្តពន្ធមែនទែនហើយ។
ថ្វីដ្បិតអង់គ្លេសបានចុះកិច្ចព្រមព្រៀងជាមួយអាមេរិកហើយក្ដី ប៉ុន្តែអត្រាពន្ធដែក និងអាលុយមីញ៉ូមនៅរក្សាទុក២៥%ជាបណ្ដោះអាសន្នរហូតដល់ផុតរយៈពេលព្យួរទុក៩០ថ្ងៃ។ ពោលគឺរហូតដល់ថ្ងៃទី៩ ខែកក្កដា ទើបយកពន្ធដូចចែងនៅក្នុងកិច្ចព្រមព្រៀង។ លោកស៊ីហ្វកូវីកឆ្លៀតផ្ដល់បទសម្ភាសនៅពេលលោកចូលរួមកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍» ហៅកាត់ថាអូអ៊ីស៊ីឌី (OECD)៕
ចែករំលែកព័តមាននេះ