រាជធានីភ្នំពេញ ៖ ជុំវិញការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រហូតដល់បណ្តាលឲ្យទាហានកម្ពុជាម្នាក់ស្លា.ប់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសន្និដ្ឋានថា មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់របស់រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ដ្រីថៃនោះទេ វាអាចកើតចេញពីបុគ្គល ឬអង្គភាពថ្នាក់ខាងក្រោម ។

ថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ការបញ្ជូនអាវុ.ធយុទ្ធភណ្ឌទៅព្រំដែន នៅពេលនេះ មិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀតបង្កហេតុណាមួយ ។ រឿងនេះបទពិសោធន៍ដែលកើត ឡើងនៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ។
សម្ដេចតេជោ មានប្រសាសន៍ថា «លើកនេះ ខ្ញុំមិនជឿថា វាជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្ដ្រីថៃ ឬក្រសួងការពារជាតិថៃ អនុញ្ញាតឱ្យបែបនេះទេ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺជាហាក់ដូចជា កើតឡើងដោយបុគ្គល ឬអង្គភាពនៅខាងក្រោមទៅធ្វើរឿងនេះ ដែលព្រលឹមស្រាងៗចាប់ផ្ដើមវា.យឆ្ម.ក់ ។ ប៉ុន្ដែម៉ោង៦ល្ងាចម្សិលមិញក៏ត្រូវបានដកត្រឡប់ទៅវិញ» ។

សម្ដេចតេជោ បន្ដថា « ប្រសិនបើនេះជាគោលការណ៍របស់រាជរដ្ឋាភិបាល ប្រហែលជាកម្លាំងនេះមិនត្រូវបានដកទេ ចឹងច្បាស់ណាស់ថា មិនមែនជាបន្ទាត់នយោយបាយរបស់រាជរដ្ឋាភិបាលថៃ ឬក៏ក្រសួងការពារជាតិថៃ ឬកងទ័ពថៃទាំងមូលនោះទេ ប៉ុន្ដែអាចចេញមកពីអង្គភាពតែប៉ុណ្ណោះ ។ នេះគ្រាន់តែជាការប៉ានស្មានរបស់ខ្ញុំតែប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសាររំលឹកថា កន្លែងទាហានខ្មែរបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ កាលពីព្រឹកថ្ងៃ២៨ ឧសភា គឺជាទីកន្លែងដែលសម្តេចធ្លាប់ទៅអង្គុយអំឡុងពេលមានការផ្ទុះអាវុ.ធរវាងកងទ័ពកម្ពុជា-ថៃ កាលពីអំឡុងឆ្នាំ២០០៩ ។
សម្តេចតេជោ បានរំលឹកពីការដឹកនាំកងកម្លាំង ទៅដល់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាទីកន្លែងធ្លាប់មានសង្គ្រាមជាមួយភាគីថៃ កាលពីឆ្នាំ២០០៩ថា គឺសម្តេចមិនមែនជានាយករដ្ឋ មន្ត្រីចាំតែអង្គុយធ្វើការ ឬស៊ីញ៉េ តែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ពោល គឺសម្តេចបានចេញមកដោះស្រាយបញ្ហាប្រទេសជាតិទាំងហាលថ្ងៃ និងហាលភ្លៀងច្រើនជាងអង្គុយក្នុងម៉ាស៊ីនត្រជាក់ ។ សម្រាប់ប្រវត្តិនៃការតស៊ូជាមួយភាគីថៃនេះដែលពីថ្ងៃ២៨ ឧសភា មានទាហានខ្មែរបានបាត់បង់ជីវិតនោះ សម្តេចតេជោ គូសរំលឹកថា «អាកន្លែងកើតឡើងពីម្សិល ជាទីកន្លែងដែលឆ្នាំ២០០៩ខ្ញុំទៅកន្លែងនុង ហេតុអីបានជាទឹកដីគេ ។ ពីដើមគេមានសាលាមួយ តែសាលាហ្នឹងវាឆេះហើយ ។ ខ្ញុំទៅអង្គុយកន្លែងហ្នឹង អីចឹងបានជាខ្ញុំមិនអស់ចិត្ត ហេតុអ្វីបានជាទាហានរបស់យើងត្រូវស្លា.ប់នៅកន្លែងហ្នឹង កន្លែងហ្នឹងខ្ញុំទៅអង្គុយ» ។
សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបា.ញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បានបណ្តាលឲ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ គឺព្រិន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ ។
បើតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត៕
ចែករំលែកព័តមាននេះ