ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Amorim នឹង​នាំ​យក​កីឡាករ​ពី ASEAN All Stars ទៅ​រួម​ក្រុម Man Utd បើ​តប​តាម​ការ​ចង់បាន​របស់​លោក

2 ថ្ងៃ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ លោក Ruben Amorim អ្នកចាត់ការ​ក្រុម Manchester United បាន​ប្រកាស​នឹង​នាំ​យក​កីឡាករ​ពី​ក្រុម​តារា​ឆ្នើម​តំបន់​អាស៊ាន ASEAN…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ លោក Ruben Amorim អ្នកចាត់ការ​ក្រុម Manchester United បាន​ប្រកាស​នឹង​នាំ​យក​កីឡាករ​ពី​ក្រុម​តារា​ឆ្នើម​តំបន់​អាស៊ាន ASEAN All Stars ទៅ​រួម​ក្រុម​របស់​លោក ប្រសិនបើ​លោក​មើលឃើញ​ថា នរណា​ម្នាក់​មាន​សមត្ថភាព​ត្រូវ​នឹង​ការ​ចង់បាន​របស់​លោក​។

ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ ពោល​មុន​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​របស់​ក្រុម​បិសាច​ក្រហម Man Utd ទល់​នឹង​ក្រុម ASEAN All Stars ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ Bukit Jalil ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​វេលា​ម៉ោង​៧:៤៥​នាទី​យប់​នេះ (​ម៉ោង​នៅ​កម្ពុជា​) លោក Ruben Amorim បាន​ផ្តល់​ចម្លើយ​ពាក់ព័ន្ធ​នឹង​ការ​ដោះ​ដូរ​កីឡាករ​ក្នុង​ក្រុម​របស់​លោក ត្រៀម​សម្រាប់​ការ​ប្រកួត​រដូវ​កាល​ក្រោយ​។

គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៤០​ឆាំ្ន​រូប​នេះ បាន​រំលេច​ពី​ការ​បើកទ្វារ​នាំ​យក​កីឡាករ​ពី​ក្រុម ASEAN All Stars យ៉ាង​ដូច្នេះ​ថា «​យើង​ចង់បាន​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​។ ប្រសិនបើ​ខ្ញុំ​ឃើញ​នរណា​ម្នាក់ [​ពី​ក្រុម ASEAN All Stars] ដោយ​មាន​សមត្ថភាព​គ្រប់គ្រាន់ កីឡាករ​រូប​នោះ​អាច​ស្ថិត​ក្នុង​បញ្ជី​របស់​យើង​! មិន​ថា​ក្នុង​តំបន់​ទេ អ្នក​ទាំងអស់​គ្នា​មានឱកាស ប្រសិនបើ​អ្នក​បង្ហាញ​ទម្រង់​លេង​បាន [​ទម្រង់​លេង​ដ៏​ល្អ​] អ្នក​គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ហើយ​!»​។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​ទល់​នឹង​ក្រុម ASEAN All Stars ហើយ Man Utd នឹង​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយទៀត​តទល់​នឹង​ក្រុម​ជម្រើសជាតិ​ហុងកុង នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ខាង​មុខ នៅ​កីឡដ្ឋាន​ទីក្រុង​ហុងកុង​ផ្ទាល់​តែ​ម្តង​។ ខណៈ​ការ​ប្រកួត​មិត្តភាព​ទាំង​ពីរ​នេះ ជា​ប្រកួត​ដ៏​សំខាន់​សម្រាប់​លោក Ruben Amorim ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ​របស់​លោក ពិសេស​ផ្តោត​យុវជន​តែ​ម្តង ដែល​ជា​កូនសោ​ដ៏​សំខាន់​ក្នុង​ផែនការ​សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ដែល​នឹង​បើកទ្វារ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

សូម​ជម្រាប​ជូន​ថា កីឡាករ កាន់ ម៉ូ និង​កីឡាករ Abdel Kader Coulibaly សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​បាន​ចូលរួម​ជាមួយ​ក្រុម ASEAN All Stars ប្រកួត​តទល់​នឹង​ក្រុម Man Utd ផង​ដែរ​។ សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ខ្សែការពារ កាន់ ម៉ូ របស់​ក្លិប​វិសាខា និង​ខ្សែប្រយុទ្ធ Kader របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​ឆ្នើម តំបន់​អាស៊ាន​សរុប​ចំនួន​២៦​នាក់​មក​ពី​ប្រទេស​កម្ពុជា ថៃ វៀតណាម ឥណ្ឌូ​ណេ​ស៊ី ឡាវ​ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន អូស្ត្រាលី សិង្ហ​បុរី មី​យ៉ា​ន់​ម៉ា និង ទី​ម័​រ​ខាងកើត ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​លោក Kim Sang-sik បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម និង​ជា​អ្នក​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម ASEAN All Stars ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​ដ៏​សំខាន់​នេះ​។

ក្រៅពី កាន់ ម៉ូ និង Kader កីឡាករ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា​២​រូប​ផ្សេង​ទៀត គឺ​ខ្សែប្រយុទ្ធ​ឡាវ Bounphachan Bounkong របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ខ្សែប្រយុទ្ធ​ទី​ម័​រ​ខាងកើត João Pedro របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ក៏​ត្រូវ​បាន​ជ្រើសរើស​ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខាងត្បូង​ផង​ដែរ​៕ ប្រភព ៖ Manchester Evening News និង Seasia goal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ