សហអាមេរិក ៖ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក នៅក្នុងសេចក្តីសម្រេចដ៏ធំកាលពីថ្ងៃពុធ បានរារាំងមិនឱ្យពន្ធគយរបស់លោក ដូណាល់ ត្រាំ (Donald Trump) ចូលជាធរមានឡើយ បន្ទាប់ពីបានរកឃើញថា ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ បានប្រើប្រាស់សិទ្ធិអំណាចហួសដែនកំណត់ ដោយការដាក់ពន្ធលើការនាំចូលពីដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

តុលាការបានអះអាងថា រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានផ្តល់សភានូវសិទ្ធិអំណាចផ្តាច់មុខក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ ដែលមិនត្រូវបានបដិសេធដោយអំណាចបន្ទាន់របស់ប្រធានាធិបតី ដើម្បីការពារសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើយ ។
ចៅក្រម៣រូបបានបញ្ជាក់ក្នុងសេចក្តីសម្រេចនៃដីកាអចិន្ត្រៃយ៍ថា «តុលាការមិនអនុម័តផ្អែកលើចំណេះដឹង ឬប្រសិទ្ធភាពណាមួយនៃការប្រើប្រាស់ពន្ធគយរបស់ប្រធានាធិបតីជាអានុភាពនោះទេ។ ការប្រើប្រាស់នោះមិនអនុញ្ញាត មិនមែនដោយសារតែផ្អែកលើចំណេះដឹង ឬប្រសិទ្ធភាពនោះទេ ប៉ុន្តែដោយសារច្បាប់សហព័ន្ធមិនអនុញ្ញាត»។
ទន្ទឹមជាមួយគ្នានោះ ចៅក្រមក៏បានបញ្ជាឱ្យរដ្ឋបាលលោក ត្រាំ ចេញបទបញ្ជាពន្ធគយថ្មី ដែលឆ្លុះបញ្ចាំងតបតាមដីកាអចិន្ត្រៃយ៍របស់តុលាការក្នុងរយៈពេល១០ថ្ងៃ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប៉ុន្មាននាទីក្រោយសេចក្តីសម្រេចត្រូវបានចេញផ្សាយរដ្ឋបាលលោក ត្រាំ បានចេញសេចក្តីជូនដំណឹងពីការប្តឹងឧទ្ធរណ៍ ព្រមទាំងចោទសួរអំពីសិទ្ធិអំណាចរបស់តុលាការថែមទៀតផង។

តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក បានធ្វើឱ្យមានសុពលភាពភ្លាមៗ គ្រប់ដណ្តប់លើវិធានការពន្ធគយទាំងអស់របស់លោក ត្រាំ ចាប់តាំងពីខែមករា ដែលមាននៅក្នុងច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ IEEPA ដែលជាច្បាប់មានន័យដើម្បីដោះស្រាយការគំរាមកំហែង អំឡុងពេលមានអាសន្នជាតិ។
សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក ដែលមានមូលដ្ឋានក្នុងសង្កាត់ម៉ាន់ហាតាន់ (Manhattan) ទីក្រុងញូវយ៉ក ជាមួយមានតួនាទីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងច្បាប់គយ អាចត្រូវបានប្តឹងឧទ្ធរណ៍ទៅតុលាការឧទ្ធរណ៍សហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងចុងក្រោយឡើងដល់តុលាការកំពូលអាមេរិកតែម្តង៕ ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ