ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់គុក​៦​ឆ្នាំ​ ករណីប្លន់​ម៉ូតូ លើកនេះលួច​ម៉ូតូ​​ពី​ខណ្ឌទួលគោក មក​ជាប់​ខ្នោះ​នៅ​ស្រុក​អង្គស្នួល

3 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​គេ​បាន​ហើយ ​ជិះ​ពី​ម្ដុំ​សាលា​វិទ្យាល័យ​សាមគ្គី ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មក​ជួប​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ កំពុង​ល្បាត…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​គេ​បាន​ហើយ ​ជិះ​ពី​ម្ដុំ​សាលា​វិទ្យាល័យ​សាមគ្គី ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មក​ជួប​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ កំពុង​ល្បាត ក៏​ឃាត់ខ្លួន​បាន ខណៈ​ជនសង្ស័យ​រូប​នេះ ក៏​ជា​មុខសញ្ញា​ចាស់ ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស ​រយៈពេល​០៦​ឆ្នាំ ពី​បទ​ ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្លន់​ម៉ូតូ​) ។

សមត្ថកិច្ច​ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួនជនសង្ស័យ​រូប​នេះ ​កាលពី​វេលា​ម៉ោង០៦ និង២០នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ព្រុំ នុយ​ ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល។ ​ធ្លាប​ជាប់​ពន្ធនាគារ​នៅ​មណ្ឌល​អប់រំ​កែប្រែ​(​ម​១)​ព្រៃ​ស រយៈពេល​០៦​ឆ្នាំ ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​ម៉ូតូ​) និង​ប្រើប្រាស់គ្រឿង​ញៀន​ ជាយូរ​មក​ហើយ ​។

​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ចាប់​យក ៖
-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Suzuki nex  ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​(​ជា​មធ្យោបាយ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​កាច់ក​បាន​)
-​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក MI ពណ៌​ប្រ​ផះ
-​ដែក​ខ្សៀរ​រាង​អក្សរ​តេ​ចំនួន​០២​ដើម ដែក​តាន់​ប្រាំបី​ជ្រុង​រៀង​អក្សរ​តេ​ចំនួន​០១ ដែក​តាន់​រៀង​សំប៉ែត​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​០៥​ដើម សរសៃ​លួស​កែ​ច្នៃ​សម្រាប់​ឆ្កឹស​មេសោ​ចំនួន​០៥​សរសៃ នឹង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ព្រៃ​ពួច បាន​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​និង​តំបន់​ងាយ​រង​គ្រោះ ក៏​ប្រទះ​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង​គួរ​ឲ្យ​សង្ស័យ​។ ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រៃ​ពួច បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ ផ្នែក​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​ឃាត់​សួរនាំ នឹង​ឆែកឆេរ​ក៏​ឃើញ​មាន​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​មួយ​ចំនួន​នៅ​ក្រោម​កែបម៉ូតូ​របស់​ជនសង្ស័យ ភ្លាម​នោះ​កម្លាំង​ជំនាញ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Suzuki nex ពណ៌​ខ្មៅ​មួយ​គ្រឿង​ដែល​ខ្លួន​កំពុង​ជិះ ពី​ម្ដុំ​សាលា​វិទ្យា​ល័​សាមគ្គី ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​បាន​កាច់​ផ្លា​ក​លេខ​បោះចោល​នៅ​លូ​ទឹក​ស្អុយ​ម្ដុំ​ស្ទឹង​មាន​ជ័យ រួច​បាន​ឆ្លើយ​បន្ត​ទៀត​ថា ខ្លួន​ធ្លាប​ជាប់​ពន្ធនាគារ​នៅ​មណ្ឌល​អប់រំ​កែប្រែ​(​ម​១)​ព្រៃ​ស រយៈពេល​០៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៥ ក្នុង​ពី​បទ​: លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​ម៉ូតូ​) ផង​ដែរ និង​បាន​បន្ត​សារភាព​ថា ខ្លួន​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រយៈពេល​០៧​ឆ្នាំ​មក​ហើយ​ ។

លុះ​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩ និង ០៥​នាទី​ព្រឹក​នេះ ដោយ​មាន​បទបញ្ជា​ពី​លោក ឧត្ដមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ដកណ្ដាល និង​មានការ​សម្របសម្រួល​ពី ឯកឧត្ដម ព្រះរាជអាជ្ញា​ខេ​ក្ដ​កណ្ដាល កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ កម្លាំង​ប៉ុស្ដិ៍​នគរបាល​សៀម នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​ចុះ​ពិនិត្យ​ទីតាំង​ផ្ទះ​ជួល​របស់​ឈ្មោះ ព្រុំ ស្រី​នាង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល ត្រូវជា​បង​បង្កើត​របស់​ជនសង្ស័យ​ឈ្មោះ ព្រុំ នុយ (​ដែល​ធ្លាប់​ស្នាក់​នៅ​ជាមួយ​)​ជា​លទ្ធផល​នៃ​ការ​ពិនិត្យ​ឆែកឆេរ មិនឃើញ​មាន​វត្ថុ​តាង​ឬ​សម្ភារៈ​ផ្សេង​ៗ ដែល​ល្មើសច្បាប់​ឡើយ​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នគរបាល​ស្រុក​អង្គស្នួល កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ