សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែមិថុនានេះ បានសម្រេចប្រគល់ដីតម្លៃជាង១០លានដុល្លារ ដើម្បីសាងសង់ផ្ទះស្នាក់នៅសម្រាប់និស្សិតស្ត្រីក្រីក្រមកពីខេត្ត ។

សម្តេចតេជោ បានសរសេរនៅលើហ្វេសប៊ុកផេករបស់សម្តេចថា ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ។ ក្រៅពីការផ្តល់ជាអនុសាសន៍ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ ។
សម្តេចបានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំសម្រេចយកដី២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅ ជ្រោយចង្វារ ប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន ។ ការសាងសង់នេះ គឺសម្រាប់និស្សិតស្ត្រីស្នាក់ចំនួន៥០០នាក់ ដោយក្នុង១បន្ទប់ស្នាក់នៅ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្ក្រានបាយផងដែរ)។ ដូចនេះយើងត្រូវកសាងចំនួន ១២០បន្ទប់ ។
ទន្ទឹមនោះ យើងត្រូវកសាងប៉ុស្តិ៍សុខភាព នៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី ។ ខ្ញុំសង្ឃឹមថា អន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងការកសាងប្រទេសជាតិ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ