រាជធានីភ្នំពេញ ៖ ពលរដ្ឋប្រទះឃើញសពនារីរងគ្រោះ ដែលមានវ័យ២៥ឆ្នាំម្នាក់ បានលោតសម្លាប់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអណ្តែតហើយនៅតាមដងទន្លេ ក្បែរកោះពេជ្រ រួចត្រូវបានអូសទៅក្រោមស្ពានព្រះមុន្នីវង្សថ្មី ដើម្បីស្រង់ឡើងគោកយកទៅធ្វើបុណ្យ ។

ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្រោមស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពនារីរងគ្រោះមានឈ្មោះ ស្រី រ៉ាត់ អាយុ២៥ឆ្នាំ ស្រុកកំណើតនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានប្រទះឃើញសាកសពសង្ស័យជាមនុស្សស្រីបានអណ្តែតតាមមាត់ទន្លេក្បែរច្រាំងកោះពេជ្រ ។ ភ្លាមៗ ក៏មានពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ខណៈនោះកម្លាំងជំនាញបានអោយបងប្អូនប្រជានេសាទចេញទូក ជួយអូសទៅក្រោមស្ពានព្រះមុន្នីវង្សថ្មី រួចស្រង់ឡើងមកលើគោក ដើម្បីទំនាក់ទំនងរកក្រុមគ្រួសារ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់អស់ ក៏បានប្រគល់ជូនសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ចែករំលែកព័តមាននេះ