លោក គ្រូ គូសុភាព ៖ មនុស្សទោមនស្សច្រើន រកស៊ីមិនឡើងទេ! ហេតុអ្វី?
- ភ្នំពេញ
ព្រះគ្រូ គូ សុភាព បានមានថេរដីកា នៅថ្ងៃទី២៧ ខែឧសភាថា «បាបរកមុខអ្នកពូកែ sad (ទោមនស្ស មិនសប្បាយចិត្ត) ។ Sad ច្រើនរកស៊ីមិនឡើង រាសីដាក់» ។

ថេរដីកាខាងលើ របស់ព្រះគ្រូ គូ សុភាព បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ខណ:ដែលមនុស្សមួយចំនួនមិនអាចទម្លាក់ចោលអារម្មណ៍ទុក្ខព្រួយ ដោយសារតែបញ្ហាដែលខ្លួនប្រឈមមុខ ។ ប៉ុន្តែការត្រាំត្រែងជាមួយទុក្ខព្រួយ មិនអាចជួយដោះស្រាយបញ្ហាឡើយ ហើយវាធ្វើអោយប៉ះពាល់ដល់សុខភាពផ្លូវកាយ និងចិត្ត ព្រមទាំងប្រសិទ្ធភាពការងារ និងមុខរបរផងដែរ ។ ហេតុអ្វី?
ខាងក្រោមនេះជាហេតុផលសំខាន់ៗដែលទោមនស្សធ្វើឱ្យអ្នកពិបាកក្នុងការរកស៊ី ៖
១. ខ្វះថាមពល និងការលំបាកផ្តោតអារម្មណ៍
ទោមនស្សធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងកាយ និងចិត្ត ដែលធ្វើឱ្យពិបាកក្នុងការបំពេញការងារឱ្យបានល្អ ។ វាអាចធ្វើឱ្យអ្នកមិនចង់ធ្វើអ្វីសោះ ទោះបីជាការងារសាមញ្ញក៏ដោយ ។

២. បញ្ហាផ្លូវចិត្ត និងការសម្រេចចិត្ត
អ្នកអាចមានអារម្មណ៍អស់សង្ឃឹម ឬគិតថា «ខ្ញុំធ្វើមិនកើតទេ» ដែលធ្វើឱ្យលែងមានការព្យាយាម ។ អ្នកក៏នឹងមិនអាចធ្វើការសម្រេចចិត្តបានល្អ និងរហ័សដែរ ។
៣. ឥរិយាបថសង្គម និងទំនាក់ទំនង
នៅពេលអ្នកមានទោមនស្សធ្វើឱ្យអ្នកចង់នៅម្នាក់ឯង ឬពិបាកក្នុងការទាក់ទងជាមួយក្រុមការងារ ដែលធ្វើឱ្យបាត់បង់ឱកាស ។ អ្នកអាចខ្មាស់អៀន ឬមានអារម្មណ៍ថា ខ្លួនឯងគ្មានតម្លៃ ដែលធ្វើឱ្យមិនហ៊ានចូលរួមក្នុងការងារ ។

៤. ផលប៉ះពាល់រាងកាយ
ទោមនស្សអាចបណ្តាលឱ្យមានឈឺក្បាល, ភាពអស់កម្លាំង ដេកមិនលក់ ដែលធ្វើឱ្យអស់កម្លាំងក្នុងការងារ ។
៥. ការបាត់បង់ឱកាសដោយសារការពន្យារពេល
អ្នកដែលមានទោមនស្សច្រើនតែងតែ «ពន្យារពេល» បំពេញការងារ ដោយសារអស់កម្លាំងចិត្ត ដែលធ្វើឱ្យបាត់បង់ឱកាសការងារ ។
ជារួម នៅពេលដែអ្នកទោមនស្សច្រើន អ្នកនឹងលែងមានកម្លាំងរកស៊ី និងធ្វើការឡើយ ។ ដូច្នេះ សូមឈប់ទោមនស្សទៀត ។ រឿងដែលកើតឡើងហើយ អោយវាចប់ត្រឹមនេះចុះ ហើយចាប់ផ្តើមប្រឹងប្រែងបន្តទៀតនៅក្នុងជីវិត ៕
ចែករំលែកព័តមាននេះ