ថៃ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរខេត្តស្រះកែវ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺអង់ត្រាក់ ជាលើកដំបូងបំផុត នៅក្នុងខេត្តរបស់ខ្លួន ក្រោយពីធ្វើតេស្តឃើញវិជ្ជមាន លើបុរស អាយុ៥៣ឆ្នាំម្នាក់ ដែលពាក់ព័ន្ធនឹងការបរិភោគសាច់គោឆៅ ដោយអំពាវនាវយ៉ាងទទូច ជំរុញឱ្យពលរដ្ឋថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺមួយនេះ ជាពិសេស គួរតែផ្អាកការទទួលទានសាច់គៅឆៅ ឬសាច់សត្វពាហនៈឆៅគ្រប់ប្រភេទ ។ នេះតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។

អាជ្ញាធរខេត្តស្រះកែវ អះអាងថា ករណីឆ្លងជំអឺអង់ត្រាក់ ឬឈាមខ្មៅ ដែលអាចម្យ៉ាងទៀតថា ពិសធ្យូងនោះដំបូងបំផុតនៅខេត្តស្រះកែវនេះ ជំរុញឱ្យមានការឆ្លើយតបផ្នែកសុខាភិបាលសាធាណៈជាបន្ទាន់មួយ ដើម្បីតាមដានប្រភពនៃការឆ្លង និងអនុវត្តវិធានការទប់ស្កាត់ ។

លោកវេជ្ជបណ្ឌិត Tharapong Kupko ប្រធានការិយាល័យសុខភាពសាធារណៈខេត្តស្រះកែវ បានបញ្ជាក់ថា អ្នកជំងឺ ជាបុរសអាយុ៥៣ឆ្នាំ មានទីលំនៅឃុំថាយ៉ែក ស្រុកមឿង ។ គាត់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ Pattaya Pattamakhun Hospital ខេត្តឈុនបុរី ដោយមានពងបែកឆ្លងនៅក ក្បាល និងអវយវៈ ។
ការិយាល័យតំបន់គ្រប់គ្រងជំងឺទី៦ នៅខេត្តឈុនបុរី បានជូនដំណឹងដល់ការិយាល័យសុខាភិបាលខេត្តស្រះកែវ នៅវេលាម៉ោង១៦និង៤៥នាទីថ្ងៃអាទិត្យថា អ្នកជំងឺបានធ្វើតេស្តវិជ្ជមាន ចំពោះមេរោគដែលជាបាក់តេរីបង្កជំងឺ anthrax ។

លោកវេជ្ជបណ្ឌិត ថារ៉ាពង្ស បញ្ជាក់ថា អ្នកជំងឺជាមនុស្សចូលចិត្តញ៉ាំម្ហូបបែបប្រពៃណីជនជាតិថៃ ភាគឥសាន ដែលជាប្រភេទសាច់គោឆៅ ។ គាត់បានរាយការណ៍ថា បានទទួលទានសាច់គោឆៅប្រហែលមួយសប្តាហ៍មុន ពេលចាប់ផ្តើមរោគសញ្ញា ហើយត្រូវបានគេសង្ស័យថាបានឆ្លងមេរោគ anthrax តាមរយៈសាច់ដែលមានមេរោគ ។
ជាការឆ្លើយតប ការិយាល័យសុខាភិបាលសាធារណៈខេត្តស្រះកែវ កំពុងសហការជាមួយមណ្ឌលសុខភាពថ្នាក់ខេត្ត និងតាមបណ្តាខេត្ត ដើម្បីកំណត់ប្រភពនៃការឆ្លង ។ ក្រុមមន្ត្រីជំនាញក៏កំពុងតាមដានបុគ្គលដែលអាចប៉ះពាល់គោក្របីដែលមានមេរោគ ។

ប្រជាពលរដ្ឋនៅក្នុងស្រុកមឿង និងស្រុកជុំវិញ ត្រូវបានជំរុញឱ្យជៀសវាងការបរិភោគសាច់ឆៅលាងដៃឱ្យស្អាត ឬងូតទឹកសម្អាតមេរោគបន្ទាប់ពីប៉ពាល់សត្វពាហនៈ ហើយត្រូវតែរាយការណ៍ ប្រសិនបើប្រទះឃើញមានសត្វចិញ្ចឹមងា.ប់ ដោយរោគសញ្ញាគួរឱ្យសង្ស័យណាមួយទៅកាន់មន្ត្រីបសុសត្វជាបន្ទាន់ ។
ក្រុមអ្នកជំនាញផ្នែកសុខភាពថៃ បានសង្កត់ធ្ងន់ថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មនុស្សគ្រប់គ្នាមិនគួរណាបរិភោគសាច់សត្វឆៅ ដែលគ្មានប្រភពច្បាស់លាស់នោះទេ ។ ជំងឺអង់ត្រាក់ គឺជាជំងឺឆ្លងដ៏ធ្ងន់ធ្ងរទៅលើសត្វពាហនៈដូចជា គោ ក្របី ចៀម ពពែ សេះជាដើម ហើយវាអាចឆ្លងមកមនុស្សតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានមេរោគ ឬផលិតផលសត្វដែលមានមេរោគ ។

គេចាំបានថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ការិយាល័យសុខាភិបាលសាធារណៈខេត្តមុកដាហាន បានប្រកាសពីការផ្ទុះរាលដាលនៃជំងឺអង់ត្រាក់ បន្ទាប់ពីអ្នកស្រុកម្នាក់បានស្លា.ប់ កាលពីថ្ងៃទី២៧ ខែមេសា ។ ការផ្ទុះឡើងនេះ បណ្តាលឱ្យមានការឆ្លងចំនួន៤នាក់ និងស្លា.ប់ម្នាក់ ហើយក្រោយត្រូវបានអះអាងថា ស្ថិតនៅក្រោមការគ្រប់គ្រងបានទាំងស្រុង ត្រឹមថ្ងៃទី៧ ឧសភា ឆ្នាំ២២៥ ។
គួរកត់សម្គាល់ថា ក្រោយការឆ្លងរាលដាលជំងឺអង់ត្រាក់ពីគោក្របី និងមនុស្សនៅប្រទេសថៃនោះ ប្រទេសជិតខាងដូចជា វៀតណាម ឡាវ និងកម្ពុជា បានដាក់បម្រាមហាមមិនអោយមានការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វគ្រប់ប្រភេទពីប្រទេសថៃ តាមច្រកព្រំដែនជាបណ្តោះអាសន្ន៕


ចែករំលែកព័តមាននេះ