ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ថវិកាជាតិ​ សន្សំ​បាន​កើន​ដល់​ជាង​២១% ស្មើ​ជិត​បួន​ពាន់​លាន​ដុល្លារ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើក​ទី​១ បាន​មាន​ប្រសាសន៍​ថា នៅ​មុន​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ​-១៩ សម្ដេច​បានឱ្យ​ពង្រឹង​បន្ថែម​លើ​ការ​សន្សំ​ថវិកាជាតិ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើក​ទី​១ បាន​មាន​ប្រសាសន៍​ថា នៅ​មុន​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ​-១៩ សម្ដេច​បានឱ្យ​ពង្រឹង​បន្ថែម​លើ​ការ​សន្សំ​ថវិកាជាតិ ដែល​ការ​សន្សំ​នៅ​ពេល​នោះ បាន​កើន​ដល់​ជាង​២១% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដោយ​មាន​ថវិកាជាតិ នៅ​សល់​រហូត​ដល់​ជិត​បួន​ពាន់​លាន​ដុល្លារ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ បាន​បន្ថែម​ថា តាម​ការ​គ្រោងទុក​ពេល​ថវិកា​សន្សំ​របស់​ជាតិ កើន​ជិត​៥​ពាន់​លាន​ដុល្លារ រាជរដ្ឋាភិបាល នឹង​ដាក់​ឱ្យ​ដំណើរការ​ការ​កសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ផ្លូវ ស្ពាន ឱ្យ​បាន​ច្រើន
នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ចាំបាច់ ពឹង​លើ​ថវិកា​បរទេស​នោះ​ឡើយ ។ ប៉ុន្តែ​ជា​អកុសល​វិបត្តិ​កូ​វី​ដ ក៏​ផ្ទុះ​ឡើង ដែល​បណ្ដាល​ឱ្យ​ថវិកា​សន្សំ​របស់​ជាតិ​បាន​ថយ​ចុះ មួយ​កម្រិត ។

សម្ដេច​តេ​ជោ ក៏​បាន​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​ថវិកាជាតិ ដែល​បាន​សន្សំទុក មានការ​កើនឡើង​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ទោះបី​មានការ​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏​ដោយ ។

សម្ដេច​តេ​ជោ បញ្ជាក់​បន្ថែម​ទៀត​ថា ថវិកា​សន្សំ​របស់​ជាតិ​បច្ចុប្បន្ន គឺ​មាន​ចំនួន​ច្រើន​ជាង​ពេល ដែល​សម្ដេច​ចាក​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ