ទីក្រុងគូឡាឡំាពួរ៖ សមាគមអាស៊ានឯកភាពគ្នាថារាល់ការការចរចាគ្នាណាមួយជាមួយអាមេរិកដើម្បីឱ្យមានកិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធនោះមិនត្រូវធ្វើឱ្យប៉ះពាល់ផលប្រយោជន៍រដ្ឋជាសមាជិករបស់ខ្លួនទេ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ាអ៊ីប្រាហ៊ីម ថ្លែងថាអាស៊ានបានពិគ្រោះគ្នា និងឯកភាពគ្នាជាមួយប្រទេសជាដៃគូដូចជាប្រទេសចិនជាដើមនៅក្នុងបញ្ហាសំខាន់ៗមួយចំនួន។ ក្នុងនោះមានបញ្ហាពាក់ពន្ធនឹងវិបត្តិនៅមីយ៉ាន់ម៉ា និងបញ្ហាដំឡើងពន្ធរបស់លោកត្រាំជាដើម។
លោកអាន់វ៉ាថ្លែងថារដ្ឋជាសមាជិកអាស៊ានបានមូលមតិគ្នាជាសហមតិ ឬកុងសង់ស៊ីស (consensus) ដើម្បីសិក្សាស្វែងយល់ថាតើត្រូវចរចាគ្នាជាមួយអាមេរិកតាមរបៀបណាខ្លះដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ។ លោកថ្លែងបន្តទៀតថារាល់ការសម្រេចចិត្តណាមួយនៅក្នុងកិច្ចព្រមព្រៀងនោះមិនត្រូវធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់រដ្ឋជាសមាជិករបស់ខ្លួនឡើយ។ មានន័យថាមិនមែនចរចាយករួចខ្លួនតែម្នាក់ឯង ចំណែករដ្ឋដទៃទៀតជួបបញ្ហាខ្លាំងអត់ជួយដោះស្រាយគ្នា។ មិនមែនដូច្នេះទេ។
អាស៊ានលើកនេះ គិតគូរល្អិតល្អន់រហូតដល់ទៅមិនចង់ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ប្រទេសជាដៃគូរបស់អាស៊ានទៅទៀតនៅក្នុងគម្រោងចរចាជាមួយទីក្រុងវ៉ាស៊ីនតោនលើកនេះ។ លោកអាន់វ៉ាក្នុងនាមជាប្រធានប្ដូរវេនរបស់អាស៊ានសម្រាប់ឆ្នាំនេះលោកថ្លែងថាអាស៊ានកំពុងទាក់ទងទៅគ្រប់ភាគីជម្លោះទាំងអស់នៅមីយ៉ាន់ម៉ាដើម្បីពិគ្រោះយោបល់គ្នា។ គ្រាន់តែថានេះជាកិច្ចជំនួបកម្រិតទាប និងមិនទាន់ស៊ីជម្រៅណាស់ណាទេ។ អាស៊ានចង់ផ្ដោតសំខាន់លើការពិភាក្សាឱ្យមានបទឈប់បាញ់ជាមុនសិន។
នៅថ្ងៃចុងបញ្ចប់នៃកិច្ចប្រជុំរបស់ខ្លួន ថ្នាក់ដឹកនាំអាស៊ានក៏បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោកលីឆៀង ផងដែរ។ គួរកត់សម្គាល់ថាកិច្ចប្រជុំលើកនេះធ្វើឡើងនៅពេលសង្គ្រាមពាណិជ្ជកម្មមិនទាន់ផុតរលត់ទៅវិញទេ។ គ្រាន់តែថាលោកត្រាំសម្រេចចិត្តព្យួរទុកផែនការដំឡើងពន្ធជាមួយប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសដទៃទៀតដើម្បីទុកពេលចរចាគ្នា៕
ចែករំលែកព័តមាននេះ