ខេតកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមិនរាងចាល លើកនេះជិះម៉ូតូចាស់ មកគាស់ទ្វារផ្ទះគេលួចម៉ូតូ និងទ្រព្យសម្បត្តិផ្សេងទៀត ដោយយកម៉ូតូរបស់ខ្លួនដែលខូច ទៅលាក់ទុកនៅក្បែគុមចេកខាងក្រោយផ្ទះជនរងគ្រោះ ស៊យអ្នកជិតខាងឃើញតេទូរសព្ទប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិពោធិទន្លេរ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ៅ ទី ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ ធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ។
ដកហូតបាន ម៉ូតូហុងដា MSX ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង , ទួលល្វីសមុខបួន មានដងជ័រ ពណ៍ខៀវ លាយខ្មៅចំនួន០១ដើម ដែលជាសម្ភារៈរបស់ជនសង្ស័យជិះយកមកធ្វើសកម្មភាព, ម៉ូតូហុងដាត្រៃតូច ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង, ទូរសព្ទ័ដៃ ម៉ាកVERTU ពណ៌ទឹកមាស ចំនួន០១គ្រឿង , វ៉ែនតា ពណ៌ស មានប្រអប់ខ្មៅចំនួន០១ដែលជាសម្ភារៈរបស់ជនរងគ្រោះ ឈ្មោះ ព្រុំ បេឡា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិពោធិទន្លេរ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។
លោកបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទី ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាMSX ចាស់ ពណ៌ស លាយខ្មៅ គ្មានស្លាកលេខ ជិះមកឈប់នៅខាងមុខផ្ទះរបស់ជនរងគ្រោះ ដែលគាត់បានទុកផ្ទះចោលហើយចេញទៅរកស៊ីលក់ដូរ នៅរាជធានីភ្នំពេញ។ ដោយឃើញមានឱកាសល្អហើយស្ងាត់ទៀត ជនសង្ស័យ បានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ក្រោយផ្ទះហើយបានលួចយកម៉ូតូហុងដាត្រៃ តូចពណ៍ក្រហម លាយខ្មៅ គ្មានស្លាកលេខចំនួន០១គ្រឿងនិងទូរសព្ទដៃម៉ាកVERTU ពណ៍ទឹកមាសចំនួន០១គ្រឿងហើយនិងវ៉ែនតាពណ៍ស មានប្រអប់ពណ៍ខ្មៅចំនួន០១ដែលជារបស់ជនរងគ្រោះ។
ក្រោយមកជនសង្ស័យបានអូសយកម៉ូតូរបស់ខ្លួនដែលខូចនោះ យកទៅលាក់ទុកនៅក្បែគុមចេក ខាងក្រោយផ្ទះជនរងគ្រោះ ហើយបានឡើងជិះម៉ូតូហុងដាត្រៃរបស់ជនរងគ្រោះជិះគេចខ្លួនចេញទៅតាមផ្លូវបេតុងឆ្ពោះទៅទីខាងកើតកាត់តាមឃុំកំពង់កុង ភ្លាមៗនោះក៍មានអ្នករស់នៅជិតខាងឃើញទាន់ក៍បានខលទូរសព្ទ័រាយការណ៍ទៅប្រាប់សមត្ថកិច្ចប៉ុស្តិនគរបាលកោះធំ(ក) ដើម្បីចុះជួយអន្តរាគមន៍ ស្ទាក់ចាប់មុខសញ្ញាជនសង្ស័យខាងលើនេះបានរហូតដល់ចំណុចភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ទើបឃាត់ខ្លួនបានបញ្ចូនខ្លួនមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះរបស់ជនរងគ្រោះលួចយកម៉ូតូពិតប្រាកដមែន។
ក្រោយមកសមត្ថកិច្ចយើងបានបញ្ជូនខ្លួនជនសង្ស័យខាងលើនេះយកមកកាន់អធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕






ចែករំលែកព័តមាននេះ