ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ត្រសក់​៖ ប្រមូល​ផល​ខែ​នេះ​ទទួល​បាន​ជោគជ័យ បន្ទាប់​ពី​បរាជ័យ​កាលពី​ខែ​មុន

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ពេល​នេះ ទីផ្សារ​ត្រសក់​ហាក់​បាន​ហក់​ឡើង​ខ្ពស់​គួរសម ដែល​មិន​ធ្លាប់​មាន​កន្លង​មក ។ ការ​ប្រមូល​ផល​លើក​នេះ ខ្ញុំ​ហាក់​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ បន្ទាប់​ពី​ខ្ញុំ​បាន​បរា​ជ័យ​ខាត​ឡុងចុង​កាល​ប្រមូល​លើក​មុន​» ។…

ខេត្តបាត់ដំបង ៖ «​ពេល​នេះ ទីផ្សារ​ត្រសក់​ហាក់​បាន​ហក់​ឡើង​ខ្ពស់​គួរសម ដែល​មិន​ធ្លាប់​មាន​កន្លង​មក ។ ការ​ប្រមូល​ផល​លើក​នេះ ខ្ញុំ​ហាក់​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ បន្ទាប់​ពី​ខ្ញុំ​បាន​បរា​ជ័យ​ខាត​ឡុងចុង​កាល​ប្រមូល​លើក​មុន​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​កសិករ​ម្នាក់ ដែល​មាន​អាជីព​ជា​អ្នក​ដាំ​ដំណាំ​ត្រសក់​រាប់​សិប​ឆ្នាំ​កន្លង​មក ។

កសិករ​ឈ្មោះ ស្រី នាង ហៅ​ចែ​នាង អាយុ​៤៥​ឆ្នាំ មាន​ដំណាំ​ត្រសក់​លើ​ផ្ទៃដី​ទំហំ​១​ហិច​តា នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដែល​ពេល​នេះ​គាត់​និង​ស្វាមី ជាមួយនឹង​កម្មករ​ប៉ុន្មាន​នាក់​ទៀត បាន​និង​កំពុង​មមារ​ញឹក​ខ្លាំង​ប្រមូល​ផល​ត្រសក់​ចំ​ពេល​ដែល​ទីផ្សារ​បន្លែ​នេះ​កំពុង​ហក់​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន ។

អ្នកស្រី ស្រី នាង ហៅ​ចែ​នាង បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា នេះ​ដូច្នេះ​ថា «​ថ្ងៃនេះ តំលៃ​ត្រសក់​លក់​បាន​ចន្លោះ​ពី​២៥០០​រៀល ដល់​៣០០០​រៀល​ក្នុង​១​គីឡូក្រាម ។ ខ្ញុំ​ប្រមូល​ផល​ត្រសក់​ពេល​នេះ លក់​បាន​ថ្លៃ​ជាង​កាល​ប្រមូល​ផល កាលពី​ចុង​ខែមេសា​កន្លង​ទៅ​» ។ បើ​តាម​កសិករ​រូប​នេះ​បាន​ប្រាប់​ថា កាលពី​ចុង​ខែមេសា​កន្លង​ទៅ​នេះ (​វគ្គ​មុន​) តំលៃ​ត្រសក់​លក់​បាន​ត្រឹម​៥០០​រៀល ក្នុង​១​គីឡូក្រាម តែ​ប្រមូល​ផល​លើក​នេះ (​វគ្គ​នេះ​) លក់​បាន​តម្លៃ​ចន្លោះ​ពី​២៥០០​រៀល រហូត​ដល់​៣០០០​រៀល ។

កសិករ​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា បន្លែ​ដែល​ខ្មែរ​ដាំ​ក្នុងស្រុក​ស្ទើរ​គ្រប់​ប្រភេទ អាច​មានតំលៃ​ខ្ពស់ ប្រសិនបើ​គ្មាន​បន្លែ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។ ផ្ទុយ​ទៅ​វិញ តំលៃ​បន្លែ​ខ្មែរ​ចុះថោក​ស្ទើរ​គ្មាន​ទីផ្សារ​នៅ​ពេល​សំបូរ​បន្លែង​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង ធ្វើ​ឲ្យ​កសិករ​ខ្មែរ​មួយ​ចំនួន​ខាត​ឡុងចុង រហូត​ក្ស័យ​ទុន​ជំពាក់​ធនាគារ​ស្ទើរ​វ័ណ្ឌ​.​ក​ទៀត​ផង ។

ក្រោម​កំ​ដៅ​ថ្ងៃ​ហែង អ្នកស្រី ស្រី នាង និង​ស្វាមី ជាមួយនឹង​កម្មករ​ប្រុស​-​ស្រី​ប៉ុ​នា្ម​ន​នាក់​ទៀត បាន​បង្ហាញ​ពី​សកម្មភាព​យ៉ាង​មមារ​ញឹក​ក្នុង​ការ​ប្រមូល​ផល​ត្រសក់ ។ កម្មករ​ខ្លះ​ដើរ​បេះ​ផ្លែ​ត្រសក់​ក្នុង​ចម្ការ​ដ៏​ធំ​ល្វឹងល្វើយ ខណៈ​ម្ចាស់​ចម្ការ​មមារ​ញឹក​ក្នុង​ការ​វេច​ខ្ចប់​ផ្លែ​ត្រសក់​ដើម្បី​ដឹក​ទៅ​បោះ​ឲ្យ​ម៉ូយ​ៗ​នៅ​ឯ​ទីផ្សារ ។

ជាមួយនឹង​សកម្មភាព​ដ៏​មមារ​ញឹក ក្រោម​ដំបូង​រោង​ប្រក់​តង់​កៅស៊ូ​តូច​មួយ ចែ​នាង បាន​ឆ្លៀត​ឆ្លង​ឆ្លើយ​ជាមួយ​កោះសន្តិភាព​ដូច្នេះ​ថា «​ទីផ្សារ​បន្លែ​ឡើង​ចុះ​មិន​ទៀត​ទាត់​ទេ ។ កាល​ប្រមូល​ផល​ខែ​មុន​ចំ​ពេល​តំលៃ​ត្រសក់​ចុះថោក​ខ្លាំង​លក់​បាន​ត្រឹម​៥០០​រៀល​ក្នុង​១​គីឡូក្រាម ធ្វើ​ឲ្យ​ខ្ញុំ​ខាត​ឡុងចុង​ស្ទើរ​ដាច់​ដើម តែ​ប្រមូល​ផល​លើក​នេះ ចំ​ពេល​ទីផ្សារ​ល្អ ប្រហែលជា​អាច​ចំណេញ​ខ្លះ​» ។

កសិករ​រូប​នេះ​ក៏​បាន​រៀបរាប់​ពី​ការ​ចំណាយ​ដើមទុន​ទៅ​លើ​ការ​ដាំ​ដំណាំ​ត្រសក់​នេះ​ដែរ​ថា បច្ចុប្បន្ន គាត់​ដាំ​ដំណាំ​ត្រសក់​នេះ លើ​ផ្ទៃដី​ទំហំ​១​ហិច​តា ដែល​គាត់​បាន​ជួល​គេ ។ គាត់​ត្រូវ​ចំណាយ​ទុន​អស់យ៉ាង​តិច​៣០​លាន​រៀល​សម្រាប់​ដាំ​ដុះ​ម្ដង ។ ខ្ទង់ចំណាយ​នេះ រាប់​ចាប់ពី​ការ​ចាប់ផ្ដើម​ធ្វើ​ដី (​ភ្ជួរ​) ទិញ​ពូជ ថ្នាំ​បាញ់ និង​ចំណាយ​លើ​កម្មករ ចាប់តាំងពី​ដាំ​រហូត​ដល់​ប្រមូល​ផល ។

ដំណាំ​នេះ យើង​ត្រូវ​ចំណាយ​លើស​ពី​មួយ​ខែ​បន្តិច​ទើប​អាច​ប្រមូល​ផល​បាន ។ កាល​ប្រមូល​ផល​វគ្គ​មុន នៅ​អំឡុង​ចុង​ខែមេសា​កន្លង​ទៅ គាត់​ខាត​ស្ទើរ​ដាច់​ដើម ព្រោះ​ត្រសក់​លក់​បាន​តំលៃ​ថោក តែ​ចំណាយ​ទុន​ច្រើន ។ ប៉ុន្តែ​ឆ្នាំ​នេះ ប្រហែល​អាច​ចំណេញ​គ្រាន់បើ ព្រោះ​ទីផ្សារ​ត្រសក់​នៅ​មាន​តំលៃ​ខ្ពស់​នៅឡើយ ។

ត្រង់​ចំណុច​នេះ កសិករ​រូប​នេះ ក៏​បាន​ទាញហេតុផល​ដែរ​ថា បើ​មិនសូវ​មាន​បន្លែ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ទេ បន្លែ​ខ្មែរ​ដែល​ដាំ​ក្នុងស្រុក ស្ទើរ​គ្រប់​ប្រភេទ​នៅ​តែ​អាច​រក្សា​បាន​ទីផ្សារ​ល្អ ហើយ​ក៏​អាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​គ្រប់គ្រាន់​ដែរ នេះ​បើ​តាម​គាត់​បាន​កត់សម្គាល់​លើ​ទីផ្សារ​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង​សព្វថ្ងៃ ។ ប៉ុន្តែ​បើ​សំបូរ​បន្លែ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​កកកុញ​ច្រើន បន្លែ​ខ្មែរ​យើង​ប្រាកដជា​ចុះថោក វង្វេង​រក​ទីផ្សារ​មិនឃើញ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ