ទីក្រុងហាណូយ៖ វៀតណាម និងបារាំងទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរម៉ាកអ៊ែបឺស២០គ្រឿង រួមទាំងកិច្ចសហការខាងវិស័យការពារជាតិ និងកិច្ចព្រមព្រៀងមួយចំនួនទៀតដែលគិតជាទឹកប្រាក់ដប់ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះធ្វើឡើងនៅពេលអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោកម៉ាក្រុងនៅទីក្រុងហាណូយ។
វៀតណាមកំពុងស្វះស្វែងរកប្រទេសជាដៃគូនៅពេលរងការដំឡើងពន្ធដ៏ខ្ពស់រហូតដល់៤៦%ពីលោកត្រាំ។ ទស្សនកិច្ចនេះធ្វើឡើង១ថ្ងៃបន្ទាប់ពីលោកត្រាំព្រមានដំឡើងពន្ធ៥០%លើទំនិញរបស់សហភាពអឺរ៉ុប។ ក្រោយមក លោកយល់ព្រមព្យួរទុកជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៩ ខែកក្កដាតបតាមការស្នើសុំពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រីឡីយឹន (Leyen)។
អាចនិយាយបានថាប្រទេសទាំង២ វៀតណាម និងបារាំង កំពុងជិះនៅលើទូកតែ១នៅក្នុងបញ្ហាដំឡើងពន្ធ។ សេដ្ឋកិច្ចវៀតណាមពឹងផ្អែកខ្លាំងទៅលើការនាំចេញ។ ជាពិសេស នាំចេញទៅលក់នៅប្រទេសអាមេរិក។ ការព្រមានដំឡើងពន្ធរហូតដល់៤៦%នោះអាចជាការដាក់សម្ពាធឱ្យវៀតណាមទិញទំនិញឱ្យបានច្រើនថែមទៀតពីអាមេរិក។
នៅក្នុងកិច្ចព្រមព្រៀងនោះ ក្រៅពីការបញ្ជាទិញយន្តហោះអ៊ែបឺសក៏មានកិច្ចសហការខាងថាមពលនុយក្លេអ៊ែរ, ការពារជាតិ, ផ្លូវរថភ្លើង, ការដឹកជញ្ជូនតាមសមុទ្រ, ការបាញ់បង្ហោះផ្កាយរណបសង្កេតផែនដី និងការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុនសាណូហ្វ៊ីរបស់បារាំង (Sanofi) ផងដែរ។ ជារួម កិច្ចព្រមព្រៀងចំនួន១៤ត្រូវបានចុះហត្ថលេខា ហើយនឹងប្រកាសនៅថ្ងៃអង្គារ។
នៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មាន លោកម៉ាក្រុងបញ្ជាក់ថាបារាំងបន្តគាំទ្រសេរីភាពខាងការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ លោកថ្លែងបន្ថែមទៀតថាការចាប់ដៃគូបារាំង-វៀតណាមលើកនេះដើម្បីពង្រឹងកិច្ចសហការខាងការពារជាតិដូចដែលយើងឃើញស្រាប់ហើយថាប្រទេសទាំង២បានចុះហត្ថលេខាលើគម្រោងជាច្រើនក្នុងផ្នែកយោធា និងវិស័យអវកាស។
ប្រធានាធិបតីវៀតណាមថ្លែងថាការចាប់ដៃគូខាងការពារជាតិនេះពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់ជាយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហការខាងឧស្សាហកម្មយោធា, សន្តិសុខព័ត៌មានវិទ្យា និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ក្រុមហ៊ុនអ៊ែបឺសលក់យន្តហោះច្រើនៗទៅឱ្យវៀតណាម។ ប៉ុន្តែដើម្បីផ្គាប់ចិត្តអាមេរិកកុំឱ្យដំឡើងពន្ធខ្ពស់ពេក វៀតណាមអាចនឹងត្រូវទិញយន្តហោះបូអ៊ីងឱ្យបានច្រើនជាងមុន។ អាចទិញយ៉ាងតិចក៏២៥០គ្រឿងដែរ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលវៀតណាម៕
ចែករំលែកព័តមាននេះ