រាជធានីភ្នំពេញ ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្យទា រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣ និងនគរបារបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅឃាត់ប្រមូល អ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះជិត២០នាក់ ។ ខណៈដែលជនទាំងនោះស្នាក់នែបែបអនាធិបតេយ្យតាមទីសាធារណៈ ហើយតែងតែចេញដើរសុំទាននៅតាមភ្លើងស្តុប តាមទីប្រជុំជន ជាពិសេសនៅតាមភូមិឋាននានារំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាល់ថ្ងៃ ។ បន្ទាប់មកសមត្ថកិច្ចចម្រុះខាងលើបានបញ្ជូនពួកគាត់ទៅកាន់មន្ទីរសង្គមកិច្ចរាធានីភ្នំពេញ ដើម្បីធ្វើការថែទាំ ឲ្យពួកគាត់មានអាហារហូបចុកគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅត្រឹមត្រូវ ។
យុទ្ធនាការនេះបានធ្វើឡើង កាលវេលាម៉ោង១១ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងដីឡូត៌ទំនេរមួយកន្លែង និងនៅក្រោមស្ពានអាកាសមហាវិថីសុី ជីនពីង ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខាងលើប្រមូលក្រុមអ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះបានចំនួន១៩នាក់ ក្នុងនោះមានបុរសចំនួន១៣នាក់ និងស្ត្រីចំនួន៦នាក់ ។
មន្ត្រីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្យទារាធានីភ្នំពេញបានប្រាប់ឲ្យដឹងថា យុទ្ធនាការប្រមូលក្រុមអ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះនេះធ្វើនៅតាមខណ្ឌទាំង១៤ទូទាំងរាជធានីភ្នំពេញតែម្ដង ពុំមែនធ្វើឡើងតែនៅក្នុងខណ្ឌពោធិ៍សែនជ័យ១ប៉ុណ្ណោះទេ ។ ក្នុងគោលបំណងលុបបំបំបាត់ភាពអនាធិបតេយ្យ និងភាពអាក្រក់មើលនៅតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ និងដើម្បីសុខសុវត្ថិភាពដល់អ្នកទាំងនេះផង និងបំបាត់ការធុញទ្រាន់ និងភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយពួកនេះផងដែរ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីការឃាត់ប្រមូលបានហើយ អាជ្ញាធរបានបញ្ជូនក្រុមអ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះទាំងអស់នេះ ទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្យទា រាធានីភ្នំពេញ ។ ដើម្បីឲ្យពួកគាត់មានអាហារហូបចុកគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅសមរម្យត្រឹមត្រូវ កុំឲ្យពួកគាត់ស្នាក់នៅបែបអនាធិបតេយ្យនៅតាមទិសាធារណៈនានា ដូចជាក្រោមស្ពាន ដីឡូត៌ ឬកន្លែងផ្សេងទៀត ។
ជាពិសេសឈប់ឲ្យពួកគាត់ដើរសុំទាននៅតាមតំបន់ភ្លើស្តុប ឬតាមទីប្រជុំជននិងតាមភូមិឋាននានា រំខានដល់ការរស់នៅនិងការប្រកបរបររកសុីរបស់ប្រជាពលរដ្ឋ តទៅទៀត ហើយក៏ប្រឈមនិងគ្រោះថ្នាក់ទៀតផង ៕





ចែករំលែកព័តមាននេះ