រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានករណីហិង្សាមួយកើតឡើងដោយ សារករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ហើយប៉ះពាក្យសម្តីគ្នា រវាងបុរសម្នាក់ បានវាយអ្នកដឹកជញ្ជូនទំនិញតាមអនឡាញឈ្មោះ វ៉ាន់ ដាមសុធាវ័ន កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្រូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ករណីហិង្សាខាងលើនេះ ដំបូងអ្នកដឹកទំនិញតាមអនឡាញបានជិះម៉ូតូធ្វើដំណើរលើដងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះទៅបុកពីក្រោយ បណ្តាលឱ្យដួល ប៉ុន្តែអត់មានរបួសស្នាមទេ ហើយម៉ូតូដែលជិះបុកអ្នកដឹកទំនិញអនឡាញពីក្រោយនោះ ក៏មិនបានទៅណាដែរ ពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតជិះមកពីក្រោយ បានចុះទៅសំឡុតនិងទះកំផ្លៀងអ្នកដឹកអនឡាញមួយដៃ ហើយពោលពាក្យថា ហែងអត់ស្គាល់គាត់ជាអ្នកណាទេ ? រឿងហ្នឹងក៏ចប់ទៅ ។
ក្រោយហេតុការណ៍នោះកើតឡើង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាគីទាំងពីរ ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាលស្បូវ ស្រាប់តែធ្លាយរឿងអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ជាមុខសញ្ញាធ្លាក់ប្លន់ម៉ូតូនៅខេត្តរតនគិរី កាលពីឆ្នាំ២០២៣ ដោយមានដីកាតាមចាប់ខ្លួន ។
សូមជម្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានអញ្ជើញភាគីទាំងពីរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលរាលស្បូវ ដើម្បីសួរនាំជុំវិញករណីហិង្សានេះ ។ ភាគីបុរសដែលប្រើហិង្សាគឺមិនបានចូលរួមដោយផ្ទាល់នោះទេ ដោយឱ្យតំណាងជំនួសបង ប្រុសចូលមកដោះស្រាយ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ។ ក្រោយពីសួរនាំរួច ភាគីទាំងពីរបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នាទេ ដោយភាគីបុរសដែលប្រើអំពើហិង្សា យល់ព្រមសងសំណងជំងឺចិត្តចំនួន២លានរៀល ជូនដល់ភាគីអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ហើយសមត្ថកិច្ចធ្វើការណែនាំអប់ និងធ្វើកិច្ចសន្យាមិនឱ្យមានករណីហិង្សានោះទៀត ។
បន្ទាប់ពីដោះស្រាយករណីគ្រោះថ្នាក់ចរាចរដោយហិង្សារួចរាល់ហើយនោះ នាថ្ងៃដដែលសមត្ថកិច្ចបានទទួលដីកាបង្គាប់ឱ្យចាប់ ខ្លួនរបស់លោក សាយ គួហាវ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគីរី ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បញ្ជាឱ្យឃាត់ខ្លួនជនត្រូវចោទឈ្មោះ វ៉ាន់ ដាម សុធាវ័ន (ហៅ កណ្តុរ) ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិល្អឺន ឃុំតឺន ស្រុកកួនមុំ ខេត្តរតនគីរី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។
ជនត្រូវចោទឈ្មោះ វ៉ាន ដាមសុធាវ័ន (ហៅ កណ្តុរ) ភេទប្រុស អាយុ១៨ ឆ្នាំ បានរត់គេចពីខេត្តរតនគីរី មកលាក់ខ្លួននៅរាជធានីភ្នំពេញ ប្រកបមុខរបរជាអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ ។
បច្ចប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ខ្លួនឲ្យទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីយកទៅចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ