ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មួយ​ចំនួន ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់ ប៉ុន្តែ​ដើរ​លើកដៃ​សុំទាន​គេ នៅ​តាម​ផ្លូវ និង​តាម​ទី​សាធារណៈ​នានា គួរ​ភ្ញាក់រលឹក ហើយ​តស៊ូ​រៀនសូត្រ​ជំនះ​ឲ្យ​បាន​នូវ​ឧបសគ្គ​ទាំងឡាយ ។ ការ​តស៊ូ និង​ការ​បេ្ត​ជ្ញា​ចិត្ត…

ពលរដ្ឋ​មួយ​ចំនួន ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់ ប៉ុន្តែ​ដើរ​លើកដៃ​សុំទាន​គេ នៅ​តាម​ផ្លូវ និង​តាម​ទី​សាធារណៈ​នានា គួរ​ភ្ញាក់រលឹក ហើយ​តស៊ូ​រៀនសូត្រ​ជំនះ​ឲ្យ​បាន​នូវ​ឧបសគ្គ​ទាំងឡាយ ។ ការ​តស៊ូ និង​ការ​បេ្ត​ជ្ញា​ចិត្ត គឺ​នឹង​នាំ​មក​នៅ​ជោគជ័យ នៅ​ពេល​អនាគត​ដូច​ជា ករណី​បុរស​ពិការ វ័យ​៣៧ ជនជាតិ​ចិន​មួយ​រូប ។

កាសែត South China Morning Post បាន​រាយការណ៍​ថា ពីព្រោះ​តែ​ការ​ប្តេជ្ញា​ចិត្ត ព្យាយាម និង​អោយ​តម្លៃ​លើ​ការ​សិក្សា​លោក លី ឈួ​ង​យេ កម្ពស់​ត្រឹម​៨០​សង់ទីម៉ែត្រ (Li Chuangye) បាន​តស៊ូ​នៅ​ក្នុង​ជីវិត​ដែល​ពិការ​ភាព​ខួរក្បាល តាំងពី​អាយុ​១​ឆ្នាំ រហូត​ក្លាយជា​វេជ្ជបណ្ឌិត​មួយ​រូប ទោះបីជា​ខ្លួន​ពិការ​ហើយ​ថែម​ទាំង​កើតមក​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ដើរ​សុំទាន​គេ​ក៏​ដោយ​ចុះ ។

លី ឈួ​ង​យេ សព្វថ្ងៃ មាន​អាយុ​៣៧​ឆ្នាំ គឺជា​វេជ្ជបណ្ឌិត​ម្នាក់ ដែល​កំពុង​តែ​បើក​ដំណើរការ​គ្លីនិក​ផ្ទាល់ខ្លួន​តូច​មួយ នៅ​ខេត្ត​យូ​ណា​ន ភាគ​និរតី​នៃ​ប្រទេស​ចិន ។ វេជ្ជបណ្ឌិត អាយុ​៣៧​ឆ្នាំ កើត​នៅ​ខេត្ត​ហេ​ណា​ន ហើយ​កើត​ជំងឺ​ម្យ៉ាង គឺ​ស៊ី​រេ​ប្រា​ល់ ផាល់​ស៊ី (Cerebral Palsy)​ដែល​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា ការ​រក្សា​សមតុល្យ និង​ភាព​សម្រួល​តួនាទី​សាច់ដុំ​តាំងពី​អាយុ​១​ឆ្នាំ ។

វេជ្ជបណ្ឌិត​រូប​នេះ ត្រូវ​បាន​គេ​ព្យាយាម​ជួយ​សង្គ្រោះ​ពិការ​ភាព​ដោយ​ការ​វះកាត់​ម្តង កាលពី​អាយុ​៩ ឆ្នាំ ប៉ុន្តែ​បាន​បរាជ័យ ហើយ​ក៏​បាន​ធ្លាក់ខ្លួន​ចាញ់​ការ​អូស​ទាញ​គេ​ធ្វើ​ជា​អ្នក​សុំទាន​ជួយ​រក​ប្រាក់​ចិញ្ចឹម គ្រួសារ រហូត​ដល់​អាយុ​១៦ ឆ្នាំ ជាមួយនឹង​ចំណូល​ដែល​សល់​ត្រឹមតែ​១០០​យ័ន ពោល គឺ​ប្រមាណ​ជា​១៤ ដុល្លារ នៅ​ក្នុង​មួយ​ខែ ។

ដោយសារ​តែ​ពិការ​ភាព ហើយ​ក្រោយមក ជន​ដែល​ធ្លាប់​បោក​ក៏​អាណតិ​អាសូរ​ដោះ​លែង​រូប​គាត់ យុវជន ពិការ លី ឈួ​ង​យេ ក៏​បាន​តាំងចិត្ត​ចូល​រៀន​នៅ​អាយុ​១៦​ឆ្នាំ ។ ទោះបីជា​ចូល​រៀន​យឺត​ពេល​ជាងគេ លី ឈួ​ង​យេ ដែល​ជា​យុវជន​មិន​ចេះអក្ស​ទាល់តែ​សោះ សូ​ម្បី​ត្រឹមតែ អាន​កាសែត​ក៏​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​មួយ ហើយ​បាន​តាំងចិត្ត​ផ្លាស់​ប្តូរជីវិត​តាម​រយៈ​ការ​អប់រំ ។ ទោះជា​ចូល​រៀន​យឺត ហើយ​ខ្លួន​ពិការ​ក៏​ពិតមែន ប៉ុន្តែ​ដោយសារ​តែ​ចិត្ត​មិន​ពិការ​បាន​ធ្វើ​ឲ្យ លី ឈួ​ង​យេ ទទួល​បាន​ជោគជ័យ និង​រីក​ចម្រើន​នៅ​ក្នុង​ការ​រៀនសូត្រ​ជា​បន្តបន្ទាប់ រហូត​ដល់​មានឱកាស​ចូល​រៀន​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នឹង​គេ ។

លី ឈួ​ង​យេ បាន​អះអាង​ថា អំឡុង​ពេល​រៀន​នៅ​វិទ្យាល័យ មិត្ត​រួម​ថ្នាក់​ដែល​មានចិត្ត​ល្អ​បាន​ផ្តល់​ជំនួយ ប៉ុន្តែ​គាត់​កម្រ​នឹង​ទទួលយក​វា​ណាស់ ដោយសារ​តែ​ទី​មួយ​លោក​មាន​អារម្មណ៍​ខ្មាស់​អៀន​ក្នុង​ការ​ពឹងផ្អែក​លើ​អ្នក​ដទៃ ។ លោក​បាន​និយាយ​ថា «​ខ្ញុំ​ដឹង​ហើយ​ជឿ​ថា មិត្ត​រួម​ថ្នាក់​មក​សាលារៀន ពួក​គេ​គ្រាន់តែ​អាណិត​ខ្ញុំ ប៉ុន្តែ​ពួក​គេ​មិន​អាច​មក​ជួយ​មើលថែ​ខ្ញុំ​ជា​ប្រចាំ​បាន​រហូត​នោះ​បាន​ឡើយ »​។
លោក បាន​ចែករំលែក​ថា មូលហេតុ​ដែល​លោក​ក្លាយជា​វេជ្ជបណ្ឌិត​បែប​នេះ គឺ​ដោយសារ​លោក​កើត​មាន​មាន​ជំងឺ ហើយ​គ្រួសារ​លោក​ក្រីក្រ​ទើប​លោក​ស្រមៃ​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​ដើម្បី​ជួយ​អ្នក​ដទៃ ។

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​បែប​នេះ លី ឈួ​ង​យេ បាន​តស៊ូ យ៉ាង​ឧស្សាហ៍​ព្យាយាម ហើយ​ក៏​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្នុង​ឆ្នាំ ២០១៣ នៅ​អាយុ ២៥ ឆ្នាំ ។ នៅ​ពេល​ចូល​រៀន​នៅ​មហាវិទ្យាល័យ លោក​បាន​ស្ម័គ្រចិត្ត​យក​ខ្លួន​លោក​ជា​កម្មវត្ថុ​នៃ​ការ​សិក្សា​ករណី​ជំងឺ​ខួរក្បាល​ជូន​មិត្ត​រួម​ថ្នាក់​របស់​គាត់ ហើយ​បាន​សន្យា​ថា នឹង​បរិច្ចាគ​រាង​កាយ​របស់​គាត់​ទៅ​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​បន្ទាប់​ពី​ការ​ស្លា​.​ប់​របស់​គាត់ ។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ២០១៩ នៅ​អាយុ​៣១​ឆ្នាំ លោក លី ឈួ​ង​យេ មានឱកាស​ក្លាយជា​អ្នកនិពន្ធ​អត្ថបទ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​រូប ប៉ុន្តែ​បាន​លាលែង​វិញ​ដោយ​លោក​ចង់​ក្លាយជា​វេជ្ជបណ្ឌិត ហើយ​ក៏​បាន​ស្ម័គ្រចិត្ត​បម្រើ​ការ​នៅ​គ្លីនិក​សហគមន៍​មួយ​នៅ​ខេត្ត​ហេ​ណា​ន ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​វេជ្ជបណ្ឌិត ។

ទោះជា​ខ្លួន​ពិការ ក៏​ពិតមែន ប៉ុន្តែ លី ឈួ​ង​យេ គឺ​បាន​ជួយ​ប្រឡូក​នៅ​ក្នុង​សង្គម​ដោយ​ប្រើប្រាស់​កម្មវិធី តិក​តក់ អប់រំ និង​បង្ហោះ​សារ​លើកទឹកចិត្ត​យុវជន​នានា ។ ក្រៅពី​ស្រលាញ់​អាជីព​ជា​វេជ្ជបណ្ឌិត លី ឈួ​ង​យេ ក៏​ចូល​ចិត្ត​កីឡា​ឡើង​ភ្នំ ហើយ​រូបគេ​ធ្លាប់​បាន​សម្រេចការ​ឡើង​ភ្នំ​ខ្ពស់​ៗ​នៅ​ចិន បាន​សម្រេច​ដល់​ទៅ ៦ ។ លី ឈួ​ង​យេ បាន​អះអាង​ថា កាលពី​ឆ្នាំ​២០១៦ រូបគេ​បាន​ចំណាយពេល​តស៊ូ​១៧​ថ្ងៃ​ឡើង​កំពូលភ្នំ ហួង​សាន (Huangshan) ដោយ​ចំណា​ច​ស្បែកជើង​អស់​៦​គូ ខោរ​១២ និង​ស្រោមជើង​១៦​គូ ។ នេះ​គឺជា​សារ​មួយ​សម្រាប់​ដាស់តឿន អ្នក​ដែល​កំពុង​តែ​អស់សង្ឃឹម​ហើយ​មើល​ស្រាល​លើ​ការ​អប់រំ ។ ក្រៅពី​បុរស​ម្នាក់​នេះ សម្រាប់​នៅ​កម្ពុជា ក៏​មាន​គូ​ស្វាមីភរិយា​កម្ពុជា​ពិការ​ភ្នែក​មួយគូ​បាន​កំពុង​តែ​រៀន​អនុ​បណ្ឌិត​នៅ​អូស្ត្រាលី ។

ក្រៅពី​នោះ​ក៏​នៅ​មាន​ជន​ពិការ​កម្ពុ​ជាមួយ​ចំនួន​ទៀត ដែល​បាន​តស៊ូ​ដោយ​កម្លាំង​ញើស​ឈាម​ផ្ទាល់ខ្លួន ដើម្បី​ចិញ្ចឹមជីវិត និង​កសាង​ជីវភាព ខណៈ​ដែល​មនុស្ស​ជា​ច្រើន​បាក់ទឹកចិត្ត ហើយ​អស់សង្ឃឹម​សុខចិត្ត ដើរ​សំពះ​សុំទាន​គេ​នៅ​តាម​ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ