ខេត្តព្រះសីហនុ ៖ ក្រោយពីឃើញការបង្ហោះចែកចាយតាមបណ្តាញសង្គម ថា មានរថយន្តមួយគ្រឿង បើកបរមានលក្ខណៈលឿន ជែងកៀរថយន្តមួយចំនួន នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ និងខេត្តកែបរួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញពិនិត្យមើលតាមបណ្តាគោលដៅនានាទូទាំងខេត្តព្រះសីហនុ ។
ជាលទ្ធផល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៨និង១៥នាទី លើផ្លូវ១០០ ត្រង់ចំណុច វេទិកា៧មករា ស្នាក់នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឃាត់បានរថយន្ដ ០១គ្រឿងម៉ាក FORD F150 ពណ៌ស ពាក់ផ្លាកលេខកម្ពុជាSYA.0809 បើកបរដោយឈ្មោះ WANG YONGSEN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ចិន មានបណ្ណបើកបរកម្ពុជា ប្រភេទ ខ(B) ចុះថ្ងៃទី07-04-2025 សុពលភាពរយៈពេល ១ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីបើកបរវ៉ាជែង នៅរាជធានីភ្នំពេញ និងប៉ះរថយន្ដ ១គ្រឿងទៀត នៅខេត្តកែប ។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បណ្តោះអាសន្ន ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា តាមចម្លើយអ្នកបើកបរខាងលើ បានទទួលស្គាល់កំហុសគ្រប់បែបយ៉ាងដូចដែលផ្សាយតាមបណ្តាញសង្គម និងព្រមទទួលខុសត្រូវចំពោះការខូចខាតទៅលើរថយន្តផ្សេងៗ ដែលបានប៉ះពាល់ ។
សូមរម្លឹកដែរថា «រថយន្ត FORD RAPTOR បើកលឿនជ្រែលើផ្លូវ៦០ម៉ែត្រ និងប៉ះពារអ្នកដទៃនៅខេត្តកែប លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ប្រាប់ថាលក់ឡាននេះយូរហើយ» ។ មានរថយន្តមួយគ្រឿងម៉ាក FORD RAPTOR F150 ពណ៌ស ស្លាកលេខ កម្ពុជា SYA-0809 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកក្នុងល្បឿនលឿន វ៉ាជែងរថយន្តគេខាងស្ដាំផង ខាងឆ្វេងផង ជ្រែគេជ្រែឯង ហើយមិនគោរពភ្លើងសញ្ញាចរាចរណ៍(មិនឈប់ស្តុបពណ៌ក្រហម)ថែមទៀត នៅលើផ្លូវ៦០ម៉ែត្រ កំលុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងមក ស្រាប់តែរថយន្តដដែលនេះ បានបើកបរលឿនកៀររថយន្តអ្នកដំណើរផ្សេងទៀតនៅតាមដងផ្លូវនៅខេត្តកែប រួចបើករត់គេចបាត់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។
ក្រោយបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរថយន្តខាងលើ បើកបរជ្រែគេជ្រែឯង ពេញផ្លូវ៦០ម៉ែត្រ មានការផ្សព្វផ្សាយថា ស្គាល់ហើយ! ម្ចាស់រថយន្ត Raptor F150 ពណ៌ស ស្លាកលេខ កម្ពុជា SYA-0809 ជារបស់លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងរាជធានីភ្នំពេញ ផែនការងារព្រហ្មទណ្ឌ ។
បើតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹក នៅល្ងាចថ្ងៃទី០១ មិថុនា ២០២៥នេះថា «មុននេះបន្តិច លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា បានទូរសព្ទមកបញ្ជាក់ប្រាប់ខ្ញុំ(លោក ផែង វណ្ណៈ)ថា រថយន្ដ Raptor F150 ពណ៌ស ពិតជារថយន្ដរបស់គាត់មែន តែគាត់បានលក់អោយឈ្មោះ ឡេ សារ៉េន តាំងពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៥ ដោយមានធ្វើលិខិតលក់ផ្ដិតមេដៃ ទុកជាឯកសារត្រឹមត្រូវ» ។
លោក ផែង វណ្ណៈ បន្តថា ទង្វើបើកបរប៉ះពារអ្នកដទៃ សូមសមត្ថកិច្ចស្រាវជ្រាវអញ្ជើញឈ្មោះ ឡេ សារ៉េន ដែលជាអ្នកទិញមកសួរនាំ ទើបដឹងការពិត ៕






ចែករំលែកព័តមាននេះ