រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាព ជីវភាព ការអប់រំ និងសេវាសង្គមនានា ជូនពលរដ្ឋ ។
មានប្រសាសន៍ជម្រាបជូនសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ការស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង ការផ្តល់សេវាសុខភិបាល ការអប់រំ និងសេវាសង្គម សាងសំណាញសុវត្ថិភាពសង្គម។ រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្រាប់ឆ្នាំ២០២៣-២០២៨ បានកំណត់យកការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីកសាងប្រព័ន្ធគាំពារសង្គម ឲ្យមានភាពរឹងមាំ ភាពធន និងប្រសិទ្ធភាពដូចសព្វថ្ងៃ រាជរដ្ឋាភិបាលបានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើធាតុសំខាន់ៗ ចំនួន ៣ រួមមាន ៖ ទី១ ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ទី២ ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ និងទី៣ ក្របខណ្ឌស្ថាប័ន ក្នុងនោះរាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញលិខិតបទដ្ឋានគតិយុត្តិ ឯកសារក្របខណ្ឌ ផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រ និងគោលការណ៍ណែនាំសំខាន់ៗសម្រាប់ធ្វើស្ថាប័ននូបយនីកម្ម ដាក់ឧ្យអនុវត្ត ក៏ដូចជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់ ។
សូមជម្រាបថា ប្រព័ន្ធគាំពារសង្គមជាប្រធានបទមួយក្នុងចំណោមប្រធានបទចំនួនបី ដែលសមាជ រដ្ឋសភា និងព្រឹទ្ធសភា លើកយកមកពិភាក្សា។
ប្រធានបទទាំងបី នៃកិច្ចប្រជុំសមាជ រដ្ឋសភា និងព្រឹទ្ធសភា មានប្រធានបទ ស្តីពី ប្រព័ន្ធគាំពារសង្គម ប្រធានបទ ស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទ ស្តីពី វិស័យកសិកម្ម ។
គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានក្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ១,២លានគ្រួសារ មានប្រមាណ ៤,៨៤លាននាក់ ស្មើនឹង ២៨% នៃចំនួនពលរដ្ឋសរុប។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីចំនួន៩។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ របបសន្តិសុខសង្គម បានក្របដណ្តប់លើពលរដ្ឋប្រមាណ ៣,១លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ៤២៥លានដុល្លារអាមេរិក បន្ថែមលើថវិកាវិភាគទាន ដែលប្រមូលបានពីសមាជិក ប.ស.ស សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន ៣សំខាន់ៗ ។
ចំណែកអន្តរាគមន៍ ឆ្លើយបតទៅគ្រោះអាសន្ន ក្នុងខណៈដែលប្រទេសជាតិជួបគ្រោះអាសន្ន ដែលរួមមានការរីករាលដាលជំងឺកូវីដ-១៩ សម្ភាធអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានគិតគូរ និងផ្តល់ការគាំពារដល់ពលរដ្ឋ ដើម្បីរក្សាលំនឹងជីវភាព កាត់បន្ថយការវិបាកអវិជ្ជមាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តាមរយៈការអន្តរាគមន៍ជំនួយសង្គម ពិសេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចំណាយថវិកាជាតិសរុបប្រមាណ ១ ៤២២ លានដុល្លារអាមេរិក ៕


ចែករំលែកព័តមាននេះ