ទីក្រុងម៉ូស្គូ៖ រុស្ស៊ីចាប់ផ្ដើមឆ្លើយតបទៅនឹងពាក្យសម្ដីរបស់ត្រាំដែលបង្ហាញអារម្មណ៍មួរម៉ៅខឹងសម្បារដាច់ក្បាលដាច់កន្ទុយកាលពីប៉ុន្មានថ្ងៃមុននេះរហូតដល់ថ្នាក់ចាត់ទុកលោកពូទីនជាមនុស្សឆ្កួតនឹងសង្គ្រាម។ គាត់មិនគិតពីរឿងចរចាសន្តិភាពទេ គិតតែវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំងឡើងៗ។ ប្រមុខការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូស (Sergei Lavrov) ហាក់ដូចជាមិនចង់ទទួលស្គាល់ថារុស្ស៊ីជាអ្នកខុសទេ ហើយក៏មិនចង់ប្រើសម្ដីខ្លាំងដាក់ត្រាំដែរ។
លោកងាកទៅវាត់កន្ទុយដាក់ពួកអឺរ៉ុបវិញ។ លោកឡាវរ៉ូសថ្លែងថាយើងមិនឱ្យត្រាំមានអារម្មណ៍មួរម៉ៅម្ដេចនឹងកើតបើពួកអ្នកនយោបាយនៅអឺរ៉ុបចាំតែដុតកម្ដៅជាប់ជានិច្ច។ លោកឡាវរ៉ូសថ្លែងដូច្នេះទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីតែបិទបញ្ចប់កិច្ចជំនួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោកហាកាន់ ហ្វ៊ីដាន (Hakan Fidan)។
លោកឡាវរ៉ូសថ្លែងថាលោកត្រាំជាប្រភេទមនុស្សប្រតិបត្តិនិយមដែលចង់ឃើញលទ្ធផលជាក់ស្ដែង (ជាជាងបានត្រឹមតែសូត្រទ្រឹស្ដី)។ អីចឹងហើយ លោកឡាវរ៉ូសយល់ថាទោះបីលោកត្រាំបង្ហាញអារម្មណ៍មួរម៉ៅ ឬនិយាយអ្វីទាំងអារម្មណ៍និយមក៏វាជារឿងធម្មតាតែប៉ុណ្ណោះ។ លោកថាលោកត្រាំមួរម៉ៅ និងនិយាយពន្លះខ្លាំងៗបន្តិចហើយព្រោះពួកអ្នកនយោបាយអឺរ៉ុបមួយក្ដាប់តូច (តាមសម្ដីលោកឡាវរ៉ូស) កំពុងនិយាយដុកអ៊ុយក្រែនឱ្យប្រព្រឹត្តទង្វើខ្ជីខ្ជា។
ក្នុងនោះ ពួកគេបញ្ជូនយន្តហោះដ្រូនទៅវាយប្រហារទីក្រុងម៉ូស្គូ និងជួនកាលប្រុងវាយប្រហារឧទ្ធម្ភាគចក្រដឹកលោកពូទីនថែមទៀត។ រដ្ឋមន្ត្រីរូបនេះសូមបញ្ជាក់ជំហររបស់រុស្ស៊ីឡើងវិញថារុស្ស៊ីត្រៀមខ្លួនចរចាគ្នាជាថ្មីជាមួយអ៊ុយក្រែននៅពេលភាគីទាំង២ប្រគល់ឱ្យគ្នាទៅវិញទៅមកនូវសំណុំឯកសារផ្សេងៗដើម្បីបង្ហាញពីអ្វីដែលពួកគេចង់បាននៅពេលចរចាគ្នា។
កាលពីប៉ុន្មានថ្ងៃមុននេះ លោកឡាវរ៉ូសថ្លែងថារុស្ស៊ីចាប់ផ្ដើមរៀបចំសំណុំឯកសាររបស់ខ្លួនជាបណ្ដើរៗហើយ។ ប៉ុន្តែលោកសូមជំទាស់ត្រង់ចំណុចមួយ។ អ្វីដែលក្រុមបស្ចិមប្រទេសស្នើសុំចរចាគ្នានៅបុរីវ៉ាទីកង់នោះលោកយល់ថារុស្ស៊ីមិនទទួលយកទេ។ លោកយល់ថាសំណើនេះគ្រាន់តែចាប់ផ្ដើមឡើងគឺខុសទំនងបាត់ទៅហើយ។ បុរីវ៉ាទីកង់កាន់សាសនាគ្រិស្តនិកាយកាតូលិក ចំណែករុស្ស៊ី និងអ៊ុយក្រែនកាន់សាសនាគ្រិស្តនិកាយអ័រតូដុក (Orthodox)។
ដូច្នេះ គោលជំហរ និងទស្សនៈមិនដូចគ្នាទេ។ ជារួម លោកឡាវរ៉ូសសូមច្រានចោលសំណើដែលចង់រៀបចំគម្រោងជួបគ្នានៅវ៉ាទីកង់។ កាលពីថ្ងៃចន្ទ បន្ទាប់ពីរុស្ស៊ីបញ្ជូនដ្រូន និងមីស៊ីលទៅវាយប្រហារទីក្រុងតូច-ធំរបស់អ៊ុយក្រែនដ៏ខ្លាំងក្លាបំផុតរួចមក ត្រាំប្រហែលជាទ្រាំលែងបានតទៅទៀត។ គាត់បង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថាមេដឹកនាំរុស្ស៊ីរូបនេះកាន់តែឆ្កួតមែនទែនហើយ។
ប៉ុន្តែរុស្ស៊ីធ្វើជាមិនបញ្ចេញប្រតិកម្មបែបអវិជ្ជមានតបទៅនឹងសម្ដីរបស់ត្រាំទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាត្រាំនិយាយបែបនេះប្រហែលជាដោយសារគាត់ក្រពុលមុខខ្លាំងពេក។ ប៉ុន្តែក្រឹមឡាំងអរគុណលោកត្រាំដែលតែងតែខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាព៕
ចែករំលែកព័តមាននេះ