ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​២​នាក់​ស្លា.ប់ និង​ជាង​៥០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​បារាំង បន្ទាប់​ពី PSG ឈ្នះ​ជើងឯក UCL

3 ថ្ងៃ មុន

ប្រទេស​បារាំង ៖ អាជ្ញាធរ​បារាំង​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា អ្នកគាំទ្រ​បាល់ទាត់​២​នាក់​បាន​ស្លាប់ ហើយ​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​សន្លប់​បាត់បង់​ស្មារតី​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ដែល​ហេតុការណ៍​នេះ​កើតឡើង អំឡុង​ពេល​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទូ​ទាំង​ប្រទេស​បារាំង សម្រាប់​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប Paris Saint-Germain…

ប្រទេស​បារាំង ៖ អាជ្ញាធរ​បារាំង​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា អ្នកគាំទ្រ​បាល់ទាត់​២​នាក់​បាន​ស្លាប់ ហើយ​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​សន្លប់​បាត់បង់​ស្មារតី​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ដែល​ហេតុការណ៍​នេះ​កើតឡើង អំឡុង​ពេល​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទូ​ទាំង​ប្រទេស​បារាំង សម្រាប់​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប Paris Saint-Germain ដែល​គ្រង​ជើងឯក​ពានរង្វាន់ UEFA Champions League ជា​លើក​ដំបូង កាលពី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC, Reuters និង AP បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥​។

សេវា​ប៉ូលិស​ជាតិ​បាន​អះអាង​ថា ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចាក់​សម្លាប់​នៅ​ក្នុង​ទីក្រុង Dax អំឡុង​ពេល​អបអរ​តាម​ដងផ្លូវ​ជាមួយ​ជ័យជម្នះ​របស់​ក្រុម PSG ដែល​បាន​យកឈ្នះ​ក្រុម Inter Milan ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ទីក្រុង​មុ​យ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់ ដោយ​លទ្ធផល ៥​ទល់​នឹង​០ ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់​លំដាប់​ទី​១​ទី្វ​ប​អឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

ចំណែក​ការិយាល័យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ទី​ក្រុងប៉ារីស នៅ​ពេល​ម៉ូតូ​របស់​គាត់​ត្រូវ​បាន​រថយន្ត​បុក អំឡុង​ការ​ជិះ​ដង្ហែ​ជ័យជម្នះ PSG ពេញទី​ក្រុង​បេះដូង​នៃ​ប្រទេស​បារាំង​មួយ​នេះ​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​បាត់បង់​ជីវិត​របស់​អ្នក​ទាំង​ពីរ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ហើយ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ ប៉ូលិស​ក៏​បាន​អះអាង​បន្ថែម​ថា មន្ត្រី​ប៉ូ​លី​សម្នាក់​ត្រូវ​បាន​បាញ់​ដោយ​ចៃដន្យ​ដោយ​កាំជ្រួច​ក្នុង​ទីក្រុង​កូតា​ន់ (Coutance) ភាគ​ពាយព្យ​ប្រទេស​បារាំង ហើយ​កំពុង​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ដោយសារ​តែ​របួស​ភ្នែក​ធ្ងន់ធ្ងរ​។

នៅ​ក្នុង​ការ​អបអរ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ ក្រសួងមហាផ្ទៃ​បារាំង​បាន​រាយការណ៍​ថា មនុស្ស​១៩២​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា ហើយ ៥៥៩​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​នោះ ៤៩១​នាក់ នៅ​ទី​ក្រុងប៉ារីស​។ ក្រសួង​បាន​បន្ត​ថា មន្ត្រី​ប៉ូលិស​ចំនួន​២២​នាក់ និង​អ្នក​ពន្លត់អគ្គីភ័យ ៧​នាក់​បាន​រង​របួស ដោយ​បាន​បន្ថែម​ថា យានជំនិះ​ចំនួន​២៦៤​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​។ ចំណែក​ការិយាល័យ​រដ្ឋ​អាជ្ញា​ទី​ក្រុងប៉ារីស​បាន​ប្រាប់ BBC ថា ហាង​ទំនិញ​ច្រើន​កន្លែង​ត្រូវ​បាន​គេ​ចូល​លួច​ក្នុង​តំបន់ Place des Ternes ហើយ​មនុស្ស​ជាប់​ពាក់ព័ន្ធ ៣០​នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​យក​ទៅ​ឃុំឃាំង​។

កម្លាំង​ប៉ូលិស​ប្រហែល ៥ ៤០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូ​ទាំង​ទី​ក្រុងប៉ារីស រីឯ​ប៉ូលិស​កុប្បកម្ម​តាម​សេចក្តីរាយការណ៍​បាន​ប្រើប្រាស់​ឡាន​បាញ់​ទឹក ដើម្បី​បញ្ឈប់​ហ្វូង​មនុស្ស​ព្យាយាម​ចូល​ទៅ​ដល់ទី​តាំង​ប្រវត្តិសាស្ត្រ Arc de Triomphe ហើយ​ក៏​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ផង​ដែរ ខណៈ​ការ​ប៉ះទង្គិច​គ្នា​ផ្សេង​ទៀត​រវាង​ប៉ូលិស និង​ហ្វូង​មនុស្ស ក៏​ត្រូវ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុងប៉ារីស​។

យ៉ាងណាមិញ គេ​ក៏​សង្កេត​ឃើញ​អ្នកគាំទ្រ​ភាគច្រើន ត្រូវ​បាន​រាយការណ៍​ប្រារព្ធ​ពិធី​អបអរ​ដោយ​សន្តិវិធី និង​រីករាយ​បំផុត ដោយ​មាន​ទាំង​ការ​ច្រៀង​រាំ​ជា​ច្រើន​នៅ​តាម​ដងផ្លូវ​។ ចំណែកឯ​ប៉ម​តួ​អេ​ហ្វែ​ល (Eiffel Tower) ទី​ក្រុងប៉ារីស ត្រូវ​បាន​បំភ្លឺ​ភ្លើងពណ៌​ខៀវ និង​ក្រហម ដើម្បី​បញ្ជាក់​ពី​ពណ៌​នៃ​និ​មត្តិ​សញ្ញា​ក្លិប PSG ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ