ខេត្តប៉ៃលិន ៖ ដឹងហើយឮហើយថា ការបង្ហោះម៉ូតូគេចមិនផុតពីការចាប់ដុសក្អែលទេ តែពួកគេនៅតែផ្គើន ។ ក្មេងទំនើងមួយក្រុម ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ពួនស្ទាក់ចាប់ខ្លួន ខណៈពួកគេគេចខ្លួនមិនចូលរៀន បែរជានាំគ្នាទៅជិះម៉ូតូបង្ហោះកង់មុខ ដោយមិនភ័យខ្លាចពីសុវត្ថិភាព អាយុជីវិត និងបង្កករណីគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯង និងអ្នកដទៃ ក៏ត្រូវបាននគរបាលឃាត់ខ្លួនហៅឪពុកម្តាយយកទៅធ្វើកិច្ចសន្យាឱ្យរាងចាលតែម្តង ។

ហេតុការណ៍នេះ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ៃលិន បានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវវាងក្រុង ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីលោក យ៉ែម សារិទ្ធិ អធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពតាមដងផ្លូវជូនប្រជាពលរដ្ឋ ខាងលោកក៏ចាត់មន្ត្រីក្រោមឱវាទឲ្យចុះល្បាតនៅតាមគោលដៅជាច្រើន ហើយដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងបើកបរម៉ូតូក្នុងល្បឿនលឿន និងបង្ហោះកង់មុខយ៉ាងអនាធិបតេយ្យ ទើបកម្លាំងនាំគ្នាពួនស្ទាក់ឃ្លាំមើលក្រុមក្មេងស្ទាវទំនើងដែលបង្ហោះម៉ូតូទាំងនោះ ។

លោកបន្តទៀតថា រហូតដល់វេលាម៉ោង២និង៤៥នាទីរសៀល ក៏បានប្រទះឃើញក្រុមក្មេងស្ទាវកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ ។ ភ្លាមៗនោះ កម្លាំងល្បាតបានចាប់ឃាត់ក្រុមក្មេងខាងលើ ដែលមានគ្នាចំនួន៥នាក់ និងម៉ូតូ២គ្រឿង រួចយកទៅអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីសាកសួរ ៖
១-ឈ្មោះ លីម សុខណុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ផ្លាកលេខ ប៉ៃលិន ១B-៦៨៩៩(អ្នកបង្ហោះម៉ូតូ) ។

២-ឈ្មោះ វ៉ន សេរ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន(អ្នកជិះពីក្រោយ) ។
៣-ឈ្មោះ លាភ ហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអណ្តូង៤ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន ១D-៥៥៣៥(អ្នកបើកម៉ូតូ និងអ្នកថតវីឌីអូ) ។
៤-ឈ្មោះ ស៊ូន សេរីបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នកជិះកណ្តាល) ។

៥-ឈ្មោះ ណូយ ចាន់នុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នកជិះខាងក្រោយ ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការសាកសួរ ក្រុមក្មេងទំនើងទាំង៥នាក់ខាងលេីបានឆ្លេីយសារភាពថា ក្រុមខ្លួនពិតជាបានធ្វេីសកម្មភាពបង្ហោះម៉ូតូ និងថតវីដេអូពិតប្រាកដមែន ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នម៉ូតូទាំង២គ្រឿងខាងលើ ត្រូវបានដកហូតរក្សាទុកបណ្តោះអាសន្នរយៈពេល៣ខែ នៅអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីឱ្យមានការរាងចាល ។
ករណីខាងលើនេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋានក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន បានអប់រំណែនាំ តម្លើងសាវតាមុខសញ្ញា ក្រុមបង្ហោះម៉ូតូ និងធ្វើកិច្ចសន្យាឱ្យរាងចាល ដោយអញ្ជើញឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត កុំឱ្យធ្វើសកម្មភាពបែបនេះទៀត ៕
ចែករំលែកព័តមាននេះ