រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ថា តំណាងអយ្យការបានបើកការស៊ើបសួរជនត្រូវចោទ២នាក់ពីបទប៉ុនប៉ងសូកប៉ាន់ និងបទសម្អាតប្រាក់តាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា២៧ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

សូមជម្រាបថា ករណីខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួន និងបញ្ជូនខ្លួនមន្ត្រីនគរបាល២នាក់ ដែលម្នាក់ឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ មានឋានន្តរសក្តិវរសេនីយ៍ទោ តួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទសំណាង ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីនគរបាលស្រុកបវេល ខេត្តបាត់ដំបង ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការដោះលែងជនជាតិថៃ ជាថ្នូរនឹងលុយរាប់ម៉ឺនដុល្លារអាមេរិក ។

ក្រោយពីបញ្ចប់ ការស៊ើបសួរសំណុំរឿងខាងលើនេះ តំណាងអយ្យការបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ