រាធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង០២និង៥៥នាទីទៀបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកដល់ត្រង់ចំណុចមុខធនាគារអេប៊ីអេ ផ្លូវហាណូយ កែងផ្លូវម៉ុងឬទ្ធី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលួចទូរសព្ទពីជនរងគ្រោះជាសន្តិសុខយាមធនាគារបានសម្រេច ។
ភ្លាមនោះកម្លាំងជំនាញ ក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗ ជនសង្ស័យមាន ឈ្មោះ ឡុង សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ។
សម្ភារៈដកហូតមាន ទូរសព្ទម៉ាក vivo (របស់ជនរងគ្រោះ), សោទីបលេខ៨ និងដែកសំប៉ែតមុខស្រួច (សម្រាប់កាច់កម៉ូតូ) និង ដែកសម្រាប់គាស់សោ ។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ