ខេត្តក្រចេះ ៖ កម្មករចំនួន២នាក់ក្នុងចំណោម៤នាក់ បានស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់ដោយការបាក់ផ្ទាំងថ្មសង្កត់ពីលើកាលពីរសៀលថ្ងៃទី៤ កក្កដា ២០២៥ ស្ថិតនៅក្នុងការដ្ឋានអាថ្មម៉ាបរបស់ក្រុមហ៊ុនសំបួរម៉ាញនីញ ស្ថិតក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
តាមប្រភពព័ត៌មានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៤ កក្កដា ២០២៥ ក្រោយភ្លៀងធ្លាក់រួចមកក៏មានកម្មករចំនួន៤នាក់ចូលទៅអាថ្មនៅក្នុងការដ្ឋាននោះ ។

ប្រភពបន្តថា មុនហេតុការណ៍ក្រុមកម្មករទាំងនោះ កំពុងអារបាតថ្មដោយពុំបានដឹងចម្រោះទឹកភ្លៀងច្រោះដាច់នៅផ្នែកខាងលើនោះទេ ខណៈកំពុងអារថ្មនៅបាតខាងក្រោមស្រាប់តែបាក់ស្រុតផ្ទាំងថ្មពីលើមកសង្កត់តែម្ដង ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបន្តឲ្យដឹងថា ក្រុមកម្មករស្ថិតក្នុងហេតុការណ៍នោះមានចំនួន៤នាក់ ។ កម្មករពីរនាក់ដែលរងគ្រោះគឺជាប្អូនថ្លៃនិងបងថ្លៃ ចំណែកពីរនាក់ទៀតបានគេចផុតពីររណ្ដៅមរណៈនោះ ។ ប្រភពដដែលបន្ថែមទៀតថា ក្រោយកើតហេតុ ខាងក្រុមហ៊ុនបានប្រើប្រាស់គ្រឿងចក្រចំនួន៤គ្រឿង ដើម្បីគាស់កាយយកសាកសពចេញដោយប្រើរយៈពេលយ៉ាងច្រើនមកទើបយកសាកសពចេញបាន ។

ជនរងគ្រោះទី១-ឈ្មោះកាន សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នូលខេត្តក្រចេះ ជាមេការ អាថ្មទី២-ឈ្មោះ ព្រុំ ហ្វីវិចារ ជនជាតិខ្មែរ អាយុ២៧ឆ្នាំ ជាកម្មករ មានទីលំនៅភូមិឃុំ ខាងលើដូចគ្នា ។

បន្ទាប់ហេតុការណ៍កើតឡើង ខាងក្រុមហ៊ុនបានរាយការណ៍ជូនទៅដល់សមត្ថកិច្ចចុះត្រួតពិនិត្យផងដែរ ។ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវលំអិតជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យលើសាកសពរួចមកសមត្តកិច្ចបញ្ជាក់ថា សពជនរងគ្រោះទាំងពីរពិតជាស្លាប់ដោយសារថ្មសង្កាត់ពិតប្រាកដមែន។ ក្រោយពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនគ្រួសារនាំយកទៅធ្វើបុណ្យ តាមប្រពៃណីនៅភូមិ.ឃុំ កំណើតខាងលើ ។

សូមបញ្ជាក់ថា នេះជាករណីលើកទីមួយដែលមានកម្មករស្លាប់នៅការដ្ឋានថ្មម៉ាបរបស់ក្រុមហ៊ុនសំបួរម៉ាញនីង ក្រោយក្រុមហ៊ុនមួយនេះបានដំណើរការអាជីវកម្មថ្មអារ និងដឹកជញ្ជូនចេញច្រើនឆ្នាំមកហើយ ។ ហើយកន្លងមក ក៏តែងតែកើតមានគ្រោះថ្នាក់ជាញឹកញយនៅពេលដែលរថយន្តដឹកថ្មទាំងដុំទាំងដុំតាមដងផ្លូវ បង្កឲ្យជ្រុះពីលើរថយន្តនិងមានការប៉ះពារទៅដល់ប្រជាពលរដ្ឋផងដែរ ។

ទាក់ទិនករណីឧប្បត្តិហេតុខាងលើ យើងនៅមិនទាន់ដឹងចំពោះការទូទាត់ដោះស្រាយសំណង ចំពោះអ្នកស្លាប់ក្នុងច្បាប់ការងារយ៉ាងណាឡើយ៕

ចែករំលែកព័តមាននេះ