តម្លៃអគ្គិសនីនៅប្រទេសឡាវឡើងខ្លាំង ចំពេលតម្រូវការកើនឡើង និងប្រាក់គីបធ្លាក់ថ្លៃ
ប្រទេសឡាវ ៖ យោងតាមប្រភពពីសារព័ត៌មានជប៉ុន Nikkei Asia ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី២៥ ខែឧសភា…
ប្រទេសឡាវ ៖ យោងតាមប្រភពពីសារព័ត៌មានជប៉ុន Nikkei Asia ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី២៥ ខែឧសភា…
ប្រទេសឡាវ ៖ យោងតាមប្រភពពីសារព័ត៌មានជប៉ុន Nikkei Asia ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានរាយការណ៍ថា តម្លៃអគ្គិសនីក្នុងប្រទេសឡាវបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយជំរុញដោយការកើនឡើងតម្រូវការក្នុងស្រុក និងការធ្លាក់ថ្លៃរូបិយប័ណ្ណជាតិ។
នៅលើបណ្តាញទំនាក់ទំនងសង្គម ពលរដ្ឋឡាវជាច្រើនបានចែករំលែករូបវិក្កយបត្រអគ្គិសនីប្រចាំខែរបស់ពួកគេ ដោយបង្ហាញពីការភ្ញាក់ផ្អើលចំពោះតម្លៃដែលកើនឡើងយ៉ាងខ្លាំង។ ក្នុងការបង្ហោះមួយ ដែលត្រូវបានចែកចាយយ៉ាងច្រើនលើបណ្តាញសង្គម អ្នកប្រើប្រាស់ម្នាក់បានរាយការណ៍ពីការឡើងថ្លៃជិត ៥០% នៅក្នុងវិក្កយបត្រខែមេសារបស់ខ្លួន តម្លៃឈានដល់២,៧លានគីប ឬស្មើប្រហែល១២៥ដុល្លារអាមេរិក ឬ ៥០ម៉ឺនរៀល។
កាលពីខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលឡាវបានប្រកាសពីការដំឡើងថ្លៃអគ្គិសនីបន្តិចម្តងៗរហូតដល់ឆ្នាំ២០២៩។ ផែនការនេះរួមបញ្ចូលទាំងការឡើងថ្លៃបន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំ២០២៦ ជាមួយអត្រាដែលត្រូវបានព្យាករថានឹងឡើងដល់ ១,៧២៤គីបក្នុងមួយគីឡូវ៉ាត់ម៉ោង ឬស្មើនឹង ៣២០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង នៅខែធ្នូ ឆ្នាំ២០២៦ នោះនឹងកើនឡើងជិតទ្វេដងពីខែមករា ដើមឆ្នាំនេះ។
ការដំឡើងថ្លៃអគ្គិសនីកើតឡើង នៅពេលដែលការប្រើប្រាស់អគ្គិសនីក្នុងប្រទេសឡាវបានកើនឡើង ជំរុញដោយការកើនឡើងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ក៏ដូចជាវិស័យអាជីវកម្មដែលសកម្មជាងមុន។ តួយ៉ាង នៅចុងឆ្នាំ២០២៤ ប្រទេសឡាវបានកត់ត្រាចំនួនក្រុមហ៊ុនចុះបញ្ជីប្រហែល ២១ ៣០០ក្រុមហ៊ុន ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្ស។
សូមជម្រាបថា ប្រទេសឡាវផលិតអគ្គិសនីប្រហែល ៧០% ពីវារីអគ្គិសនី ហើយហេដ្ឋារចនាសម្ព័ន្ធភាគច្រើនត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈប្រាក់កម្ចីពីបរទេស។ ប៉ុន្តែដោយសារប្រាក់គីបឡាវបន្តធ្លាក់ថ្លៃ ដូច្នេះការទូទាត់ថ្លៃសេវាបំណុលក៏បានកើនឡើង ដែលជំរុញឱ្យរដ្ឋាភិបាលឡាវផ្ទេរបន្ទុកនេះទៅកាន់អ្នកប្រើប្រាស់។ ប្រាក់គីបឡាវបានធ្លាក់ចុះជាង ១០% ពីមួយឆ្នាំនៅមួយឆ្នាំ ដោយ៥៣៨គីបឡាវ ស្មើនឹង ១០០រៀលកម្ពុជា ឬ ២១,៤៨៣គីប ស្មើនឹង ១ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕ ប្រភព ៖ Nation Thailand
ចែករំលែកព័តមាននេះ