ខេត្តកំពង់ស្ពឺ ៖ ដីមួយកន្លែងដែលនៅជាប់នឹងជើងភ្នំកំពុងរងនូវការជីកកាយយកអាចម៍ដី និងកំទេចថ្ម ពីសំណាក់ក្រុមថៅកែគ្រឿងចក្រជាច្រើន ហើយដឹកយកលក់យ៉ាងរំភើយ សង្ស័យមិនមានលិខិតអនុញ្ញាត ជាហេតុធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ អស់លោកនិងអាជ្ញាធរមូលដ្ឋាននិងជំនាញពាក់ព័ន្ធ ហាក់មើលរំលងមិនមានវិធានការទប់ស្កាត់ទាល់តែសោះ ទាល់តែអស់ភ្នំ ក៏មិនដឹងដែរ ព្រោះពួកគេកាន់អំណាចស្រេចតែអញ! ។
ការដាក់គ្រឿងចក្រជីកកាយដីជាប់ជើងភ្នំសង្ស័យមិនមានច្បាប់អនុញ្ញាតនេះ ស្ថិតនៅក្នុងភូមិចាស់ ឃុំពេជ្រមុន្នី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។សកម្មភាពក្រុមគ្រឿងចក្រ និងរថយន្តដឹកអាចម៍ដី និងកំទេចថ្ម កំពុងតែធ្វើសកម្មភាពនៅ ជាប់ជើងភ្នំ ឃើញមានក្រុមរថយន្តបែនជាច្រើនគ្រឿងដឹកចេញយកមកចាក់បំពេញនូវដីមួយកន្លែង នៅមិនឆ្ងាយពីកន្លែងជើងភ្នំនោះទេ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមគ្រឿងចក្រខាងលើនេះបានធ្វើសកម្មភាពជីកកាយយកអាចម៍ដី និងកំទេចថ្មនេះជាយូរខែមកហើយ មិនដែលឃើញអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមានវិធានការទប់ស្កាត់ទាល់តែសោះ ទំនងចែកគ្នារស់ទេដឹង…ហេ! ហេ! ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថាបុគ្គលដែលជាថៅកែគ្រឿងចក្រខាងលើនេះបានអួតខ្លួនឯងថាជា (អ្នកកាសែត) ហើយថាគ្មានអ្នកណាហ៊ានសួរនាំលោកនោះទេ!។ មិនតែប៉ុណ្ណោះបុគ្គលម្នាក់នោះតែងតែលួចដាក់គ្រឿងចក្រធ្វើសកម្មភាពជីកកកាយយកអាចម៍ដី និងកំទេចថ្ម នៅជាប់នឹងជើងភ្នំ សង្ស័យមិនមានលិខិតអនុញ្ញាតពីអាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធនោះទេ។ ម្យ៉ាងទៀតក្រុមរថយន្តបែនដឹកជញ្ជូននោះមើលទៅមិនមានលក្ខណៈបច្ចេកទេសនោះទេ ដោយមិនបានគ្របឱ្យបានត្រឹមត្រូវមុននឹងដឹកចេញពីកន្លែងរណ្តៅជីកកាយនោះ។
ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមហាជនមានការសង្ស័យថាប្រហែលជាអស់លោកអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានសើមមាត់សើមមេជើងហើយ បានជាមិនអើពើក្នុងការចុះពិនិត្យ និងទប់ស្កាត់ក្រុមថៅកែ និងរថយន្តដឹកអាចម៍ដី និងកំទេចថ្មខាងលើនេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ធ្វើការសំណូមពរ ដល់អាជ្ញាធរខេត្តជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងជីកកាយយកអាចម៍ដីនិងកំទេចថ្ម ដែលនៅជាប់នឹងជើងភ្នំ ពីសំណាក់ក្រុមថៅកែគ្រឿងចក្រ នឹងដឹកធ្វើអាជីវកម្មនៅចំណុចខាងលើដើម្បីចាត់វិធានការឱ្យបានច្បាស់លាស់ (តើមានលិខិតអនុញ្ញាតដែរទេ.?) នឹងជួយពិនិត្យមើលអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលកន្លងមកតែងតែមានការលួចឃុបឃិតគ្នាជាមួយក្រុមជនឆ្លៀតឱកាសដែលតែងតែលួចធ្វើអាជីវកម្ម កេងចំណេញលើពន្ធសួយសាររបស់រដ្ឋបន្លំពីអាជីវកម្មខ្នាតធំមកខ្នាតតូចដោយសារតែមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធនេះផង។
ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋ អ្នកយកព័ត៌មានបានធ្វើការទំនាក់ទំនងទៅលោក ណុប ផាន់ណា មន្ត្រីជំនាញទទួលបន្ទុករ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ លោកនិយាយថា ជាប់រវល់ប្រជុំ ចាំពេលចប់ប្រជុំរួច លោកនិងចុះទៅពិនិត្យមើលហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ