ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរាជរដ្ឋាភិបាលថា តម្លៃកសិផលត្រូវរក្សាតុល្យភាពរវាងអ្នកដាំដុះ និងអ្នកទិញហូប

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​តម្លៃ​កសិផល​រវាង​អ្នក​ដាំ​ដុះ និង​អ្នកទិញ​ហូប ជា​ចំណោទបញ្ហា​មួយ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​តម្លៃ​កសិផល​រវាង​អ្នក​ដាំ​ដុះ និង​អ្នកទិញ​ហូប ជា​ចំណោទបញ្ហា​មួយ ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាពល្អ​ប្រសើរ ។

ក្នុង​បទ​អន្តរាគមន៍ មុន​បិទ​បញ្ចប់​សមាជ រដ្ឋសភា ព្រឹទ្ធសភា នា​ល្ងាច​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​ការ​សម្របសម្រួល​ជា​ច្រើន ដើម្បី​ឱ្យ​ប្រជា​កសិករ​យល់​ដឹង​ពី​ផែនការ​ក្នុង​ការ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប និង​អត្ថប្រយោជន៍ ព្រមទាំង​ដំណោះស្រាយ​សម្រាប់​កសិករ ។

ជាមួយ​គ្នា​នេះ សម្ដេច​មហា​បវរ​ធិ​បតី ក៏​បាន​ពន្យល់​ពី​ការ​ទទួល​បាន​ផលប្រយោជន៍​យឹតយោង​គ្នា​ទៅ​វិញ​ទៅ​មក រវាង​អ្នក​ដាំ​ដុះ​ដំណាំ បន្លែបង្ការ និង​អ្នកទិញ​ទៅ​បរិភោគ ឱ្យ​មាន​តម្លៃ​រក្សា​គ្នា​បាន​ដោយ​គូសបញ្ជាក់​ថា «​បើ​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​ផលិតផល​នៅ​ក្នុងស្រុក​របស់​យើង ទាល់តែ​យើង​ធ្វើ​យ៉ាងណា​ឱ្យ​កសិករ​របស់​យើង​មាន​ភាព​ប្រកួតប្រជែង ព្រោះ​យើង​ត្រូវ​ដោះស្រាយ​ទាំង​អ្នក​ហូប​ទាំង​អ្នក​ផលិត សម្រាប់​បក្ស​ផ្សេង គេ​អាច​ស្រែក​គេ​ទៅ​ជួប​អ្នក​ហូប​គេ​អាច​ស្រែ​កថា ផលិតផល​ថ្លៃ ចង់ឱ្យ​ផលិតផល​ចុះ គេ​អាច​ទៅ​ជួប​អ្នក​ផលិត​ទៅ​ប្រាប់​ថា ធ្វើ​ឱ្យ​អា​របស់​ហ្នឹង​ឡើងថ្លៃ តែ​សម្រាប់​រាជរដ្ឋាភិបាល​ត្រូវ​ធានា​តុល្យភាព​ទាំងអស់​ជីវភាព​របស់​កសិករ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​ជា​អ្នកទិញ​ហូប បើ​តម្លៃ​កសិផល​ថ្លៃ តម្លៃ​ទំនិញ​ថ្លៃ អ្នកទិញ​ហូប​ដែល​ជា​មន្ត្រីរាជការ អត់​មាន​ពេល​ទៅ​ដាំ​ប្រាកដជា​ចំណាយ​លុយ​កាន់តែ​ច្រើន​ទៅ​លើ​អាហារ​ហើយ​» ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​រៀបចំ​ធ្វើ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា លើក​ទី​១ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ ក្រោម​ការ​ដឹកនាំ​ពិភាក្សា​យ៉ាង​ផុលផុស​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា ។

សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា និង​សមាសភាព​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី អម​ដោយ​ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ព្រម​ទាំ​ឥស្សរជន​បច្ចេកទេស​ពាក់ព័ន្ធ ចំនួន​៨៣​រូប និង​ប្រតិភូ​គណបក្ស​នយោបាយ ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ចំនួន​២៧​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើ​វិស័យ​កសិកម្ម​បាន​បញ្ជាក់​ដែរ​ថា តាម​ការ​សិក្សា​របស់​ជំនួយការ​គណៈកម្មាធិការ​សមាជ​វិស័យ​កសិកម្ម​កម្ពុជា សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​ក្នុង​រយៈពេល​កន្លង​មក ។

គិត​ត្រឹម​ឆ្នាំ​២០២៤ វិស័យ​កសិកម្ម​បន្ត​ចូលរួម ចំណែក​ប្រមាណ ១៦,៧​ភាគរយ ក្នុង​ផលិតផល​សរុប​ក្នុងស្រុក ហើយ​តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម (Gross Value Added in Agriculture) បន្ត​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ពី​១៩៨០៥ ពាន់​លាន​រៀល (​ប្រមាណ ៤,៩៥ ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០១៥ ដល់ ២៤២៨២ ពាន់​លាន​រៀល (​ប្រមាណ ៦,០៧​ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ ២០២០ និង​ដល់ ៣១២៩២ ពាន់​លាន​រៀល (​ប្រមាណ ៧,៨២​ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០២៤​។

ការ​ចូលរួម​ចំណែក​របស់​អនុ​វិស័យ​នានា​ក្នុង​វិស័យ​កសិកម្ម រួម​មាន​ផ្នែក​ដំណាំ ៦១,៣​ភាគរយ ផ្នែក​ផលិតកម្ម​សត្វ ១៥,៤​ភាគរយ ផ្នែក​ជលផល ២០​ភាគរយ និង​ផ្នែក​ព្រៃឈើ ៣,៣​ភាគរយ ។ សេចក្តី​ប្រកាស​នេះ​បាន​បន្ត​ឱ្យ​ដឹង​ថា សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន ដើម្បី​ដោះស្រាយ​ប្រឈម​របស់​ប្រជា​កសិករ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព ទី​៥ និង​ទី​៦ ចំនួន​៣​ចំណុច មាន ៖ ១.​ការ​លើក​ស្ទួយ​ផលិតកម្ម​កសិកម្ម រក​ទីផ្សារ ២. រក្សា​លំនឹង​ថ្លៃ​កសិផល​តាម​រយៈ​កម្មវិធី​ហិរញ្ញប្បទាន ទី​៣.​ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​-​សង្កាត់ និង​ការ​អភិវឌ្ឍ សហគមន៍​កសិកម្ម​ទំនើប ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អម​ដោយ​ឥស្សរជន​ជំនាញ​បាន​អញ្ជើញ​ផ្តល់​បទ​អន្តរាគមន៍ ជូន​អង្គ​សមាជ ។ សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​មាន កម្មវិធី​គោលនយោបាយ ២​សំខាន់ ទាក់ទង​វិស័យ​កសិកម្ម គឺ ១.​យន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់​ៗ​ក្នុង​កម្រិត​សមរម្យ និង​២. ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ទៅ​គ្រប់​ឃុំ សង្កាត់ ដែល​មាន​សកម្មភាព​នៅ​ទូ​ទាំង​ប្រទេស ការ​រៀបចំ​សហគមន៍ កសិកម្ម​នៅ​តាម​ទី​ជនបទ ដើម្បី​បង្កើន​ល្បឿន​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឱ្យ​ក្លាយជា​កម្លាំង​ច​លករ​ដ៏​រឹង​មាំ​នៅ​ក្នុង ការ​ធានា​សន្តិសុខ​ស្បៀង ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ