ខេត្តព្រៃវែង ៖ ជនសង្ស័យ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀន ចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាងថ្នាំញៀន ចំនួន៥ កញ្ចប់ផងដែរ ។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បាទឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៧ ឧសភា លោកបានដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយកម្លាំងអាវុធហត្ថស្រុកមេសាង និងស្រុកកំពង់ត្របែក អនុវត្តវិធានបញ្ឆោតឲ្យជនសង្ស័យបញ្ចេញថ្នាំ រួចក៏ចូលទៅក្រសោបចាប់បានជាបន្តបន្ទាប់ សរុបចំនួន ៥នាក់ ។
លោក ផាត់ សុជោត បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានចាប់ខ្លួន រួមមាន ៖
ទី១. ឈ្មោះ អ៊ូច រស្មី ភេទប្រុស អាយុ ២៣ឆ្នាំ
ទី២. ឈ្មោះ ភី ដាណេត ភេទប្រុស អាយុ ២៦ឆ្នាំ
ទី៣. ឈ្មោះ ធីឡឹក ភេទប្រុស អាយុ ៣១ឆ្នាំ
ទី៤. ឈ្មោះ ហ៊ាប ហូវ ភេទប្រុស អាយុ ៣៣ឆ្នាំ
និងទី៥. ឈ្មោះ ផង់ ចិន ភេទប្រុស អាយុ ៣៨ឆ្នាំ ។
ចំណែកវត្ថុតាង ដែលដកហូតបាន រួមមាន ៖ ថ្នាំញៀនម្សៅក្រាម ពណ៌ស ចំនួន ៥កញ្ចប់, ជញ្ជីងថ្លឹងថ្នាំមួយគ្រឿង, ឧបករណ៍ជក់ថ្នាំ ៣សម្រាប់, កែវជក់ថ្នាំចំនួន២ និងកាំភ្លើងសប់ខ្យល់ ១ដើម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុក នូវបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ