រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខយាមរោងចក្រមានជំងឺប្រចាំកាយបានដេកស្លា.ប់នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស.ពបុរសខាងលើមានឈ្មោះ ទុង ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាសន្តិសុខ យាមនៅរោងចក្រ ឌី ឡាក់ នៅផ្ទះជួលកើតហេតុ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ។ មានប្រពន្ធឈ្មោះ ញិល ចាន់ឌី អាយុ៣៧ឆ្នាំ មុខរបរធ្វើការងាររោងចក្រ ។
ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់បុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានអាការៈហើមដៃ ហើមជើង និងប៉ោងពោះ គឺជំងឺចាស់រើឡើងវិញ (ជំងឺទាចទឹក) មិនអាចទៅធ្វើការងារកើត ប្រពន្ធបានឱ្យឈប់សម្រាកដេកនៅចាំបន្ទប់ ចំណែកប្រពន្ធ និងកូនបាននាំគ្នាចេញទៅធ្វើការបាត់ លុះវេលាម៉ោងកើតហេតុខាងលើ ខណៈស្ដ្រីជាប្រពន្ធត្រឡប់មកពីធ្វើការវិញមកដល់បន្ទប់ ឃើញបុរសជាប្ដីដេកស្លា.ប់នៅលើអង្រឹង តែមិនអស់ចិត្តគ្រែងនៅមានដង្ហើមក៏ស្រែកហៅអ្នកជិតខាងអោយជួយ ភ្លាមៗនោះបងប្អូនរស់នៅបន្ទប់ជិតនោះបាននាំគ្នាលើកជនរងគ្រោះយកទៅដាក់មកជាន់ក្រោម រួចបញ្ជូនយកទៅពិនិត្យនៅមន្ទីរពេទ្យជិតផ្ទះជួល ជាអកុសលពេលគ្រូពេទ្យពិនិត្យរួចឆ្លើយថា ផុតដង្ហើមយូរមកហើយ ទើបសាច់ញាតិគ្រួសារស.ពសែងយកចេញទៅវិញមកដាក់នៅលើចិញ្ចើមផ្លូវ រួចហើយខាងម្ចាស់ផ្ទះជួលបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានបន្ត ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការសួរនាំដោយភាគីខាងសាច់ញាតិគ្រួសារ ស.ពរងគ្រោះមិនប្ដឹងផ្ដល់ សមត្ថកិច្ចធ្វើលិខិតផ្ទេរស.ពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ចែករំលែកព័តមាននេះ