រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងសហការការរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ ។

យុទ្ធនាការផ្សព្វផ្សាយនេះ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួងព័ត៌មាន។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ពិធីផ្សព្វផ្សាយខាងលើ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដែលជាយន្តការដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ ខែតុលា ។
ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ពិតជាមានសារសំខាន់៕
ចែករំលែកព័តមាននេះ