រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡង់គ្រីស័រក្នុងស្ថានភាពស្រវឹងហើយខ្វះការប្រុងប្រយ័ត្ននៅចំនុចផ្លូវកោង ក៍ជ្រុលទៅបុកចូលផ្ទះលក់គ្រឿងអគ្គិសនីនិងសំភារៈបន្ទប់ទឹក បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥ ចំនុចផ្លូវកោង ៣៧១សឡា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 2B8999 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១សឡាទិសដៅពីត្បូងទៅជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ហើយណាមួយអ្នកបើកបរស្រវឹងផងនោះបួងចង្កូតមិនទាន់ធ្វើអោយរថយន្តជ្រុលទៅបុកទម្លុះចូលផ្ទះលក់គ្រឿងអគ្គិសនីនិងសំភារៈបន្ទប់ទឹក ក៍ដូចជាតូបលក់ កាហ្វេ បណ្ដាលឲ្យរងការខូចខាតសំភារៈអស់មួយចំនួនធំ គិតជាតំលៃរាប់ពាន់ដុល្លារឯណោះ ។ ដោយឡែករថយន្តវិញរងការខូចខាតខ្ទេចផ្នែកខាងមុខ អ្នកបើកបររងរបួសផ្ទៃមុខតិចតួច ។
ក្រោយកើតហេតុ ដោយសារមិនមានដំណោះស្រាយភ្លាមៗ រថយន្តត្រូវប្រគល់ជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ ៕





ចែករំលែកព័តមាននេះ