ខេត្តព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងសាលាដំបូងខេត្តព្រះសីហនុ លោក អ៊ីវ ត្រាយ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២១និង៥០នាទី បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំនួន២គោលដៅ ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងគ្រឿងញៀនជិត០២គីឡូក្រាម ។
គោលដៅទី១ ៖ ស្ថិតនៅចំណុច សណ្ឋាគារ CICI DIAMOND HOTEL ជាន់ទី១០ បន្ទប់៨៨៨៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
គោលដៅទី២ ៖ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិល្វា សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនល្មើសចំនួន ០៥នាក់ (ស្រី០១នាក់) ក្នុងនោះមាន ជនជាតិជាវៀតណាម ០២នាក់(ស្រី១) ជនជាតិចិន០២នាក់ និងជនជាតិខ្មែរ ១នាក់ ។
វត្ថុតាងចាប់យកមាន ៖
១. គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥០,៨៤ ក្រាម
២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១ គីឡូក្រាម និង៩៣៩,០៧ ក្រាម ។
សរុបរួម សារធាតុញៀនទម្ងន់ ១ គីឡូក្រាម និង៩៨៩,៩១ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ