រឿងប៉ះទង្គិចនៅព្រំដែន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺពិតជាអាចសម្របសម្រួលសម្រាលភាពតានតឹង ហើយបង្វែរស្ថានការណ៍មករកប្រក្រតីភាពមកវិញបានឆាប់ទេ ប្រសិនបើមិនមានក្រុមអ្នកនយោបាយជាតិនិយមជ្រុលទាំងនៅកម្ពុជា និងថៃលូកដៃទេនោះ ។ ក្រោយសភាពការណ៍នេះបានផ្ទុះឡើងអ្នកនយោបាយប្រឆាំងកម្ពុជានៅក្រៅប្រទេសបានខិតខំប្រើប្រាស់ស្ថានការណ៍នេះ…
រឿងប៉ះទង្គិចនៅព្រំដែន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺពិតជាអាចសម្របសម្រួលសម្រាលភាពតានតឹង ហើយបង្វែរស្ថានការណ៍មករកប្រក្រតីភាពមកវិញបានឆាប់ទេ ប្រសិនបើមិនមានក្រុមអ្នកនយោបាយជាតិនិយមជ្រុលទាំងនៅកម្ពុជា និងថៃលូកដៃទេនោះ ។
ក្រោយសភាពការណ៍នេះបានផ្ទុះឡើងអ្នកនយោបាយប្រឆាំងកម្ពុជានៅក្រៅប្រទេសបានខិតខំប្រើប្រាស់ស្ថានការណ៍នេះ ដើម្បីអង្រួនស្ថានការណ៍នយោបាយនៅក្នុងប្រទេសតាមរយៈសារ និងការធ្វើអត្ថាធិប្បាយខុសពីការពិតជាច្រើននៅលើបណ្តាញសង្គម ។ ប៉ុន្តែដោយសារតែកម្លាំងប្រឆាំងនៅក្នុងស្រុក ត្រូវចុះខ្សោយ ស្ថានការណ៍នេះនៅមិនទាន់អាចធ្វើឲ្យស្ថានភាពប្រែប្រួលឡើយហើយម្យ៉ាងទៀតពលរដ្ឋអាចនឹងស៊ាំនឹងសារនយោបាយដដែលៗនេះផងដែរ ។
នៅខាងថៃនិន្នាការប្រើប្រាស់បណ្តាញសង្គមក៏ត្រូវបានគេប្រើប្រាស់កញ្ជ្រោកសភាពការណ៍គួរសមផងដែរ រហូតដល់រដ្ឋាភិបាលថៃ កាលពីម្សិលមិញនេះបានបិទ IP អ៊ីនធើណិតមួយចំនួន ដើម្បីកុំអោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ។

មកដល់ពេលនេះ ស្ថានភាពនៅព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសតំបន់ដែលមានការប៉ះទង្គិចគ្នា គឺនៅតែស្ថិតនៅក្នុងស្ថានភាពប្រុងជើងការ និងប្រយ័ត្នប្រយែងនៅឡើយទេ ។ កងកម្លាំងប្រដាប់អាវុធរបស់ភាគីកម្ពុជា និងថៃនៅតែបន្តប្រុងជើងការណ៍ទោះបីជាស្ថានភាពព្រំដែន និងការធ្វើចរាចរណ៍ទំនិញរវាងប្រជាជន និងប្រជាជននៅតែដំណើរការដដែលជាប្រក្រតី ។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ មានសារព័ត៌មានថៃខ្លះរាយការណ៍ថា ភាគីថៃបិទព្រំដែនមួយចំនួន១៦ កន្លែង ដែលជាប់នឹងកម្ពុជា ប៉ុន្តែក្រោយមកក៏មានព័ត៌មានបញ្ជាក់ជាបន្តបន្ទាប់ទាំងខាងភាគីកម្ពុជា និងថៃថា អ្វីៗនៅតែដដែល និងគ្មានការបិទឡើយ ។
ក្រោយពេលដែលមានសេចក្តីរាយការណ៍បែបនេះអាជ្ញាធរនៅតាមបណ្តាខេត្តជាប់នឹងព្រំដែនបានរាយការណ៍ជាបន្តបន្ទាប់ថា ស្ថានភាពព្រំដែន គឺនៅតែដដែល ហើយសកម្មភាពដោះដូរទំនិញ និងការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ចរន្តចេញចូលរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរ គឺនៅតែដំណើរការធម្មតា ។
និយាយរួមទៅសកម្មភាពនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ដែលសណ្តូកពីខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង់ ប៉ៃលិន ពោធិសាត់ រហូតដល់កោះកុង គឺនៅតែរក្សាបាននូវប្រក្រតីភាពនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ជីរ៉ាយូ ហួងសាប ( Jirayu Huangsap) បានត្រូវសារព័ត៌មានថៃ ដកស្រង់សម្តីថា នាយករដ្ឋមន្ត្រីថៃបាន និងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់នៅព្រំដែន ។
ដោយឡែកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលគេដឹងថា គឺជាអ្នកដែលមានឥទ្ធិពលនៅពីក្រោយរដ្ឋាភិបាលថៃបច្ចុប្បន្នត្រូវបានសារព័ត៌មាន the Nation ដកស្រង់សម្តីថា រដ្ឋាភិបាលថៃក៏មិនចង់ឲ្យមានបញ្ហាព្រំដែនដែរ ។ លោកបានអះអាងថា ស្ថានការណ៍នឹងត្រូវដោះស្រាយដោយការសន្ទនារវាងមន្ត្រីជាន់ខ្ពស់ទាំងសងខាង ។ លោក ថាក់ស៊ីន បានពន្យល់ថា ជម្លោះនេះកើតចេញពីការប៉ះទង្គិចគ្នាបន្តិចបន្តួចក្នុងចំណោមទាហានដែលប្រចាំការនៅក្នុងតំបន់ជម្លោះដោយសារការកំណត់មិនច្បាស់លាស់ ។
លោកបានបន្តថា បញ្ហាវាកើតត្រង់កន្លែងដែលព្រំដែនមិនច្បាស់លាស់ និងគ្មានសញ្ញាសម្គាល់ ។ លោកបានកត់សម្គាល់ថា ការបោះបង្គោលព្រំដែនជាផ្លូវការនៅទូទាំងពិភពលោកតែងចំណាយពេលរាប់សតវត្ស ដើម្បីបញ្ចប់ ហើយថាតំបន់ដែលប្រទាញប្រទង់នោះភាគច្រើនជាទីរហោស្ថាន ។ លោកក៏បានលើកឡើងថា លោកចង់ឲ្យទាហានប្រចាំតំបន់នោះលេងសើចដាក់ជាមួយយគ្នាជំនួសឲ្យការប្រយុទ្ធគ្នា ។
សរុបទៅ ប្រសិនបើមិនមានការលូកដៃពីអ្នកនយោបាយជាតិនិយមជ្រុលចូលមកពាក់ព័ន្ធ ហើយភាគីទាំងពីរប្រកាន់យកជំហរសន្តិសហវិជ្ជមានផ្អែកលើការចរចាឈរនៅលើផលប្រយោជន៍ទៅវិញទៅមក មិនយូរទេស្ថានភាពនឹងវិលមករកប្រក្រតីភាពឡើងវិញ ៕
ចែករំលែកព័តមាននេះ