ខេត្តកំពង់ស្ពឺ ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានប្រកាសថា នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីគោរពទង់ជាតិ ត្រួតពិនិត្យកម្លាំងទ័ពប្រចាំសប្តាហ៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់បណ្ដាអង្គភាពចំណុះកងពលដាច់ខាត ត្រូវតែត្រៀមកម្លាំងសម្ភារៈ និងមធ្យោបាយដែលរាជរដ្ឋាភិបាលបំពាក់ជូន២៤ម៉ោងលើ២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនៃធម្មជាតិ ព្រោះឥឡូវនេះជារដូវភ្លៀងដែលបណ្ដាលឱ្យមានទឹកជំនន់ និងខ្យល់កន្ត្រាក់ ដោយយថាហេតុ ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាសុទ្ធតែជាកងកម្លាំងរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីប្រជាជន ដូច្នេះត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ នូវភារកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាពនៅកម្ពុជា និងចូលរួមយ៉ាងសកម្មនូវការពារសុវត្ថិភាព ជូន ប្រជាជនឱ្យទាន់សភាពការណ៍នៅពេលទទួលបទបញ្ជ ។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់បន្តថា បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលកងកម្លាំងទាំងអស់ និងគ្រប់អង្គភាពជំនាញ ចំណុះកងពល បានយកចិត្តទុកដាក់ត្រៀមខ្លួនជាស្រេច ដើម្បីរង់ចាំអនុវត្តបទបញ្ជារបស់ថ្នាក់លើឱ្យបានល្អប្រសើរជូនអង្គភាព ៕
ចែករំលែកព័តមាននេះ