ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទស្សនកិច្ច​អគ្គ​រដ្ឋ​អាជ្ញា​នៃ​សហ​ព័ន្ធ​រុ​ស្សី​នៅ​កម្ពុជា​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​វិស័យ​យុត្តិធម៌​បន្ថែម

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ចាត់​ទុក​ទស្សនកិច្ច​របស់​អគ្គ​រដ្ឋ​អាជ្ញា​នៃ​សហព័ន្ធ​រុ​ស្សី​នៅ​កម្ពុជា​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​វិស័យ​យុត្តិធម៌​បន្ថែម​ទៀត ។ ការ​លើក​ឡើង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ចាត់​ទុក​ទស្សនកិច្ច​របស់​អគ្គ​រដ្ឋ​អាជ្ញា​នៃ​សហព័ន្ធ​រុ​ស្សី​នៅ​កម្ពុជា​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​វិស័យ​យុត្តិធម៌​បន្ថែម​ទៀត ។

ការ​លើក​ឡើង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ខណៈ​អនុញ្ញាត​ឱ្យ​ឯកឧត្តម Igor Krasnov អគ្គ​រដ្ឋ​អាជ្ញា នៃ​សហព័ន្ធ​រុ​ស្សី​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០២៥ នៅ​វិមាន​ព្រឹទ្ធសភា ។
ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ​បាន​សម្ដែង​នូវ​ការ​រីករាយ និង​ស្វាគមន៍​ដែល​បាន​ជួប​ឯកឧត្តម អគ្គ​រដ្ឋ​អាជ្ញា​រុ​ស្ស៊ី ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។

សម្ដេច​តេ​ជោ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទស្សនកិច្ច​នា​ពេល​នេះ ដោយ​បាន​គូសបញ្ជាក់​ពី​ទំនាក់​ទំនង​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ។ សម្ដេច​សង្ឃឹមថា ទស្សនកិច្ច​នេះ នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​វិស័យ​យុត្តិធម៌​បន្ថែម​ទៀត និយាយ​ជា​រួម គឺ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​រុ​ស្ស៊ី ។
សម្ដេច​តេ​ជោ​ក៏​បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ឯកឧត្តម និង​រដ្ឋាភិបាល​នៃ​សហព័ន្ធ
រុ​ស្ស៊ី ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ ដើម្បី​រំលឹក​ខួប​លើក​ទី​៨០​នៃ​ជ័យ​ជំនះ​របស់​សហភាព​សូ​វៀត លើក​ក្រុម​ណា​ស៊ី ក្នុង​សង្គ្រាមលោក​លើក​ទី​២ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម Igor Krasnov បាន​សំដែង​នូវ​ក្តី​រីករាយ និង​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​អនុញ្ញាត​ឲ្យ ឯកឧត្តម បាន​ជួប​សម្ដែង​ការ​គួរសម ហើយ​ឯកឧត្តម ក៏​បាន​នាំ​មក​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី ពូ​ទី​ន ផ្ដាំផ្ញើ​សួរសុខទុក្ខ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​ផង​ដែរ ។ ឯកឧត្តម ក៏​បាន​រំលឹក​ប្រសាសន៍​របស់​ឯកឧត្តម​ប្រធានាធិបតី​រុ​ស្ស៊ី ពូ ទី​ន ចំពោះ​សម្ដេច​តេ​ជោ ដោយ​ឯកឧត្តម​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី ពូ ទី​ន ចាត់​ទុក​សម្ដេច​តេ​ជោ គឺជា​តួអង្គ​សំខាន់​នៃ​ការ​រួមចំណែក​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​រុ​ស្ស៊ី ។

ឯកឧត្តម​បាន​ឆ្លៀត​ជម្រាប​ជូន សម្ដេច​តេ​ជោ អំពី​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​នៅ​កម្ពុជា ដោយ​ឯកឧត្តម​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុ​ជាមួយ​ចំនួន ជា​ពិសេស​ជួប​ជាមួយ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​បាន​ជជែក និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ៗ​ជាមួយ​គ្នា ទាក់ទង​ទៅ​នឹង​វិស័យ​ច្បាប់ និង​ការ​បណ្ដុះបណ្ដាល ។

ក្នុង​នោះ ឯកឧត្តម​បាន​បញ្ជាក់​អំពី​ការ​គ្រោង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​កម្ពុជា ក្នុងវិស័យ​​យុត្តិធម៌ ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ច្បាប់​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី រួម​ទាំង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ក្នុង​វិស័យ​អប់រំ​ផង​ដែរ ដែល​ភាគី​ទាំង​ពីរ គ្រោង​នឹង​ធ្វើ​ជាមួយ​គ្នា ។ ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ​បាន​ផ្ដាំ​តាម​រយៈ​ឯកឧត្តម​ត្រឡប់​ទៅ​វិញ ដោយ​ផ្ញើ​ការ​សួរសុខទុក្ខ​ចំពោះ ឯកឧត្តម​ប្រធានាធិបតី​រុ​ស្ស៊ី ពូ​ទី​ន និង​ផ្ដាំ​សួរសុខទុក្ខ ឯកឧត្តម ឌី​មេ​ទ្រី ម៉េ​ដ​វេ​ដេ​វ ដែល​ជា​ប្រធាន​គណបក្ស​រុ​ស្ស៊ី​រួបរួម​ផង​ដែរ ។

សម្ដេច​តេ​ជោ​ក៏​បាន​ឆ្លៀត​រំលេច​អំពី​គុណ​បំណាច់​របស់​រុ​ស្ស៊ី ដោយ​បញ្ជាក់​ថា រុ​ស្ស៊ី បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​កម្ពុជា ជា​ពិសេស ក្នុងអំឡុងពេល​កម្ពុជា​ជួប​ការ​លំបាក​កាលពី​អតីតកាល ដែល​រុ​ស្សី​តែងតែ​ផ្ដល់​ជំនួយ​មក​កម្ពុជា ។ បន្ថែម​លើ​នោះ រុ​ស្ស៊ី​ក៏​បាន​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស តាម​រយៈ​ការ​បណ្ដុះបណ្ដាល​និស្សិត​កម្ពុជា​ជា​ច្រើន ហើយ​មក​ដល់​ពេល​នេះ ធនធានមនុស្ស​កម្ពុជា ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី បាន​ត្រឡប់​មក​កម្ពុជា ហើយ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នេះ​ជា​គុណ​បំណាច់​ដែល​សម្ដេច​តេ​ជោ​បញ្ជាក់​ថា កម្ពុជា​ចង​ចាំ​ជា​និច្ច ។

សម្ដេច​តេ​ជោ ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ការ​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ពោល គឺ​សម្ដេច​បាន​ស្នើ ក៏​ដូច​ជា​ជំរុញ​បន្ថែម​ទៀត​ឱ្យ​រុ​ស្ស៊ី​បង្កើត​ជើងហោះហើរ​ត្រង់​ពី​មូ​ស្គូ មក​កម្ពុជា​ឱ្យ​បាន​ឆាប់​ៗ​នៅ​ពេល​ខាង​មុខ ហើយ​សម្ដេច​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​រុ​ស្ស៊ី មាន​ជើងហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​នឹង​កាន់តែ​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​បង្កើន​ទេសចរណ៍​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ក៏​បាន​រំលេច​បន្ថែម​ដោយ​ឱ្យ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ជំរុញ​សេដ្ឋកិច្ច ដូច​ជា​ការ​ធ្វើ​វិនិយោគ ពាណិជ្ជកម្ម​ជាមួយ​គ្នា​ឱ្យ​បាន​មានការ​កើនឡើង​បន្ថែម​ទៀត ។
សម្ដេច​តេ​ជោ​ក៏​បាន​ឆ្លៀត​តាម​រយៈ ឯកឧត្តម​អគ្គ​រដ្ឋ​អាជ្ញា​រុ​ស្ស៊ី បាន​អញ្ជើញ​ឯកឧត្តម ដេ​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ ប្រធាន​គណបក្ស​រុ​ស្ស៊ី​រួបរួម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​សម្ដេច​តេ​ជោ​ត្រៀម​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​នោះ ប្រសិនបើ​ពេលវេលា​សម​ស្រប​ណាមួយ​ដែល​អាច​ថា អញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា​បាន ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​អគ្គ​រដ្ឋ​អាជ្ញា​របស់​រុ​ស្ស៊ី​បាន​សន្យា​ជាមួយ​សម្ដេច​តេ​ជោ ដោយ​នឹង​នាំ​នូវ​ពាក្យពេចន៍​របស់​សម្ដេច​តេ​ជោ ដែល​បាន​ជជែក​គ្នា​នៅ​ពេល​នេះ ជូន​ចំពោះ​លោក​ប្រធានាធិបតី​រុ​ស្ស៊ី ផ្ទាល់ ជា​ពិសេស គឺ​ការ​សួរសុខទុក្ខ និង​ជំហរ​របស់​សម្ដេច​តេ​ជោ នៅ​ក្នុង​ការ​ដឹកនាំ ជា​ពិសេស ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​និង​នាំ​ការ​អញ្ជើញ​របស់​សម្ដេច​តេ​ជោ ទៅ​កាន់ ឯកឧត្តម ឌី​មេ​ទ្រី ម៉េ​ដ​វេ​ដេ​វ ដែល​ជា​ប្រធាន​គណបក្ស​រុ​ស្ស៊ី​រួបរួម​ផង​ដែរ ។

ទាក់ទង​ទៅ​នឹង​ជើងហោះហើរ ឯកឧត្តម​អគ្គ​រដ្ឋ​អាជ្ញា ក៏​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា នឹង​រាយ​ការណ៍​ទៅ​កាន់​ថ្នាក់ដឹកនាំ​របស់​រុ​ស្ស៊ី ធ្វើ​យ៉ាងណា​ជម្រុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​មូ​ស្គូ មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​បាន​ឆាប់ ហើយ​ឯកឧត្តម​សង្ឃឹមថា ក្រុមហ៊ុន​ហោះហើរ​របស់​រុ​ស្ស៊ី និង​សិក្សា​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់ ពី​រុ​ស្ស៊ី មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​បាន​ឆាប់ ដើម្បី​ធ្វើ​យ៉ាងណា ជំរុញ​អ្នកដំណើរ ក៏​ដូច​ជា​ការ​ដោះ​ដូរ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ