រាជធានីភ្នំពេញ ៖ ជនសង្ស័យឆ.ក់ចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ សហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវ ស្រាវជ្រាវបង្ក្រាបបានហើយ ទទួលបានការជួយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២លានរៀល ជាការលើកទឹកចិត្តដល់កងកម្លាំង ។

ការស្រាវជ្រាវបង្ក្រាបបានក្រុមចោរឆ.ក់នេះ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវបេតុងក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆ.ក់ខ្សែកផ្លាកទីនមួយខ្សែទម្ងន់ ៣ជីពីក្មេងស្រី អាយុទើបតែ៥ឆ្នាំ បានតែពីរថ្ងៃ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១ ឈ្មោះ គង់ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(មានសារធាតុញៀ.ន),២ ឈ្មោះ សុខ ណាង ហៅកាលីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀ.ន)និង៣ឈ្មោះ ចាន់ ធួន ហៅយៀន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ រាធានីភ្នំពេញ (មានសារធាតុញៀ.ន)។

តាមនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៩និង២០នាទី ព្រឹកមានករណីលួចមានស្ថានទម្ងន់ទោស (ឆ.ក់ខ្សែកពីជនរងគ្រោះ) នៅចំណុចលើផ្លូវបេតុង ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ដោយក្មេងស្រីរងគ្រោះឈ្មោះ យ៉ា ឡារីតា ភេទស្រី អាយុ៥ឆ្នាំ មុខរបរសិស្ស ថ្នាក់នៅភូមិកើតហេតុ ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានធ្វើដំណើរមកពីទិញនំនៅក្នុងភូមិដល់កន្លែងស្ងាត់ ហើយជនសង្ស័យមានគា្នចំនួន៣នាក់ បានជិះម៉ូតូមកឈប់ក្បែរ ហើយម្នាក់បានចុះទៅឆ.ក់ខ្សែករបស់ក្មេងស្រីរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់ទៅ ។

តាមនគរបាល បានអោយដឹងទៀតថា បន្ទាប់ពីរងគ្រោះម្តាយជនរងគ្រោះក៏នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ និងនគរបាលប៉ុស្តិ៍ចុះទៅដល់ទីតាំងកើតហេតុ បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់នៅវេលាយប់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ និងនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ដោយមានការលើកទឹកចិត្តដល់កងកម្លាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជួយឧបត្ថម្ភថវិកាចំនួន២លានរៀលដល់នគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ និងប៉ុស្តិ៍រដ្ឋបាលច្រាំងចំរះទី២ ដែលមានស្នាដៃក្នុងការស្រាវជ្រាវបង្ក្រាបបានចោរឆ.ក់នេះ ៕


ចែករំលែកព័តមាននេះ