រាជធានីភ្នំពេញ ៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតក្រោយពីផ្លូវថ្មើរជើងនេះ បានបើកឱ្យដំណើរការជាបណ្តោះអាសន្ន អស់ជាង៤ខែ ហើយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលែងកម្សាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។

ការបញ្ជាក់ពីគម្រោង នៃការបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ឧសភានេះ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្ន ប៉ុន្មានខែនេះ ពិតជាទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ទៅតាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ផងដែរថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូរណ៍ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ ការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូល ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសីល្បៈ ក៏ឱ្យធំ ហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងចតុមុខ (Walk Street) ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ ។
លោក ឃួង ស្រេង បានបន្ថែមទៀតថា កិច្ចការងារនេះ យើងនឹងត្រូវរៀបចំការប្រជុំច្រើនដងទៀត ជាមួយនិងការរៀបចំក្រុមការងារដើម្បីរៀបចំ ការផ្សព្វផ្សាយព័ត៌មាន ការបែងចែកភារកិច្ចគ្នាឱ្យបានច្បាស់លាស់ ការរៀបចំតុបតែងភ្លើងចម្រុះពណ៌ និងសម្អាតបរិស្ថានជាដើម ។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕




ចែករំលែកព័តមាននេះ