ខេត្តប៉ៃលិន ៖ កម្លាំងផែននគរបាលយុត្តិធម៌ កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋានគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ឆ្មក់ចុះធ្វើការបង្ក្រាបជាក់ស្តែង ករណីក្មេងទំនើង បង្កហិ.ង្សាដោយចេតនា ដែលប្រដាប់ដោយអាវុធខុសច្បាប់០១ករណីបង្កឱ្យមានការភ្ញាក់ផ្អើលកន្លែងលក់ផ្លែឈើ ។
ហេតុការណ៍បង្ក្រាបក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីវេលាម៉ោង០៨និង២០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិក្នុងប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា មន្ត្រីក្រោមឱវាទរបស់លោក បានចាប់ឃាត់ខ្លួនក្មេងទំនើង ចំនួន០៧នាក់ ដូចខាងក្រោម ៖
ទី១-ឈ្មោះ ធុង សុផាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ គ្មានផ្លាកលេខ(មានកាំបិត០១ដើម)។
ទី២-ឈ្មោះ កៅ មណ្ឌល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខភ្នំពេញ 1BC-1030 (មានជំពាម០១ដើម)។
ទី៣-ឈ្មោះ ឈុន កូម៉ូន ហៅជូមិញ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AQ-1034។
ទី៤-ឈ្មោះ ហាន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្បាលឡាន ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប៉ៃលិន 1C-8148។
ទី៥-ឈ្មោះ រ៉ា លីខាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាហុីត្បូង សង្កាត់/ក្រុង/ខេត្តប៉លិន (មានកាំបិត០២ដើម)។
ទី៦-ឈ្មោះ ផាត សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលខៀវ សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
ទី៧-ឈ្មោះ ឡុញ កុម្ភ: ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាហុីត្បូង សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា កាលពីថ្ងៃទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផែននគរបាលយុត្តិធម៌ កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ចុះល្បាតដើម្បីការពារ រក្សាសន្តិសុខ សុវត្ថិភាព និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ៃលិន ក៏ប្រទះឃើញក្មេងទំនើង គួរឱ្យសង្ស័យបានជិះម៉ូតូជ្រេរចុះឡើងៗ រេពេញផ្លូវ និងរោទិ៍សំឡេងខ្លាំងៗ តាមដងផ្លូវ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៍ដេញតាមឃាត់ខ្លួនសួរនាំ ដោយធ្វើចាប់ពីចំណុចលើសួនអាពាហ៍ពិពាហ៍ ជុំវិញជើងភ្នំយ៉ាត រហូតដល់ចំណុចកន្លែងលក់ឪឡឹកភូមិប៉ាហ៊ីត្បូង ឃាត់បានម្នាក់ និងម៉ូតូ០១គ្រឿង ។
ប្រភពព័ត៌មាន បានបញ្ជាក់ទៀតថា បន្ទាប់មក កម្លាំងនគរបាលបន្តធ្វើការចុះបង្ក្រាបបាន០២នាក់ទៀត ដោយឆែកឆេរត្រួតពិនិត្យឃើញមានកាំបិត០១ដើម ជំពាមកៅស៊ូ ០១ដើម និងម៉ូតូ០១គ្រឿង និងឈានដល់ការចុះបង្ក្រាបបានបក្ខពួក០៤នាក់ទៀត ឆែកត្រួតពិនិត្យឃើញមានកាំបិត០២ដើម ម៉ូតូ០២គ្រឿង ។
ហើយពេលធ្វើការសាកសួររួច ក្រុមនេះមានគ្នាចំនួន០៧នាក់ គឺបម្រុងធ្វើសកម្មភាពបង្កហិ.ង្សាកាប់ទៅលើភាគីមួយក្រុមទៀត។ នគរបាល បានពិនិត្យមើលទៅលើទូរសព្ទដៃរបស់ក្រុមក្មេងស្ទាវឃើញថា ពួកគេថតនូវសកម្មភាពជិះម៉ូតូអូសកាំបិតតាមដងផ្លូវនៅចំណុចអូររអិល មានសកម្មភាពថតបង្អួតគំរាមហែង ដោយកាន់កាំបិត ។
សូមបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរក្រុមនេះ ធ្លាប់ធ្វើសកម្មភាព ៖
១-កាលពីថ្ងៃទី១៦-០៥-២៥ ធ្វើសកម្មភាពយកមួកសុវត្ថិភាពគប់ទៅលើបក្ខពួកម្ខាងទៀត នៅចំណុចមុខតុលាការខេត្ត។
២-កាលពីថ្ងៃទី១៨-០៥-២៥ ធ្វើសកម្មភាពយកដុំថ្មគប់ទៅបក្ខពួកម្ខាងទៀត នៅចំណុចក្រោយវត្តប៉ាហ៊ី។
៣-កាលពីថ្ងៃទី២១-០៥-២៥ ធ្វើសកម្មភាពយកដុំថ្មគប់ទៅបក្សពួកម្ខាងទៀត នៅចំណុចទល់មុខកន្លែងលក់ឪឡឹក ភូមិប៉ាហ៊ីត្បូង។
ករណីខាងលើនេះ ក្រុមក្មេងទំនើងចំនួន០៧នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី ៕







ចែករំលែកព័តមាននេះ