ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​រដ្ឋាភិបាល និង​សភា​ទាំង​ពីរ​របស់​កម្ពុជា បាន​មានការ​សម្រេចចិត្ត​រួម​មួយ ដើម្បី​យក​រឿង​ជម្លោះព្រំដែន​កម្ពុជា​ជាមួយ​ថៃ​ទៅ​ប្តឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ ហៅ​កាត់​ថា ICJ ដើម្បី​ពន្លត់ភ្លើង​នយោបាយ ដែល​ដុត​បញ្ឆេះ​ដោយ​ក្រុម​ជ្រុលនិយម​ទាំង​នៅ​កម្ពុជា និង​ថៃ ។…

ទាំង​រដ្ឋាភិបាល និង​សភា​ទាំង​ពីរ​របស់​កម្ពុជា បាន​មានការ​សម្រេចចិត្ត​រួម​មួយ ដើម្បី​យក​រឿង​ជម្លោះព្រំដែន​កម្ពុជា​ជាមួយ​ថៃ​ទៅ​ប្តឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ ហៅ​កាត់​ថា ICJ ដើម្បី​ពន្លត់ភ្លើង​នយោបាយ ដែល​ដុត​បញ្ឆេះ​ដោយ​ក្រុម​ជ្រុលនិយម​ទាំង​នៅ​កម្ពុជា និង​ថៃ ។

ការ​សម្រេចចិត្ត​នះ ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​លើក​ទី​មួយ នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ។ នៅ​ចំពោះ​មុខ សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​កំពុង​តែ​ត្រៀម​យក​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។ ទោះបី​ថៃ​មិន​ព្រម​ក្តី កម្ពុជា​នឹង​យក​បញ្ហា​នេះ​ទៅ​ICJ ដើម្បី​បញ្ចប់​បញ្ហា​នេះ ។

នៅ​ក្នុង​អ្វី​ដែល​ជា​យន្តការ​អន្តរជាតិ​នោះ​សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា «​ត្រៀម​ដាក់​ចូល​ក្នុង​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ គណៈកម្មការ​ព្រំដែន​ចម្រុះ​ពាក់ព័ន្ធ​នឹង​ការ​យក​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​តែ​ម្ដង ។ ដោយសារ​ក្នុង​ពេល​ថ្មី​ៗ​នេះ ស្ថានភាព​ឈាន​ដល់​ចំណុចក្តៅ​បន្ទាប់​ពី​មាន​សកម្មភាព​ជា​បន្តបន្ទាប់​របស់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​តូច​បាន​បំផុស​នូវ​ចលនា​ជាតិនិយម ក្នុង​ប្រទេស​ទាំង​ពីរ​ដែល​អាច​ឈាន​ទៅ​ការ​ប្រឈម​មុខ​ដាក់​គ្នា​សារ​ជា​ថ្មី​នៅ​ពេល​ខាង​មុខ​» ។

សម្តេច​បាន​សង្កត់ធ្ងន់​សារ​ជា​ថ្មី​ម្ដងទៀត​ថា បើ​ទោះជា​កម្ពុជា​ព្យាយាម​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​តាម​យន្តការ​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ​ក៏​ដោយ​ក៏​កម្ពុជា នៅ​រក្សា​សិទ្ធិ​ក្នុង​ការ​ការពារ បូរណភាព​ទឹកដី​របស់​ខ្លួន​តាម​គ្រប់​មធ្យោបាយ​រួម​ទាំង​ការ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ករណី​មានការ​ព្យាយាម​ឈ្លានពាន​បូរណភាព​ទឹកដី​កម្ពុជា ដោយ​ប្រើប្រាស់​កម្លាំង​កងទ័ព ។
ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី ប្រកាស​បែប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៅ​ក្នុង​នាម​ជា​សា្ថ​ប័ន​និ​តិ​បញ្ញតិ​ក៏​បាន​បង្ហាញ​ជំហរ​គាំទ្រ​រាជរដ្ឋាភិបាល​លើ​ចំណាត់ការ​បញ្ហា​ព្រំដែន ដែល​កើត​មាន​ឡើង​នៅ​តំបន់​ទាំង​បួន​ខាងលើ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​សារ​គាំទ្រ​នៅ​លើ​បណ្តាញ​សង្គម​ថា សម្តេច​គាំទ្រ​ចំពោះ​ការ​យក​បញ្ហា​នៅ​មុំ​៣ បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តា​ក្របី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា អនុស្សា​រណៈ​យោគយល់​គ្នា​ដែល​ចុះ​នៅ​ឆ្នាំ​២០០០ ហាក់​ទៅ​មុខ​មិន​រួច​ដែល​បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​រហូត​ចោទប្រកាន់​គ្នា និង​ជម្លោះ​ប្រដាប់​អាវុធ​ច្រើន​ដង​មក​ហើយ ។

សម្តេច​តេ​ជោ បាន​បន្ថែម​ថា ប្រ​សិន​ភាគី​ថៃ​មានចិត្ត​ស្មោះត្រង់​ចង់​ដោះស្រាយ​ពិតប្រាកដ គួរតែ ឯកភាព​ដឹក​ដៃ​គ្នា​ទៅ​ឱ្យ​តុលាការ​ជួយ​កាត់សេចក្តី​តែ​ម្តង​មិន​ចាំបាច់​កម្ពុជា​ប្តឹង​នោះ​ទេ ។ រឿង​ព្រំដែន គឺជា​រឿង​ដ៏​រសើប ហើយ​ត្រូវ​បាន​អ្នក​ន​នយោបាយ​ជ្រុលនិយម​ទាំង​នៅ​កម្ពុជា និង​ថៃ​ប្រើប្រាស់ ដើម្បី​ផលប្រយោជន៍​នយោបាយ​របស់​ពួក​គេ ។

ដូច្នេះ ការ​សម្រេចចិត្ត​នាំ​យក​រឿង​ជម្លោះ​នេះ​ជាមួយ​ប្រទេស​ថៃ​ទៅ​កាន់ ICJ គឺជា​ជម្រើស​មួយ​ដែល​ត្រូវ​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​ប្រជាជន​កម្ពុជា​ដែល​មិន​ចង់​ឃើញ​បរទេស​ឈ្លានពាន​ទឹកដី​របស់​ខ្លួន​ឡើយ ។ ជាមួយ​គ្នា​នោះ វា​ក៏​ជា​សារ​បញ្ជាក់​ទៅ​កាន់​ភាគី​ថៃ​ថា កម្ពុជា​មាន​សុចរិត​ភាព និង​ភាព​ស្មោះត្រង់ នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ និង​ច្បាប់​អន្តរជាតិ​ជា​ធំ ។

កម្ពុជា​បាន​ប្រកាស​ហើយ​ថា កម្ពុជា​ចង់បាន​ព្រំដែន​ប្រកបដោយ​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង ។ ដូច្នេះ ភាគី​ថៃ​ក៏​ត្រូវ​តែ​ប្រកាន់​យក​សន្តិភាព​និយម​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា​ដែរ ។ ចំណែក​អ្នក​ជ្រុលនិយម​ទាំង​នៅ​កម្ពុជា និង​ថៃ ត្រូវ​ឈប់​ជា​បន្ទាន់ការ​ដុត​បញ្ឆេះ​ជម្លោះព្រំដែន​នេះ​ពីព្រោះ​វា​នឹង​ធ្វើ​អោយ​ខាត​ប្រយោជន៍​របស់​ប្រទេស និង​ប្រជាជន​ទាំង​សងខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ