ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំ​ដី ព្រែកជីក​ហ្វូ​ណ​នតេ​ជោ ​គ្រោង​បោះបង្គោល​បន្ថែម​ ៥០៦​ទៀត

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំ​ដី ព្រែកជីក​ហ្វូ​ណ​នតេ​ជោ ​គ្រោង​បោះបង្គោល​បន្ថែម​…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំ​ដី ព្រែកជីក​ហ្វូ​ណ​នតេ​ជោ ​គ្រោង​បោះបង្គោល​បន្ថែម​ ៥០៦​ទៀត ​។

លោក​ ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥​ថា គិត​ត្រឹម​បំណាច់​ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​បច្ចេកទេស​ បាន​ចុះ​ពិនិត្យ​ទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំ​ដី​តាម​បណ្តោយ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ​បញ្ចប់​ការងារ​សម្រាប់​កំណាត់​ទី​២ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ ទាំងស្រុង​ហើយ ​។

លោក​បាន​បន្ត​ថា ​កិច្ចការ​ខាងលើ​នេះ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ ដោយ​បន្ត​ពី​កំណាត់​ទី​១ ពី​ភូមិសាស្ត្រ​ព្រែក​ពោធិ៍ ស្រប​តាម​បណ្តោយ​ទន្លេបាសាក់ ឆ្ពោះទៅ​ព្រែក​តា​ហ៊ីង​ ។ ជា​រួម លទ្ធផល ​នៃ​ចំនួន​បង្គោល​ ដែល​បាន​ពិនិត្យ និង​បោះ​រួចរាល់​ក្នុង​ខេត្តកណ្តាល​ទាំងស្រុង ​សម្រាប់​កំណាត់​ទី​២ មាន​ចំនួន ២៣២​បង្គោល​ ។

បើ​តាម​អ្នកនាំពាក្យ​ដដែល​ បាន​លើក​ឡើង​ថា​ ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំ​ដី ​តាម​បណ្តោយ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ នឹង​ចាប់ផ្តើម​បោះបង្គោល​ បន្ត​ចាប់ពី​ព្រំប្រទល់​ខេត្តកណ្ដាល និង​ខេត្តតាកែវ រហូត​ដល់​ព្រំប្រទល់​ខេត្តតាកែវ និង​ខេត្តកំពត ដែល​គ្រោង​បោះបង្គោល​ប្រមាណ​ ៥០៦​បង្គោល​បន្ថែម​ទៀត ​។

គួរ​បញ្ជាក់​ថា សម្រាប់​កំណាត់​ទី​១ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ដែល​មាន​ប្រវែង​ ២១​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ ដល់​ព្រែក​ពោធិ៍ ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និង​កំពុង​បញ្ចប់​ការងារ​វាស់វែង ក្បាលដី ដែល​រង​ផល​ប៉ះពាល់​រួចរាល់ ​។

ជាមួយ​គ្នា​នោះ​ដែរ ​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ​ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​ខេត្តកណ្តាល កំពុង​បន្ត​អនុវត្ត​នីតិវិធី ​ពាក់ព័ន្ធ​ដើម្បី​បញ្ចប់​ការងារ​នេះ​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​។

បើ​គ្មាន​ការ​ប្រែប្រួល​ទេ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គ្រោង​ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០២៥ ​ខាង​មុខ​។ ដោយឡែក សម្រាប់​ចំនួន​គ្រឿងចក្រ​ ដែល​ត្រូវ​ធ្វើការ​ប្រើប្រាស់​ក្នុង​ការ​សាងសង់ អាស្រ័យ​លើ​ពេលវេលា ស្ថានភាព និង​ទីតាំង​ ដែល​ជ្រើសរើស​សម្រាប់​បើក​ការ​សាងសង់​ជា​ផ្លូវការ​។

ជា​រួម ក្រុមហ៊ុន​សាងសង់​ បាន​ត្រៀម​គ្រឿងចក្រ​រួចរាល់ រង់​ចាំតែ​ការ​អនុវត្ត​នីតិវិធី​ចាំបាច់ (​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។​ល​។) ​ទើប​ការ​សាងសង់​ចាប់ផ្តើម​បាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ