ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្ហូរកាកសំណល់ពីរោងចក្រ ធ្វើឱ្យត្រីរាប់តោនពុ.ល.ងា.ប់

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្ត​ព្រះ​សីហ​នុ​+​កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ពលរដ្ឋ​បាន​រាយការណ៍​ថា ត្រី​ចិញ្ចឹម​ក្នុង​បែ​របស់​ប្រជាពលរដ្ឋ​ចាប់ផ្តើម​ងាប់​បន្ត​ទៀត នៅ​ចំណុច​ព្រែក​កំពង់​ស្មាច់ ក្នុង​ឃុំ​សាមគ្គី ។…

ខេត្ត​ព្រះ​សីហ​នុ​+​កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ពលរដ្ឋ​បាន​រាយការណ៍​ថា ត្រី​ចិញ្ចឹម​ក្នុង​បែ​របស់​ប្រជាពលរដ្ឋ​ចាប់ផ្តើម​ងាប់​បន្ត​ទៀត នៅ​ចំណុច​ព្រែក​កំពង់​ស្មាច់ ក្នុង​ឃុំ​សាមគ្គី ។ ពួក​គាត់​អះអាង​ថា ការ​ងាប់​ត្រី​នេះ​គឺ​មក​ពី​រោងចក្រ​មួយ​កន្លែង​របស់​ក្រុមហ៊ុន គូ​ប៊ុ​ន​(​ខេ​ម​បូ​ឌា​)​បាយ​អូ​ថេ​កណ​ឡ​ជី​(cambodia) Biotechnology co.,ltd មា​នទី​តាំងនៅ​ឃុំ​សាមគ្គី បាន​បង្ហូរ​សំណល់​រាវ​ចូល​ទឹក​ព្រែក​ធម្មជាតិ ។

ករណី​ពុល​ត្រី​ងាប់​នេះ ក៏​មាន​សេចក្ដីរាយការណ៍​ពី​ខេត្តកំពង់ស្ពឺ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥ ដែល​ត្រី​តូច​ធំ​ក្នុង​ស្ទឹង​ព្រែក​ត្នោត​បាន​ពុល​ងាប់​ក្នុងភូមិ​សាស្ត្រ​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង ។

ចំពោះ​ការ​ពុល​ត្រី​ងាប់​នៅ​ស្រុក​ព្រៃ​នប់ ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​ដឹកនាំ​ដោយ​លោក ចេ​ន រ៉េ​ត នាយករង​រដ្ឋបាល​សាលាខេត្ត ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ ការិយាល័យ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ពិនិត្យ​ជាក់​ស្តែង​នៅ​ទីតាំង​រោងចក្រ​ក្រុមហ៊ុន​ខាងលើ​ឃើញ​ថា រោងចក្រ​កំពុង​ធ្វើ​ឃ្លាំង​សម្រាប់​ស្តុក​និង​ត្រាំ​ស្បែក​គោ តាម​លក្ខណៈ​បច្ចេកទេស​។ រោងចក្រ​បាន​ពុំ​ទាន់​កែប្រែ​ចំណុច​បង្ហូរ​ចេញពី​អាង​ប្រព្រឹត្តិកម្ម​តាម​ការ​ណែនាំ និង​បញ្ជា​ឱ្យ​កែប្រែ ។ ករណី​បង្ហូរ​សំណល់​ចេញពី​អាង​ព្រឹត្តិ​កម្ម ក៏​ពុំ​ទាន់​បាន​សម្អាត​តាម​ស្តង់ដារ​ដើម្បី​បង្ហូរ​ចូល​ព្រែក ។

បំពង់​ទុយោ​ទំហំ​៤០០​មិល្លីម៉ែត្រ ភ្ជាប់​ពី​អាង​ប្រព្រឹត្តិកម្ម​រហូត​ដល់​ព្រែក​កំពង់​ស្មាច់ មាន​ប្រវែង​ប្រហែល​២​គីឡូម៉ែត្រ ក្រុមការងារ​ពិនិត្យ​ឃើញ​ថា រោងចក្រ​ពុំ​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ​របស់​ខ្លួន​តាម​ស្តង់ដា​បច្ចេកទេស​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​បំពុល​ទឹក ប៉ះពាល់​ដល់​ជីវៈចម្រុះ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ត្រី ខណៈ​មាន​កំណកខ្លាញ់​កក​អណ្តែត​លើ​ផ្ទៃ​ទឹក ។

ក្រុមការងារ​បាន​យក​សំណាក​ទឹក​ក្មុ​ង​ព្រែក​ទល់មុខ​បំពង់​ទុយោ​រោងចក្រ​ចំនួន​១,៥​លី​ត្រទៅ​​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​នៃ​ក្រសួងបរិស្ថាន ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ពលរដ្ឋ​បាន​បញ្ជាក់​ថា ត្រី​ចិញ្ចឹម​របស់​ពួក​គាត់​បាន​ងាប់​ច្រើន​ជាង​ពេល​កន្លង​ទៅ គឺ​ងាប់​បង្ហើយ​ក្នុង​បែ​ចិញ្ចឹម​តែ​ម្តង ដែល​១​ក្បាល​ៗ​មាន​ទម្ងន់​ពី​ជាង​កន្លះ​គីឡូក្រាម​ទៅ​ជិត​១​គីឡូក្រាម គឺ​ងាប់​រាប់​តោន ។

លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ថ្លែង​ថា នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​បាន​ទៅ​ពិនិត្យ​ឃើញ​ថា ទឹក​ព្រែក​មាន​ពណ៌​ខ្មៅ ហើយ​មាន​ក្លិនស្អុយ បណ្តាល​ឱ្យ​ត្រី​ងាប់​ប្រមាណ​ចំនួន ២៦ ៦០០​ក្បាល ក្នុង​នោះ ក៏​មាន​ត្រី​ដែល​រដ្ឋបាល​ខេត្ត​បាន​ឧបត្ថម្ភ​ដល់​កសិករ​ប្រមាណ​២​ម៉ឺន​ក្បាល​ផង​ដែរ ។ ត្រី​ដែល​ងាប់​នោះ​មាន ត្រី​ឆ្ពង់​ចំនួន ១៨៨​ក្បាល ទម្ងន់ ៣២៦​គីឡូក្រាម ត្រី​នៅ​តាម​ដងព្រែក​មាន ត្រី​អណ្តែង​ប៉ុយ ត្រី​កា​តង ត្រី​កា​កឺ​ម​បាយ ត្រី​ត្បក អន្ទង់​ក៏​មាន​ងាប់​មួយ​ចំនួន​អណ្តែត​តាម​ដងព្រែក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​អេកូឡូស៊ី​ទាំងស្រុង​ផង​ដែរ ។

លោក Li Jinfao តំណាង​ក្រុមហ៊ុន គូ​ប៊ុ​ន​(​ខេ​ម​បូ​ឌា​)​បាយ​អូ​ថេ​កណ​ឡ​ជី (cambodia) Biotechnology co.,ltd បាន​ប្រាប់​ក្រុមការងារ​ថា រោងចក្រ​មិន​ទាន់​បាន​ដំណើរការ​នៅឡើយ​ទេ ប៉ុន្តែ​រោងចក្រ​កំពុង​សាក​ម៉ាស៊ីន ហើយ​ប្រហែលជា​បុគ្គលិក​មានការ​ធ្វេសប្រហែស ទើប​បណ្តាល​ឱ្យ​សំណល់​រាវ​ហូរ​ចូល​ព្រែក​បែប​នេះ ។

តំណាង​ក្រុម​ហុ​៊​នរូ​ប​នេះ​បដិសេធ​ថា ក្រុមហ៊ុន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​បរិស្ថាន មិន​បាន​បង្ហូរ​សំណល់​រាវ​តាម​បំពង់​បង្ហូរ ដែល​បាន​បង្កប់​បង្ហូរ​ចូល​ព្រែក​នោះ​ទេ ។ ក្នុង​នាម​តំណាង​ក្រុមហ៊ុន ចំពោះ​ការ​បំពុល​នេះ បាន​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ការ​ហូរ​ចូល​សំណល់​រាវ​ចេញពី​អាង​ប្រព្រឹត្តិកម្ម​របស់​រោងចក្រ ។

ជាមួយនឹង​ការ​ឆ្លើយ​បកស្រាយ​របស់​តំណាង​ក្រុមហ៊ុន​នេះ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គឺ​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ត្រី​ចាប់ផ្តើម​ងាប់​ជា​បន្ត​ទៀត ព្រោះតែ​រោងចក្រ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុមការងារ​។ ពួក​គាត់​សួរ​ថា តើ​ការ​ខាតបង់​កើត​ចេញពី​ការ​ប្រឹងប្រែង​ចំណាយ​ដើមទុន​ជា​ច្រើន​យក​មក​ចិញ្ចឹម​ត្រី​នេះ លុះដល់​ត្រី​ងាប់​គ្មាន​សល់ តើ​អ្នក​ណា​ជួយ​ពួក​គាត់​បាន ?

ចំណែក​សេចក្ដីរាយការណ៍​ពី​ខេត្តកំពង់ស្ពឺ​ក៏​ឱ្យ​ដឹង​ដែរ​ថា ត្រី​តូច​ធំ​បាន​ពុល​ងាប់​នៅ​ក្នុង​ស្ទឹង
ព្រែក​ត្នោត មុខ​វិមាន​ឯករាជ្យ ក្នុង​ក្រុង​ច្បារមន កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ ។
ពលរដ្ឋ​ម្នាក់​និយាយ​ថា ត្រី​តូច​ធំ បាន​ពុល​ងើបឡើង​ហែល​នៅ​លើ​ផ្ទៃ​ទឹក ។ ពេល​ឃើញ​ដូច​នោះ ពួក​គាត់​ក៏​នាំ​គ្នា​ចុះ​ចាប់​ត្រី ខ្លះ​មាន​ដំបង​ចាំ​វាយ ខ្លះ​ទៀត​មាន​មង ខ្លះ​ទៀត​មាន​ស្ន ឬ​ច្បូក និង​ខ្លះ​ទៀត​មាន​កន្ត្រង​ចាំ​ចូក​ត្រី​យក​ទៅ​ធ្វើ​ម្ហូប ដែល​ម្នាក់​ៗ​រកបាន​ត្រី​គ្រាន់​ធ្វើ​ម្ហូប ។

គាត់​បន្ត​ថា ការ​ពុល​ត្រី​តូច​ធំ​នេះ ទើបតែ​កើត​មាននៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ ដែល​សង្ស័យ​ទឹក​សំណល់​ស្វាយ​ដែល​គេ​បង្ហូរ​ចេញពី​រោងចក្រ ឬ​ក្រុមហ៊ុន ចូល​មក​ក្នុង​ស្ទឹង​ព្រែក​ត្នោត ទើប​បានជា​ពុល​ត្រី​ទាំង​ធំ​ទាំង​តូច​បែប​នេះ ហើយ​បញ្ហា​នេះ តែង​កើត​មាន​រៀង​រាល់​ឆ្នាំ ខណៈ​មាន​ភ្លៀង​ធ្លាក់ ហើយ​មានទឹក​ហូរ​ចូល​ក្នុង​ព្រែក ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ស្ទឹង​ព្រែក​ត្នោត​នៅ​មុខ​សួន​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏​ធ្លាប់​មាន​ត្រី​ពុល​ងាប់​ដែរ ដែល​រាល់ពេល​ធ្លាក់​ភ្លៀង​ម្តង​ៗ ក្រុមហ៊ុន និង​រោងចក្រ​កែ​ច្នៃ​ស្វាយ តែងតែ​បង្ហូរ​សំណល់​ចូល​ស្ទឹង ។

ពលរដ្ឋ​ម្នាក់​ទៀត​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​ម្តុំ​វត្ត​តោង​ហោង ក្នុង​ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច និង​ម្តុំ​ស្ពាន​ជប៉ុន ក្នុងភូមិ​ពាម​ឃ្លៃ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ក៏​មាន​ត្រី​ពុល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ដែរ ។ ពាក់ព័ន្ធ​នឹង​ត្រី​តូ​ធំ​ពុល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ផ្អើល​អ្នកស្រុក​នេះ មិន​ទាន់​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ បញ្ជាក់​ពី​មូលហេតុ​អ្វី​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ