លោក David Coote ពីអាជ្ញាកណ្តាលលីគកំពូលអង់គ្លេស ក្លាយជាអ្នកដឹកជញ្ជូនអីវ៉ាន់
2 អាទិត្យ មុន
ចក្រភពអង់គ្លេស ៖ លោក David Coote អតីតអាជ្ញាកណ្តាលបាល់ទាត់ប្រចាំនៅលីគកំពូលអង់គ្លេស Premier League ដែលត្រូវបានបណ្តេញចេញពីការងារដោយស្ថាប័នអាជ្ញាកណ្តាលការប្រកួតអាជីពប្រចាំអង់គ្លេស (PGMOL)…
ចក្រភពអង់គ្លេស ៖ លោក David Coote អតីតអាជ្ញាកណ្តាលបាល់ទាត់ប្រចាំនៅលីគកំពូលអង់គ្លេស Premier League ដែលត្រូវបានបណ្តេញចេញពីការងារដោយស្ថាប័នអាជ្ញាកណ្តាលការប្រកួតអាជីពប្រចាំអង់គ្លេស (PGMOL) និងត្រូវបានបញ្ឈរជើងរយៈពេល១៦ខែ ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបនោះ កាលពីពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញក្លាយជាអ្នកដឹកជញ្ជូនអីវ៉ាន់។ នេះបើតាមប្រភពពី Daily Mail, The Sun និង talkSPORT បានចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
លោក David Coote វ័យ៤២ឆ្នាំ ត្រូវបានបណ្តេញចេញពីការងារដោយ PGMOL កាលពីខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបមិនប្រក្រតីជាច្រើន រួមទាំងវីដេអូឃ្លីបដែលគាត់បានប្រមាថលើអតីតអ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ផងដែរ។ ដំបូងឡើយ លោក Coote គ្រាន់តែត្រូវផ្អាកសកម្មភាពការងារប៉ុណ្ណោះ ប៉ុន្តែក្រោយមកស្រាប់តែមានការបែកធ្លាយវីដេអូមួយផ្សេងទៀត បង្ហាញពីអាជ្ញាកណ្តាលរូបនេះ កំពុងហិតម្សៅសម្យ៉ាងសង្ស័យជាថ្នាំញៀន អំឡុងពេលកំពុងតែបំពេញភារកិច្ចជាមន្ត្រីក្នុងព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៤ ជាលទ្ធផលក្រោយមក UEFA សម្រេចបញ្ឈរជើងលោករយៈពេល១៦ខែ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦។
បន្ទាប់មកទៀត PGMOL បានប្រកាសថា ខ្លួនបានរកឃើញថា សកម្មភាពរបស់លោក Coote បានធ្វើឱ្យតួនាទីជាមន្ត្រីអាជ្ញាកណ្តាលក្របខណ្ឌ English Premier League បាត់បង់តម្លៃដែលមិនអាចទទួលយកបាន ហើយស្ថាប័ននេះបានសម្រេចបណ្តេញគាត់ចេញពីការងារដោយមានប្រសិទ្ធិភាពភ្លាមៗតែម្តង។
សូមជម្របថា លោក David Coote ក្លាយជាអាជ្ញាកណ្តាលនៅក្នុងខែមេសា ឆ្នាំ២០១៨ និងបានកាត់សេចក្តីការប្រកួត Premier League ចំនួន១១២ប្រកួត។ លោកក៏ធ្លាប់បានចូលរួមកាត់សេចក្តីពានរង្វាន់ Championship, League One និង League Two ព្រមទាំងពានរង្វាន់ FA Cup និង EFL Cup ផងដែរ។
លោកក៏ត្រូវបានសមាគមបាល់ទាត់អង់គ្លេស (FA) ស៊ើបអង្កេតពាក់ព័ន្ធការរៀបចំការប្រកួតជុំវិញការផ្តល់កាតលឿងដល់កីឡាករ អំឡុងជំនួបរវាងក្រុម Leeds United ទល់នឹងក្រុម West Bromwich Albion កាលពីឆ្នាំ ២០១៩ ដើម្បីជាប្រយោជន៍ដល់មិត្តភ័ក្តិខ្លួនតាមរយៈការភ្នាល់បាល់។ ប៉ុន្តែលោកបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់មិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះទាំងនេះ៕
ចែករំលែកព័តមាននេះ