ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណ១៧គ្រួសារ បាននាំគ្នាផ្តិតមេដៃដាក់ពាក្យស្នើសុំអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធជួយពិនិត្យមើលទីតាំងស្តុក និងចែកចាយហ្គាសមួយកន្លែងនៅចំកណ្តាលភូមិធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ប៉ះពាល់ពីសុវត្ថិភាពក្នុងការស់នៅព្រឈមនិងហានិភ័យខ្ពស់។
លោក សាវឿន អិច ប្រជាពលរដ្ឋ រស់នៅក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រាល់ថ្ងៃរូបលោក ក៏ដូចជាប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុខសុវត្ថិភាព និងការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃខ្លាំងណាស់ ដោយសារតែ ឈ្មោះ សុខ ហេងម៉េងឡុង បានបើករបរស្តុកហ្គាស និងចែកចាយហ្គាស ដែលមានផ្លាក(យីហោLPG) នៅចំកណ្តាលភូមិត្រពាំងអំពិល ឃុំត្រពាំងគងតែម្តង។
លោក សាវឿន អិច បាននិយាយបន្តថា ទីតាំងស្តុក និងចែកចាយហ្គាសយីហោខាងលើនេះ មិនត្រឹមត្រូវតាមលក្ខណៈបចេ្ចកទេស គ្រប់គ្រាន់និងបញ្ជៀសហានិភ័យនោះទេ។ ដោយសារតែទីតាំងស្តុកនិងចែកចាយហ្គាសខាងលនេះមានផ្ទៃដីត្រឹមតែទំហំ៥ម៉ែត្រគុណនិង២០ម៉ែត្រ ហើយចំណុះស្តុកហ្គាសរហូតទៅដល់ស៊ីទែន៣៥០០លីត្រនៅចំកណ្តាលភូមិតែម្តង។ អ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភនោះ គឺព្រឈមប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ប៉ះពាល់ដល់សុខភាព រាល់ពេលបញ្ចេញ និងបញ្ចូលហ្គាសម្តងៗ ជះក្លិនភាយស្អុយ ពិបាកដកដង្ហើមខ្លាំងណាស់ ជាពិសេសចាស់ជរា និងក្មេងតូចៗ។
ដោយមើលឃើញពីបញ្ហាព្រឈមទាំងអស់នេះហើយ ទើបប្រជាពលរដ្ឋពួកគាត់ទាំង១៧គ្រួសារ នាំគ្នាផ្តិតមេដៃ ធ្វើការសូមសំណូមពរទៅអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យមើលផង!។ ពីព្រោះថាសព្វថ្ងៃនេះពួកគាត់កំពុង រស់នៅជួបបញ្ហាព្រឈម ដូចរស់នៅ និងដេកក្បែរភ្លើងអញ្ចឹង ក៏ព្រោះតែទីតាំងស្តុក និងចែកចាយហ្គាសខាងលើនេះ ដំណើរការបានដោយរលូន មិនខ្វល់ខ្វាយពីបញ្ហាព្រឈម និងការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ ឬមួយក៏ម្ចាស់ទីតាំងស្តុកនិងចែកចាយហ្គាស នេះមានខ្នងបង្អែកគ្រាក់ៗនៅពីក្រោយទើប អស់លោកអាជ្ញាធរនិងជំនាញមិនហ៊ានទៅក្បែរបែបនេះ?
លោក សាវឿន អិច បានបន្តឱ្យដឹងទៀតថា អ្វីដែលប្រជាពលរដ្ឋពួកគាត់រឹតតែព្រួយបារម្ភនោះ គឺទីតាំងស្តុកនិងចែកចាយហ្គាសខាងលើនេះ ពួកគាត់សង្កេតឃើញថា ម្ចាស់ទីតាំងខាងលើមិននៅសម្រាកនៅពេលយប់នោះទេ។ ឱ្យតែពេលល្ងាច និងព្រលប់មកដល់ ម្ចាស់ទីតាំង បាននាំកូនចៅ បុគ្គលិកចេញទៅក្រៅ និងទៅសម្រាកនៅឯខាងស្រុកអង្គស្នួល ខេត្តកណ្តាលទៅវិញ ដោយទុកទីតាំងខាងលើចោលជារៀងរាល់យប់។ នេះហើយដែលប្រជាពលរដ្ឋពួកគាត់បារម្ភ ខ្លាចក្រែងកើតឡើង និងព្រឈមហានិភ័យខ្ពស់នោះ។
ជាចុងក្រោយប្រជាពលរដ្ឋទាំង១៧គ្រួសារ ពួកគាត់ធ្វើការសូមសំណូមពរ ដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ជាពិសេសរដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល មេត្តាជួយពិនិត្យមើលអាជីវកម្មស្តុកនិងចែកចាយហ្គាស នៅកណ្តាលភូមិត្រពាំងអំពិល ខាងក្រោយផ្សារត្រពាំងអំពិល ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផងព្រោះសព្វថ្ងៃនេះពួកគាត់រស់នៅព្រឈមនិងហានិភ័យ និងមានព្រួយបារម្ភ ពីសុវត្ថិភាពខ្លាំងណាស់ ។
ពាក់ព័ន្ធនិងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋខាងលើអ្នកយកព័ត៌មានយើងបានទូរស័ព្ទ លោក មុត ភន អភិបាលស្រុកសំរោងទង លោកបាននិយាយថា បើសិនជាអាជីវកម្មខាងលើនេះមិនធ្វើតាមបច្ចេកទេសនោះទេ លោកនិងឱ្យមន្ត្រីជំនាញចុះបិទទីតាំងតែម្តង ។
ដោយឡែកលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា លោកនឹងឱ្យមន្ត្រីជំនាញរបស់មន្ទីរចុះទៅពិនិត្យប្រសិនបើដូចបងប្អូនប្រជាពលរដ្ឋចោទប្រកាន់មែននោះ លោកនឹងចាត់វិធានការច្បាប់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕













ចែករំលែកព័តមាននេះ